លោក ស ខេង បញ្ជា​ឱ្យ​ការពារ​សុវត្ថិភាព​មន្ត្រីទូត​និង​បណ្ដា​ស្ថានទូត​នៅ​កម្ពុជា ក្រោយ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែង​ក្រើនរម្លឹកឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង​ការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាង ព្រមទាំងមន្ត្រីទូតនៅកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ខណៈស្ថានភាពសង្រ្គាមរវាងរុស្ស៊ីនៅប្រទេសអ៊ុយក្រែនកាន់តែអាក្រក់។ 

ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់រដ្ឋ​បាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ លោក ស ខេង ​មានប្រសាសន៍ថា អាជ្ញាធរនិងកងកម្លាំងទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីធានា​សុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាងដែលមានការពាក់ព័ន្ធ ព្រមទាំងនិវេសនដ្ឋាន ឬទីស្នាក់នៅរបស់មន្ត្រីទូត​ក្នុង​ប្រទេសកម្ពុជាឱ្យបានម៉ត់ចត់។   

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្ត​ថា៖ «យើងមិនត្រូវមើលស្រាលចំពោះជនឱកាសនិយមឬឧក្រិដ្ឋជនដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះធ្វើឱ្យមានបញ្ហាដល់ស្ថានទូត ឬស្ថានតំណាង ឬក៏បុគ្គលិក មន្ត្រីស្ថានទូត ស្ថានតំណាងទាំងនេះ ហើយជាបញ្ហាដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីការពារសុវត្ថិភាព»។  

ជាមួយគ្នានេះ លោកថា ការបន្ត​ពង្រីកការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានកាន់តែមានភាពជាក់ស្ដែងនិងប្រសិទ្ធភាព​ ដែលជាភារកិច្ចដ៏សំខាន់និងចាំបាច់ត្រូវយកចិត្តទុកដាក់។ លោកបន្តថា គោលនយោបាយនេះ វាទាក់ទងដោយផ្ទាល់ចំពោះបញ្ហាសន្តិសុខនៅមូលដ្ឋាន ចំពោះជីវភាពរស់នៅរបស់ពលរដ្ឋ​ផ្ទាល់តែម្តង។  

លោកអះអាងថា៖ «ខ្ញុំជឿជាក់ថា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយរដ្ឋបាលរាជធានីភ្នំពេញ ឬក៏ដោយស្ថាប័នដែលមានការពាក់ព័ន្ធ គឺពិតជាផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ សង្រ្គាម​ដែលក្រុមប្រទេសលោកសេរីហៅថាជាការឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ីនៅលើប្រទេសអ៊ុយក្រែននោះ បានកើតឡើងប្រមាណសប្ដាហ៍មកហើយ ដែលបណ្ដាលឱ្យមនុស្សជាច្រើនស្លាប់និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋអ៊ុយក្រែនរាប់សែននាក់ទៀតកំពុងរត់ភៀសខ្លួន។

ផ្អែកតាមលទ្ធផលបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ​បង្ហាញថា កម្ពុជា រួមទាំងប្រទេសចំនួន១៤០ផ្សេងទៀត បានសម្រេចបោះឆ្នោតគាំទ្រលើដីកាដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានឈ្មោះថា «ការរួបរួមដើម្បីសន្តិភាព»

ដីកាស្ដីពីដំណោះស្រាយនេះបានទទូចទាមទារឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កងកម្លាំងប្រឆាំង​ប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ រុស្ស៊ីត្រូវតែដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ