លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពន្លឿន​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទទួលយកវ៉ាក់សាំងចិនប្រភេទស៊ីណូហ្វាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងកម្ពុជានិងចិនធ្វើយ៉ាងណាពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាឱ្យបានឆាប់​ ដើម្បីកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនជាដើម។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ហ៊ុន សែន អះអាងនាឱកាសនោះថា នៅពេលបង្កើតរោងចក្រផលិតវ៉ាក់សាំង​បង្ការកូវីដ​-១៩នៅកម្ពុជាបាន នោះកម្ពុជាមិនលំបាកដឹកជញ្ជូនឆ្ងាយ​ទៀតទេ ពោលគឺគ្រាន់តែបញ្ជាទិញតែប៉ុណ្ណោះ។

លោកថា៖ «ប្រភព [វ៉ាក់សាំង] ដែលយើងនៅតែត្រូវការបន្ត គឺប្រភពយកមកពីចិន។ ហើយសូមឱ្យខិតខំរួមគ្នាជំរុញ ដើម្បីបង្កើតមូលដ្ឋានផលិតវ៉ាក់សាំងនៅកម្ពុជា ដែលយើង [កម្ពុជា និងចិន] បាននិយាយគ្នារួចហើយ។ ធ្វើអាហ្នឹងបាននៅកម្ពុជា បានសេចក្ដីថាពេលហ្នឹងគឺយើងមានរបស់ក្នុងដៃ»។

លោក ហ៊ុន សែន បន្តថា៖ «ពិតមែនតែយើងបញ្ជាទិញពីរោងចក្រផលិតនៅកម្ពុជា ក៏ប៉ុន្តែវាមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយមិនពិបាកក្នុងការដឹកជញ្ជូនពីចម្ងាយ ក្នុងការរក្សាទុក។ ទី១ គឺយើងត្រូវនាំចូលបន្ត ទាំងជំនួយឥតសំណង ទាំងការទិញ។ ទី២ ត្រូវបង្កើតនូវរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើង»។

អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បដិសេធបកស្រាយ​ពីព័ត៌មានពាក់ព័ន្ធទីតាំង ថវិកា និងដំណើរការនៃការដំឡើងរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយលោកលើកឡើងថា កំពុងរង់ចាំព័ត៌មានលម្អិតពីអ្នកជំនាញ។

យ៉ាងណា លោក គឹមចេង មានប្រសាសន៍ថា កន្លងទៅ ភាគីកម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀង​ជាមួយ​គ្នាយ៉ាងប្រញាប់រួចហើយដែរ។

លោកថា៖ «ហ្នឹងហើយរឿងកន្លងមក គឺដូចជាកាលហ្នឹងដូចប្រញេបប្រញាប់ក្នុងការចុះកិច្ចព្រមព្រៀង​អីហ្នឹង​​ ជាមួយស្ថានទូតចិន​អីហ្នឹង ក្រុមហ៊ុន[ចិន]អីហ្នឹង»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា បើសិនកម្ពុជាមានរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ នោះគឺជាមុខមាត់សម្រាប់ប្រទេស។ បន្ថែមពីនេះ លោកថា អាចជួយពលរដ្ឋឱ្យទទួលបានវ៉ាក់សាំងក្នុងតម្លៃថោក ព្រមទាំងអាចជួយសេដ្ឋកិច្ចកម្ពុជាបើវ៉ាក់សាំងផលិតបានច្រើន តាមរយៈការនាំចេញនូវវ៉ាក់សាំងទៅកាន់ប្រទេសដែលពុំមានរោងចក្រផលិត។

លោក គិមអេង មានប្រសាសន៍ថា៖ «អ៊ីចឹងអាហ្នឹង [ការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដនៅកម្ពុជា] ក៏ជារឿងសំខាន់ដែរ ដែលវាអាចឱ្យពលរដ្ឋទទួលបានតម្លៃ [វ៉ាក់សាំង] កាន់តែថោកផង ហើយក៏អាចវាជួយបង្កើនសេដ្ឋកិច្ច និងអាចបង្កើនការងារអីសម្រាប់ប្រជាជនដែរ។ បើសិនជាគេត្រូវការកម្មករនិយោជិតអីជាខ្មែរ ឬអ្នកជំនាញអីមួយចំនួនជាខ្មែរ គឺអាចនឹងមានផលប្រយោជន៍ដែរ»។

យ៉ាងណា លោកថា ចំណុចដែលកម្ពុជាគួរយកចិត្តទុកដាក់ គឺទាមទារឱ្យមានអ្នកបច្ចេកទេស ហើយប្រឹងធ្វើយ៉ាងណាគ្រប់គ្រងគុណភាពវ៉ាក់សាំង និងធ្វើយ៉ាងណាកុំឱ្យមានអំពើពុករលួយក្នុងរឿងនេះនៅគ្រប់ដំណាក់កាលទាំងអស់។

​កាលពីខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ​នឹងបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ «ស៊ីណូហ្វាម» របស់ប្រទេសចិននៅកម្ពុជា នាឆ្នាំ២០២២នេះ។

លោកបញ្ជាក់ពេលនោះថា ​រដ្ឋាភិបាលនិងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនបានគាំទ្រនិងយល់ព្រមផ្ដល់សិទ្ធិឱ្យកម្ពុជា​សាងសង់រោងចក្រផលិតវ៉ាក់សាំង​ ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិផលិ​តក៏បានចុះហត្ថលេខា​ព្រមព្រៀង​ហើយ​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ