ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានឱ្យដឹងថា ស្ត្រីជនជាតិថៃមួយរូបដែលត្រូវបានជួយសង្គ្រោះចេញពីការធ្វើជាទាសករក្នុងប្រទេសកម្ពុជា ត្រូវបានគេបូមឈាមយកទៅលក់ពី៣ទៅ៤កំប្លោក។ នេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។
ទោះជាយ៉ាងណា សមត្ថកិច្ចកម្ពុជាបានច្រានចោលករណីនេះ ដោយបានចាត់ទុកថាជារឿងដ៏គួរឱ្យអស់សំណើចមួយ។
អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថា ការបង្ខាំងមនុស្សដើម្បីធ្វើជាទាសករលក់ឈាមនៅក្នុងខេត្តព្រះសីហនុ គឺជាការប្រតិដ្ឋព័ត៌មាន ខណៈដែលមានមនុស្សចំនួន៤នាក់ក៏ត្រូវបានចោទប្រកាន់ដោយសាលាដំបូងខេត្តព្រះសីហនុ ទាក់ទងនឹងបទ«ញុះញង់»ផងដែរ។
យោងតាមសារព័ត៌មាន Thaiger បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែធ្វើការព្រមានដល់ជនជាតិថៃទាំងឡាយទាក់ទងទៅនឹងការធ្វើការងារនៅក្រៅប្រទេស ដោយថា ពួកគេមិនត្រឹមតែប្រឈមនឹងការបង្ខាំងនោះទេ ប៉ុន្តែថែមទាំងធ្លាក់ក្នុងប្រតិបត្តិការឆបោកខុសច្បាប់ផងដែរ ខណៈដែលសកម្មភាពនៃការជួញដូរសរីរាង្គ រួមមាន ការយកក្រលៀន ថ្លើម និងភ្នែក បន្ទាប់ពីការបូមឈាម»។
គួរបញ្ជាក់ថា ជនជាតិថៃចំនួន៨រូបត្រូវបានបញ្ជូនត្រឡប់ចេញពីប្រទេសកម្ពុជាកាលពីថ្ងៃពុធកន្លងទៅ ដែលក្នុងចំណោមពួកគេទាំងនោះ រួមជនរងគ្រោះមួយរូបដែលថ្លែងថា ខ្លួនត្រូវបានគេបូមឈាមយកទៅលក់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Thaiger, Thai PBS World និងភ្នាក់ងារសារព័ត៌មានរដ្ឋ MCOT។
សារព័ត៌មាន Thaiger ខាងលើក៏បានស្រង់សម្ដីលោក សុរាជិត ហាក់ផន ដែលបានលើកឡើងថា ស្ត្រីជាជនរងគ្រោះរូបនោះត្រូវបានបញ្ចុះបញ្ចូលឱ្យមកធ្វើការក្នុងប្រទេសកម្ពុជា ហើយរងនូវការវាយប្រហារ ឃាត់ខ្លួន និងបង្អត់អាហារ បន្ទាប់ពីខ្លួនបដិសេធមិនព្រមធ្វើការងារ។
ប្រភពដដែលបន្តថា បន្ទាប់ពីមិនអាចគេចខ្លួនចេញបាន ស្ត្រីដដែលនេះត្រូវបានគេនាំទៅកាន់ទីតាំងផ្សេងទៀត ហើយដាក់នៅក្នុងបន្ទប់មួយដែលមានឧបករណ៍វះកាត់ និងត្រូវបានគេយកឈាមពី៣ទៅ៤កំប្លោក មុនពេលដែលស្រ្តីរូបនោះត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងក្រុងប៉ោយប៉ែត។
ជាមួយគ្នានេះ សារព័ត៌មាន Thai PBS World ក៏បានរាយការណ៍ថា៖ «តាមរយៈការត្រួតពិនិត្យសារក្នុងបណ្ដាញសង្គម Line របស់ក្រុមជួញដូរសរីរាង្គចិន សមត្ថកិច្ចបានរកឃើញថា ពួកគេទាំងនេះផ្ដោតលើជនរងគ្រោះមួយចំនួនក្នុងការយកក្រលៀន ភ្នែក និងថ្លើម សម្រាប់ដាក់លក់នៅលើទីផ្សារងងឹត»។
យោងតាមភ្នាក់ងារព័ត៌មានថៃក៏បានបញ្ជាក់ឱ្យដឹងដែរថា ករណីនេះគឺកើតឡើងនៅក្នុងខេត្តព្រះសីហនុ។
ទោះជាយ៉ាងណា ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានធ្វើការច្រានចោលនូវការលើកឡើងនេះ ដោយថា៖ «វាគឺជារឿងដ៏គួរឱ្យអស់សំណើចសម្រាប់ខ្ញុំ។ គ្មានករណីនេះកើតឡើងនោះទេ ហើយប្រសិនបើមានពិតមែន សូមឱ្យស្រ្តីរូបនេះរាយការណ៍មកកាន់សមត្ថកិច្ច។ ប៉ុន្តែករណីបែបនេះ វាមិនអាចកើតឡើងនោះទេ»។
ស្នងការនគរបាលដដែលក៏បានលើកឡើងពីករណីនេះ ដែលធ្លាប់ត្រូវបានបញ្ជាក់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិថាជាការប្រតិដ្ឋព័ត៌មានផងដែរ។
លោក ជួន ណារិន បន្ថែមថា៖ «គាត់ភ្លេចហើយថាករណីនេះបានបំផ្លាញប្រទេសជាតិយើងយ៉ាងដូចម្ដេចខ្លះ។ ប្រទេសណាក៏ដោយ នៅពេលដែលមានការប្រតិដ្ឋព័ត៌មានបែបនេះ សួរថាតើយើងអាចទទួលយកបានឬយ៉ាងណាក្នុងនាមយើងជាសមត្ថកិច្ច។ ខ្ញុំពិតជាមិនអាចទទួលយកបានទេ»។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ឱ្យដឹងទៀតថា ប្រតិបត្តិការដែលលើកឡើងនេះមិនមែនជាការជួយសង្គ្រោះនោះទេ។
លោកបន្តថា ជនជាតិថៃទាំង៨នាក់ដែលត្រូវបានបញ្ជូនចេញទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់សុទ្ធសាធ។
លោកថា៖ «ពួកគេបានមកធ្វើការងារដោយស្ម័គ្រចិត្ត ហើយនៅពេលដែលត្រូវចាកចេញទៅវិញ ពួកគេស្នើឱ្យយើងជួយបញ្ជូនពួកគេចេញ។ វាគ្មានអ្វីជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនឬចាប់ជំរិតនោះទេ។ យើងបានចាប់បញ្ជូនប្រជាជនថៃរាប់រយនាក់ ហើយភាគច្រើនមិនពាក់ព័ន្ធនឹងអំពើហិង្សាឬការបង្ខំនោះទេ»។
ទាក់ទិនករណីនេះ លោក ជួន ណារិន បន្ថែមថា លោកក៏ចង់ធ្វើការសាកសួរជនរងគ្រោះជនជាតិថៃរូបនេះ ដែលអះអាងថាខ្លួនត្រូវបានគេបូមឈាមដោយផ្ទាល់។
លោកថា៖ «បើសិនជាបុគ្គលណាមួយជួបករណីនេះ សូមពួកគេមកជួបខ្ញុំផ្ទាល់ ២៤ម៉ោង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ»៕
បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Thai Police Tell of Another ‘Blood Slave’ Case in Cambodia