លោក ស ខេង ស្នើ​គ្រប់​ភាគី​ចូលរួម​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​គ្រឿងញៀន​បំផ្លាញ​សុខភាព​សាធារណៈ​និង​សង្គម

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  អំពាវនាវទៅអង្គការសង្គមស៊ីវិលចូលរួមទប់ស្កាត់ដើម្បីកុំគ្រឿងញៀនបំផ្លាញសុខភាពសាធារណៈ និងសង្គមជាតិ ខណៈអ្នកជាប់ពន្ធនាគារជិត៤០ ០០០នាក់ ក្នុងនោះជាង២០ ០០០នាក់ហើយជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរម្លឹកទៅអាជ្ញាធរទាំងអស់ត្រូវបន្តទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យដូចទប់ស្កាត់កូវីដ-១៩ដែរ ដើម្បីរួមគ្នាការពារសុវត្ថិភាពសង្គម ដោយមិនត្រូវឱ្យគ្រឿងញៀនវាយលុកនិងបំផ្លាញសុខភាពសាធារណៈឡើយ។

លោក ស ខេង បានលើកឡើងថា បញ្ហាកូវីដ-១៩អាចនឹងបាត់ទៅវិញ តែបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀននេះ លោកថា ពិបាកនឹងបាត់ទៅវិញណាស់ ដោយសារបញ្ហានេះ វាជាប្រពៃណីដែលបានដឹងទាំងអស់​ទៅហើយ។ លោកបង្ហាញក្ដីបារម្ភថា បច្ចុប្បន្នគ្រឿងញៀនកំពុងវាយលុកនិងបំផ្លាញសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរ។ ករណីនេះ លោកស្នើទៅគ្រប់ភាគីទាំងអស់សហការគ្នា ដើម្បីការពារសង្គមជាតិ។

លោកថា៖ «សូមអំពាវនាវឱ្យមានការគាំទ្រផង ប៉ុន្មានថ្ងៃនេះ មានអ្នកព័ត៌មាន NGO អង្គការក្រៅរដ្ឋាភិបាលដៃគូ អ្នកដែលមានបំណងសូមមេត្តាចូលរួម។ ក៏ចង់បានដែរការរិះគន់ ការជូនមតិយោបល់ ក៏ប៉ុន្តែទន្ទឹមនេះ ក៏ចង់បានការចូលរួមជាក់ស្ដែងដែរ អាចជួយនិងធ្វើអីបាន មិនមែនមិនចង់បានមតិយោបល់មតិរិះគន់ទេ ប៉ុន្តែយើងចង់បានការចូលរួមជាក់ស្ដែង ជួយដោះស្រាយបញ្ហាសង្គមរបស់យើង កំពុងគិតពិចារណា ប៉ុន្តែខ្ញុំជឿថា វិធានការនេះអាចទៅរួច យើងអាចធ្វើបាន»។

លោក ស ខេង បញ្ជាក់ថា ក្នុងចំណោមអ្នកជាប់ពន្ធនាគារចំនួន៣៨ ០០០នាក់ ក្នុងនោះជាង២០ ០០០នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ឬស្មើនឹងជាង៥៤ភាគរយ (៥៤,៥២) ពាក់ព័ន្ធគ្រឿងញៀន ដែលបច្ចុប្បន្នបានធ្វើឱ្យពន្ធនាគារជួបបញ្ហា​ចង្អៀតណែន ដោយសារបញ្ហាគ្រឿងញៀននេះមានទាំងអ្នករកស៊ីនិងអ្នកជក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះលើកឡើងថា ក្រសួងនឹងរៀបចំស្ដារនីតិសម្បទាដោយការបន្សាបគ្រឿងញៀន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ។

លោកថា៖ «ខ្ញុំកំពុងរកវិធីដើម្បីបន្សាប មិនដឹងបន្សាបរបៀបម៉េចទេ យើងក៏មិនដឹងដែរ! យើងត្រូវតែមានវិធានការតាមរបៀបយើងដែលអាចធ្វើទៅបាន។ ឧទាហរណ៍យកទៅដាក់កន្លែងណាមួយ រួចឱ្យធ្វើការ ធ្វើពលកម្មជាប់តែម្ដង យ៉ាងហោចណាស់បានប៉ុណ្ណឹងដែរ យើងធ្វើកើត។ អាប្រើមេដាដុងអី យើងធ្លាប់ប្រើ​ ហើយនឹងបន្តប្រើទៅ ក្រៅពីហ្នឹង ប្រទេសនានាក៏ដូចយើងដែរ ឱ្យធ្វើការ ធ្វើពលកម្មដាំបន្លែ ហើយ៨ម៉ោងយ៉ាងហោចណាស់។ ធ្វើទៅ កំពុងសាកល្បងគិតរឿងហ្នឹង»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកសារអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងល្អ ប៉ុន្តែការទប់ស្កាត់គ្រឿងញៀនមានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធប្ដេជ្ញាចិត្តខ្ពស់។

លោកបន្តថា​ សង្គមស៊ីវិលនិងប្រជាពលរដ្ឋតែងតែចូលរួមទប់ស្កាត់និងបង្ការគ្រឿងញៀន តាមរយៈការអប់រំនិងការផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែបើក​ឱ្យមានសេរីភាពបញ្ចេញមតិ​ និងការពារចំពោះអ្នករាយការណ៍ ដោយគ្មានការគំរាមកំហែង រួមទាំងការប្ដឹងផ្ដល់ ទើបពួកគាត់ហ៊ានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច។

លោក យង់ គិមអេង បន្តថា បញ្ហាគ្រឿងញៀនបានបន្តវាយលុកខ្លាំង ដោយសារសមត្ថភាពនៃការទប់ស្កាត់របស់អាជ្ញាធរនៅមានកម្រិត​ ខណៈឈ្មួញជួញដូរគ្រឿងញៀនមានបច្ចេកទេសខ្ពស់ ហើយមធ្យោយបាយច្រើនជាងអាជ្ញាធរ ស្របពេលដែលពលរដ្ឋមិនទាន់កំណត់អំពីប្រភេទគ្រឿងញៀនបាននៅឡើយ។

លោកថា៖ «រឿងសំខាន់មួយទៀត ឧក្រិដ្ឋជនគ្រឿងញៀន គេបានដាក់គោលដៅក្រុមយុវជន។ ការដាក់គោលដៅទៅក្រុមយុវជនហ្នឹង ដែលធ្វើឱ្យក្រុមយុវជន​ជាអ្នកដែលរងគ្រោះផង ចែកចាយផង ឬគាត់ចាញ់បោកគេផង»។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​បញ្ជាផ្ទាល់មាត់ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធស្វែង​រក​អ្នក​ទទួល​ខុសត្រូវចំពោះការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុនមួយ​​នាំ​ចូល​សារធាតុផ្សំ​ជា​គ្រឿង​ញៀន​​ជាង១០០តោន​​ចូល​មកកម្ពុជា​

លោក ស ខេង​ ក៏បាន​ប្រាប់រដ្ឋមន្ត្រី​​​​​ក្រសួង​ពាក់ព័ន្ធ​ដែល​​ផ្ដល់​អាជ្ញាបណ្ណ​នាំសារធាតុ​ផលិត​គ្រឿងញៀន​​ចូល​កម្ពុជា​ មិន​ត្រូវ​មើលស្រាល​លើបញ្ហានេះឡើយ។​ បើពុំដូច្នេះទេ ​លោកថា រដ្ឋមន្ត្រី​រូបនោះ​នឹងជាប់​ជំពាក់​​នឹង​ការ​​បំផ្លាញ​​សុខភាព​សាធារណៈ​ និង​បំផ្លាញ​សេដ្ឋកិច្ច​សង្គម​ថែមទៀត។​

បើតាមអាជ្ញាធរគ្រឿងញៀនកម្ពុជា ធ្លាប់អះអាងប្រាប់វីអូឌីថា សារធាតុគីមីផ្សំជាគ្រឿងញៀនជាង១០០តោនដែល​កម្ពុជា​​បង្ក្រាប​បាន​ ត្រូវបាននាំចូល​ដោយ​​ក្រុមហ៊ុនចិន​ដែលទទួលបាន​អាជ្ញាបណ្ណនាំចូលមុខទំនិញចំនួន៤មុខ ប៉ុន្តែក្រុមហ៊ុននេះបាននាំចូលដល់ទៅ៨មុខ។

តែមកដល់ពេលនេះ មិនមានការឆ្លើយបំភ្លឺពីស្ថាប័នពាក់ព័ន្ធនៅឡើយ ជុំវិញការអនុញ្ញាតឱ្យនាំចូលសារធាតុគីមីផ្សំស្របច្បាប់ និងនាំចូលសារធាតុគីមីលើសពីអាជ្ញាបណ្ណក្រសួងផ្ដល់ឱ្យនោះទេ។ យោង​តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋ​ជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ