ព្រះសង្ឃ​និង​​អ្នក​​ស្នាក់​​​នៅ​​វត្ត​​​ប្រមាណ​២​ម៉ឺន​​អង្គ/នាក់​នៅ​ភ្នំពេញ​​ ត្រូវ​​បាន​ធ្វើ​​តេស្ត​​​​​កូវីដ-១៩​

ក្រុមគ្រូពេទ្យបានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

អាជ្ញាធរនិងមន្ត្រីសុខាភិបាលសហការជាមួយ​មន្ទីរ​ធម្មការ​រាជធានីភ្នំពេញ ​បាន​ចុះ​យកសំណាក​​ព្រះ​សង្ឃនិង​​អ្នក​​ស្នាក់នៅក្នុង​​វត្ត​​​ប្រមាណ២​ម៉ឺន​អង្គ/​នាក់ ដើម្បីតេស្តរកវីរុស​កូវីដ-១៩ ក្រោយ​រកឃើញព្រះសង្ឃនិងអ្នកស្នាក់នៅវត្ត​មួយចំនួន​ឆ្លងជំងឺនេះ។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ លោក ទេព គង្គា ប្រាប់ ​វីអូឌី ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការចុះយកសំណាកព្រះសង្ឃនិងអ្នកកំពុងស្នាក់នៅតាមវត្តអារាមនានា​ក្នុងរាជធានីភ្នំពេញនៅ​ពេល​នេះ ធ្វើឡើង​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ រួមទាំងបង្ការនិងទប់​ស្កាត់​កុំ​ឱ្យ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។

លោកបន្តថា វត្តអារាម​ចំនួន១៥១​វត្ត ដែល​មាន​ព្រះស​ង្ឃនិង​អ្នកស្នាក់នៅប្រមាណ២ម៉ឺនអង្គ/​នាក់ ត្រូវ​បាន​អាជ្ញាធរ​សហការជាមួយមន្ត្រីសុខាភិបាល រួមជាមួយ​មន្ទីរ​ធម្មការ បាន​ចុះ​ធ្វើ​តេស្ត​យក​​សំណាកទាំងអស់ ប៉ុន្តែចំពោះលទ្ធផលយ៉ាងណា​​នោះ លោក​នៅមិនទាន់ដឹងនោះទេ។

លោក ទេព គង្គា បន្តទៀត​ថា សម្រាប់វត្តអារាមដែលបានធ្វើ​តេស្ត​​​រួច ហើយ​មិន​មាន​វិជ្ជមាន​កូវីដ-១៩​នោះ អាជ្ញាធរនៅមិនទាន់​ដឹង​ថា​ត្រូវ​អនុញ្ញាត​បើក​ឱ្យប្រជាពលរដ្ឋចេញចូលវត្ត​វិញឬបន្ត​បិ​ទ​នោះ​ទេ។ ប៉ុន្តែលោកថា ប្រជាពលរដ្ឋអាច​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃតាម​តំណាង​វេន​បិណ្ឌ​នីមួយៗបាន​។

លោកថា៖ «វាអាស្រ័យលើជំនាញ គឺជំនាញសុខាភិបាល!​ ចាំមើលពួកគាត់​គិតយ៉ាងម៉េច​ ពួកគាត់​មានជំនាញ​ខាង​ហ្នឹង។ ចំណែក​ខាង​មន្ទីរធម្មការយើង គឺរង់ចាំ​ការ​អនុញ្ញាតបើក​ឬបិទបន្ត​ គឺអាហ្នឹងអាស្រ័យទៅលើជំនាញ។ ​បើជំនាញវាយតម្លៃយល់ថាមិនសូវល្អ អាហ្នឹងយើង​ក៏ធ្វើតាមហ្នឹងទៀតទៅ ​ដើម្បីរក្សាការពារ ៣កុំ ៣ការពារ ដើម្បីរក្សា​សុវត្ថិភាព​រាជធានីភ្នំពេញ ទូទាំងប្រទេស និងពិភពលោក»។

ការចុះយកសំណាក​នេះ ធ្វើឡើងបន្ទាប់រកឃើញមានផ្ទុះជំងឺកូវីដ-១៩នៅតាម​វត្តអារាមមួយចំនួន ដូចជា ​វត្ត​ជំពុះ​ក្អែក​ និង​វត្ត​នាគ​វ័ន្ត ក្នុងឱកាសពិធី​បុណ្យកាន់បិណ្ឌ ២ថ្ងៃមកនេះ។

ព្រះតេជគុណ​ ថុល សុវណ្ណ គង់នៅវត្ត​ទួល​ទំពូង រាជធានីភ្នំពេញ ​មានសង្ឃដីកាថា​ រដ្ឋាភិបាលនិង​ស្ថាប័នពាក់ព័ន្ធគួរតែធ្វើការព្យាករមុនកម្មវិធី​បុណ្យ ជាជាងបើកហើយបិទវិញបែបនេះ។

ព្រះអង្គមានសង្ឃដីកាបន្ត​ថា​៖ «រដ្ឋាភិបាលដែលគាត់ប្រកាសឱ្យបិទវត្ត បញ្ឈប់សកម្មភាពពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ហ្នឹង វា​ជា​រឿង​មួយសម​ហេតុផល​ដែរ ប៉ុន្តែអាត្មាមាន​ទស្សនៈយល់ថា តាមពិតទៅរដ្ឋាភិបាល​គួ​រតែពិចារណា​មុន​នឹង​កម្មវិធី​មក​ដល់ ហើយ​គួរ​តែព្យាករ​ថា គួរតែឱ្យបើកកម្មវិធីបុណ្យភ្ជុំបិណ្ឌឬមិនគួរ​ឱ្យ​បើក មិន​គួរ​មក​បិទ​ពាក់​កណ្ដាល​ទី​ទេ គួរ​តែ​មាន​ចំណាត់​ការ​មុននឹងកម្មវិធីហ្នឹងមកដល់»។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយសម្រេច​​ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែ​កញ្ញា​ ស្អែក​នេះ។

ការ​ផ្អាក​នេះធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​សង្កេតឃើញ​ថា ក្នុង​រយៈ​ពេល​ពីរថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌនេះ មាន​ការ​ជួប​ជុំនិង​ប្រមូល​ផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដោយ​មិន​អនុវត្ត​បាន​ត្រឹម​ត្រូវតាមវិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល។

ករណីនេះ លោក​​ថា ការ​ជួបជុំនេះនឹងធ្វើឱ្យកម្ពុជាប្រឈមហានិភ័យខ្ពស់នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែង​ខ្លួន​ថ្មីប្រភេទ​ ដែល​តា (Delta) ដែលមាន​កម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស ខណៈជំងឺ​នេះកំពុង​ឆ្លង​នៅ​រាជ​ធានី​ភ្នំពេញ និងខេត្តនានារួចទៅហើយ។

​បើតាមក្រសួងសុខាភិបាល ​គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប​ចំនួន១០៧ ៤៤១នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩៩ ៦២៨នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ១៩៧​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៤៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ