មន្ត្រីទូត​អង់គ្លេស​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss ធ្វើដំណើរមកដល់ព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បំណងពង្រឹងទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី។ (ធ្វីតទ័រ៖ Liz Truss)

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក​ស្រី មកកាន់តំបន់អាស៊ីអាគ្នេយ៍ ​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី Liz Truss ក៏នឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសថៃ និងឥណ្ឌូណេស៊ី ដើម្បីឆ្លុះបញ្ចាំងពី «កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូត» របស់ពួកគេ ខណៈដែលចក្រភពអង់គ្លេសកំពុងសម្លឹងមើលពីការពង្រឹងទំនាក់ទំនងជាមួយប្រជាជាតិនិងតំបន់នានាផ្សេងទៀតក្រៅពីអឺរ៉ុប ក្រោយការ​ចាកចេញ​របស់​ខ្លួនពី​សហគមន៍​អឺរ៉ុប (Brexit)។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះ ដែលបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ខ្ញុំចង់កំណត់ចក្រភពអង់គ្លេស​ជាកន្លែងដែលមានកំណើន​នាពេលអនាគត និងគិតអំពីដៃគូសំខាន់ៗរបស់យើង​ណាខ្លះសម្រាប់ឆ្នាំតទៅមុខទៀត»។

លោកស្រីបន្តថា៖ «តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក ហើយខ្ញុំចង់ឱ្យចក្រភពអង់គ្លេសក្លាយជាផ្នែកមួយនៅក្នុងនោះ ដោយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខរបស់យើងជាមួយតំបន់ ដើម្បីឆ្លុះបញ្ចាំង​ពីសារៈសំខាន់ដែលកំពុងតែកើនឡើង»។

ការិយាល័យរបស់លោកស្រីបន្ថែមថា លោកស្រី Liz Truss ក៏នឹងសម្លឹងមើលពីការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចូលទៅក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា លោកស្រី Liz Truss នឹងជួបជាមួយថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីការបរទេសនានាក្នុងប្រទេស​ម៉ាឡេស៊ី និងថៃ ជាមួយនឹងប្រធានបទសម្រាប់ពិភាក្សា រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគឌីជីថល និងបច្ចេកវិទ្យា ឱ្យកាន់តែស៊ីជម្រៅ និងកិច្ចសហការផ្នែកសន្តិសុខ។

ជាមួយគ្នានេះ លោកស្រីក៏នឹងជួបពិភាក្សាលើបញ្ហាគោលនយោបាយការបរទេស ដូចជា ករណីប្រទេសមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន ជាមួយសមភាគីឥណ្ឌូណេស៊ី ហើយស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធលើការប្រឆាំងភេរវកម្មនិងសន្តិសុខតាមអ៊ីនធឺណិតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ