មេធាវី​សង្ឃឹមថា​រឿងក្ដី​លោក កឹម សុខា នឹង​មាន​ដំណោះស្រាយ​ឆាប់ៗ ក្រោយ​តុលាការ​ចាប់ផ្ដើម​សវនាការ​ឡើងវិញ

លោក កឹម សុខា ក្រោយចេញពីសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (អ៊ូច សូនី)

សហមេធាវីការពារក្ដីឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិ បង្ហាញក្ដីសង្ឃឹមថា រឿងក្ដីលោក កឹម សុខា នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចបន្តសវនាការឡើងវិញនៅដើមឆ្នាំក្រោយ។

ក្នុងដីកាកោះហៅឱ្យចូលរួមសវនាការបន្តដែលចេញដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល កាលពីម្សិលមិញ ​តម្រូវឱ្យលោក កឹម សុខា ចូលរួមសវនាការក្នុងសំណុំរឿង «សន្និដ្ឋិភាពជាមួយបរទេស» នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ជាកំហិត។

បើតាមដីកាកោះហៅសរសេរថា៖ «ជនជាប់ចោទត្រូវចូលមកបង្ហាញខ្លួននៅចំពោះមុខតុលាការតាមដីកាកោះនេះឱ្យបានទាន់ពេលវេលាជាកំហិត»។

សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា សំណុំរឿងកូនក្ដីរបស់លោកជារឿងនយោបាយ មិនមែនជាការប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកបង្ហាញក្ដីសង្ឃឹមថា សំណុំរឿងនេះនឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ។

លោក៖ «យើងបានដឹងហើយ កន្លងមក ខ្មែរយើងធ្លាប់មាន​ជម្លោះប្រដាប់អាវុធ ហើយមាន​បង្ហូរឈាមវាងខ្មែរនិងខ្មែរ ក៏ប៉ុន្តែ​​ទីបំផុត ខ្មែរនៅតែជជែកគ្នា ​ខ្មែរនៅតែផ្សះផ្សាជាតិ​ បង្រួបបង្រួមជាតិ ក្រោមដំបូលតែមួយ រដ្ឋធម្មនុញ្ញ​តែមួយ អង្គព្រះមហាក្សត្រតែមួយ ​ដែលមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ជំហររបស់យើងអត់ប្រែប្រួលទេ គឺយើងចង់ឃើញ​តុលាការទម្លាក់ចោល​បទចោទប្រកាន់​លើកូនក្ដីយើងខ្ញុំ ដោយសារកូនក្ដីយើងខ្ញុំជាអ្នកនយោបាយ ដើម្បីផ្ដល់ឱកាស​ចូលរួមក្នុងការកសាងជាតិ ដើម្បីសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ​ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសជាតិ»។

ការចាប់ផ្ដើមបន្ត​សវនាការសំណុំរឿងអតីតប្រធានដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញនេះ ​ក្រោយពីតុលាការសម្រេចផ្អាក​រយៈពេលជិត២ឆ្នាំ ក្រោមហេតុផលការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។ យ៉ាងនេះក្ដី ក្នុងដីកាកោះរបស់លោក ប្លង់ សុផល មិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការបន្តសវនាការរឿងក្ដីលោក កឹម សុខា ឡើងវិញនៅខែមករា ខាងមុខនោះទេ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សំណុំរឿងលោក កឹម សុខា ត្រូវបានសហគមន៍ជាតិនិងអន្តរជាតិចាត់ទុកជារឿងនយោបាយនៅកម្ពុជា ដោយសារតែ នេះជាលើកទី១ហើយដែលមានមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាត្រូវបានចាប់ខ្លួននិងចោទប្រកាន់។

លោកបន្តថា ទោះបីជាលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ក៏ពិតមែន តំណាងស្ថានទូតផ្សេងៗប្រចាំកម្ពុជា រួមទាំងតំណាងសហរដ្ឋអាមេរិកដែលមកទស្សនកិច្ចនាពេលកន្លងមក ក៏បានចូលជួបលោក កឹម សុខា បន្ទាប់លោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

លោកថា៖ «បាទ! នេះវាជាសញ្ញាល្អមួយដែលនៅពេលដំណើរការ​នៅតុលាការ ហើយបើសិនជាមានការដោះស្រាយ​​ផ្នែកនយោបាយណាមួយទៅបាន​ ដើម្បីស្វែងរកការឯកភាពជាតិឡើងវិញ​ អ៊ីចឹងផ្នែកនយោបាយក៏អាចត្រូវ​ដោះស្រាយបញ្ចប់។ អ៊ីចឹងរឿងក៏អាចត្រូវបញ្ចប់ផង នេះបើសិនជាយើងមើលទៅសញ្ញា​ទិដ្ឋភាពទាំងអស់»។​​

ការប្រកាសបន្តសវនាការឡើងវិញលើសំណុំរឿងអតីតមេបក្សប្រឆាំងពេលនេះ កើតឡើងតែជាង១០ថ្ងៃប៉ុណ្ណោះក្រោយពេលលោក កឹម សុខា បានចេញមុខបញ្ជាក់ថា សម្ព័ន្ធភាពរវាងលោក និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយនោះទេ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក កឹម សុខា បញ្ចេញសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ​លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍និងស្មារតីដើមនៃការរួបរួម ហើយទៅបង្កើតចលនានយោបាយផ្សេងៗនិងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ បានត្រលប់ទៅគាំទ្រដោយចំហឬពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ «គណបក្សភ្លើងទៀន»។

លោក កឹម សុខា បញ្ជាក់ថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះមិនមានការគាំទ្រឬជាជំហររបស់ខ្ញុំឡើយ»។

បើទោះបីជាលោក សម រង្ស៊ី ចាត់ទុកការបញ្ចេញសារដ៏កម្ររបស់លោក កឹម សុខា នេះថាមិនអាចយកជាការបាន និងមានការគំរាមកំហែងពីលោក ហ៊ុន សែន ក្ដី ប៉ុន្តែសម្រាប់លោក កឹម សុខា កាលពីថ្ងៃទី១ ខែធ្នូ បានចេញមុខអះអាងថា លោកធ្វើអ្វីដែល​អាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់លោក។ បន្ថែមពីនេះ លោកមិនបានធ្វើតាមការគំរាមឬបង្ខំ​ពីសំណាក់ជនណាមួយនោះឡើយ ជាពិសេសអ្វីដែលលោកផ្សព្វផ្សាយក្នុងផេកឬទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការចាប់ផ្ដើមបើកសវនាការសំណុំរឿងលោក កឹម សុខា អាចជាសញ្ញាវិជ្ជមានខ្លះ ដោយដំណើរនីតិវិធីអាចលឿន ប៉ុន្តែបើតាមបរិបទនយោបាយបច្ចុប្បន្ន លោកថា សិទ្ធិសេរីភាពលោក កឹម សុខា មិនបានទាំងស្រុងទេ កាលណាបម្រាមនយោបាយ៥ឆ្នាំដែលតុលាការបានដាក់នោះមិនទាន់ផុត។

លោកបន្តថា ការបន្តចាប់ផ្ដើមសវនាការវិញនេះ មិនមែនដោយសារលោក កឹម សុខា ប្រកាសបែកបាក់លោក សម រង្ស៊ី នោះទេ ដោយថា ការប្រកាសនេះមិនអាចធ្វើឱ្យរដ្ឋាភិបាលនិងតុលាការជឿជាក់ ហើយបើកលំហសេរីភាពឱ្យលោកដែរ ប៉ុន្តែអាចបណ្ដាលមកពីឥទ្ធិពលសហគមន៍អន្តរជាតិ ខណៈកម្ពុជានឹងក្លាយជាម្ចាស់នៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ខាងមុននេះ។

លោកថា៖ «យន្តការសំខាន់ ឥទ្ធិពលអន្តរជាតិ ក្រមខណ្ឌអាស៊ាន ហើយនិងក្របខណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងអាមេរិកនិងអាស៊ាន ដែលកម្ពុជាជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ ដែលយើងអាចបើកបរិយាកាសនយោបាយឱ្យអន្តរជាតិមើលកម្ពុជាមានលំហប្រជាធិបតេយ្យ កុំឱ្យនៅក្នុងបន្ទប់មួយ កាលណាយើងបិទជិតឈឹង ស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាហាក់ដូចជាតឹងរ៉ឹងប្រហាក់ប្រហែលថៃនិងភូមាដែរ»។

គិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលប្រមាណ៤ឆ្នាំមកហើយដែលសិទ្ធិសេរីភាពធ្វើនយោបាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានបាត់បង់ទាំងស្រុង ក្រោយពេលលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅដាក់គុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។

ពីរខែក្រោយការចាប់ខ្លួនលោក កឹម សុខា ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយ «គណបក្សសង្រ្គោះជាតិ» ជាស្ថាពរ ខណៈគណបក្សប្រឆាំងធំមួយនេះមានសំឡេងអ្នកគាំទ្រប្រហាក់ប្រហែលគណបក្សកាន់អំណាចពេលនោះ។

ទាំងលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ចំនួន១១៧នាក់ផ្សេងទៀត ត្រូវបានតុលាការកំពូលដាក់បម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំតាំងពីពេលនោះមក ហើយតំណែងអតីតមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ព្រឹទ្ធសភា ក៏ត្រូវដកហូតយកទៅចែកគណបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតជូនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ