កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពី «វិសោធនកម្ម ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិមានសញ្ជាតិខ្មែរតែមួយ» រួចហើយ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែតុលានេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅប៉ុន្មាននាទីមុននេះថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តនិងកែសម្រួលពាក្យពេចន៍មួយចំនួនលើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់អង្គការដែលចេញពីរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា ដោយកំណត់ថា ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ ភ្លាមៗ ក្រោយពីការប្រកាសនេះ ស្ថាប័នរដ្ឋនិងឯកជន បានចេញសេចក្ដីប្រកាសព័ត៌មាន និងញត្តិគាំទ្រយ៉ាងព្រោងព្រាត។
នៅក្នុងសេចក្ដីប្រកាសគាំទ្រមួយរបស់ក្រសួងយុត្តិធម៌បានលើកឡើងថា ការកំណត់បែបនេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ដែលឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិនិងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា៕