ថ្នាក់​ដឹក​នាំ​សហជីព​ណា​ហ្គា​វើលដ៍​៨​នាក់​ត្រូវ​បាន​ដោះលែង​ ខណៈ​៣​នាក់ទៀត​បន្ត​ជាប់​ឃុំ​នៅ​ឡើយ

អង្គការលីកាធ្វើយុទ្ធនាការរាប់ចំនួនថ្ងៃនៃការជាប់ឃុំ និងទាមទារដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ទាំង ១១នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក អង្គការលីកាដូ)

មន្ត្រីសង្គមស៊ីវិលដែលតាមដានករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំសហជីព​ក្រុមហ៊ុន​ល្បែងមួយនេះចំនួន ៨នាក់ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយនៅយប់ថ្ងៃចន្ទនេះ។

ការដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំង៨រូបនោះ ក្រោយមានការផ្សព្វផ្សាយនូវលិខិតដែលអះអាងថាជារបស់ពួកគេដោយបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ​ស្របតាមច្បាប់។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ប្រាប់វីអូឌីនៅយប់ថ្ងៃចន្ទនេះថា ថ្នាក់ដឹកនាំសហជីពទាំង៨នាក់​ដែលជាប់ចោទពីបទញុះញង់នោះ ត្រូវបានដោះលែងចេញពីពន្ធនាគារវិញហើយ ប៉ុន្តែសមាជិកសហជីព ៣នាក់ទៀត ដែលជាប់ចោទពីបទល្មើស​ច្បាប់កូវីដ-១៩ និងកំពុងជាប់ឃុំនៅ​ពន្ធនាគាររាជធានីភ្នំពេញឬ PJ  មិនទាន់ដោះលែងនៅឡើយទេ។

លោកបន្តថា ការដោះលែងថ្នាក់ដឹកនាំសហជីពទាំង៨នាក់នេះ ជាសេនារីយូមួយចង់បន្ធូបន្ធយបញ្ហាដែលកើតឡើង ហើយចង់ឱ្យតំណាងទាំង៨នាក់នោះចូលតុចរចាដើម្បីបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយកូដករ។ ប៉ុន្តែលោកថា ប្រសិនបើដោះលែងតែ៨នាក់ ខណៈ៣នាក់ទៀតបន្តជាប់ឃុំដដែលនោះនឹងមិនអាចបញ្ចប់វិវាទការងារមួយនេះបាន​ឡើយ។

លោក អំ សំអាត មានប្រសាសន៍ថា៖ ​ អីចឹងបានជាខ្ញុំយល់ថា ​៣នាក់ទៀតនឹងធ្វើការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នដូចគ្នា ប៉ុន្តែមិនដឹងថាស្អែកឬពេលណា? បើសិនជាមិនដោះទេ  កូដករច្បាស់ជាមិនព្រមទេ ច្បាស់ជានឹងធ្វើកូដកម្មបន្តដើម្បីទាមទារឱ្យមានការដោះលែងហើយ។ អីចឹងបញ្ហាទាំងអស់នេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិល យើងបានទទូចយូរហើយ ថាសុំឱ្យដោះលែងអ្នកទាំង១១នាក់នេះ ដោយឥតលក្ខខណ្ឌឬក៏ទម្លាក់បទចោទទៅលើអ្នក១១នាក់នេះដោយឥតលក្ខខណ្ឌ ហើយវិលទៅដោះស្រាយដោយសន្តិវិធីតាមការចរចាដើម្បីបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍និងបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្ម។ អានេះ វាជាដំណោះស្រាយដ៏ល្អ។ តែនេះយើងឃើញថា ជាការដោះលែងពួកគាត់នៅក្រៅឃុំបណ្តោះអាសន្នទេ។ អីចឹងពួកគាត់ស្ថិតនៅក្នុងគំនាបនៃប្រព័ន្ធយុត្ថាធិការ ប្រព័ន្ធតុលាការនៅឡើយទេ ដោយមិនទាន់ទម្លាក់ចោលបទចោទប្រកាន់​។ អីចឹងគាត់ក៏នៅមានគំនាបតាមផ្លូវតុលាការផងដែរ បាទ»។

ក្នុងលិខិតចំនួន៨ដាច់ដោយឡែកពីគ្នា ប៉ុន្តែចុះកាលបរិច្ឆេទថ្ងៃទី១២ ខែមីនា និងមានអត្ថន័យដូចៗគ្នានោះ  បញ្ជាក់ថា អ្នកទាំង៨នាក់នោះ​ជាស្រី៧នាក់ និងប្រុសម្នាក់ រួមមាន ឈ្មោះ ឈឹម ស៊ីថរ, ឈ្មោះ រី សុវណ្ណឌី, ឈ្មោះ សុន ស្រីពេជ្រ, ឈ្មោះ ហៃ សុភាព, ឈ្មោះ ទូច សិរីមាស, ឈ្មោះ ឃ្លាំង សុបិន្ត, ឈ្មោះ ឈឹម សុខន, និងឈ្មោះ សុខ ណារិទ្ធ។

នៅក្នុងលិខិត​នោះបានបញ្ជាក់ថា ​ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

បន្ថែមពីនេះ ​បុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសល្អ​សម្រាប់​ការចរចា​។

លើសពីនេះទៀត ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូម​ក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។

ជាមួយនឹងការស្នើសុំបាននៅក្រៅឃុំបណ្តោះអាសន្ន ក្នុងលិខិតដដែលនោះ ពួកគេក៏បានសន្យាថា មិន​តវ៉ាដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ។ ​

ជាសកម្មជនសហជីព និងជាបុគ្គលិកណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ស្នើឱ្យមានការដោះលែងបុគ្គលិកណាហ្គាវើលដ៍៣នាក់ទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញដោយឥតលក្ខខណ្ឌ។

យ៉ាងណា កញ្ញាបញ្ជាក់ជំហរថា កូដករនឹងបន្តធ្វើកូដកម្ម ប្រសិនបើវិវាទការងារជាមួយក្រុមហ៊ុនល្បែងមួយនេះ គ្មានដំណោះស្រាយសម្រាប់ពួកគាត់។

កញ្ញា ជឹម រដ្ឋា បន្តថា៖ «ហើយសម្រាប់ការធ្វើកូដកម្មគឺពួកខ្ញុំនឹងនៅតែធ្វើ ប្រសិនបើគ្មានដំណោះស្រាយ ប្រសិនជាមិនទទួលយក៣៦៥នាក់ ឱ្យចូលធ្វើការងារវិញ ហើយមិនចូលតុចរចាឱ្យមានតម្លាភាព ហើយមិនដោះស្រាយវិវាទការងារហ្នឹងឱ្យចប់ទេ គឺពួកខ្ញុំនឹងបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយដែលពួកខ្ញុំអាចទទួលយកបាន»។

ការសម្រេចដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំង ៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២​។

ជាមួយគ្នានេះ លោក ស ខេង ក៏បានជំរុញទៅភាគីពាក់ព័ន្ធម្តងជាពីរដង ឱ្យពន្លឿនការដោះស្រាយវិវាទក្រុមហ៊ុនល្បែងមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវិវាទនៅតែបន្តអូសបន្លាយ ហើយការចាប់ខ្លួនកូដករក៏នៅតែបន្តកើតមាន។

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេលជិត១ឆ្នាំមកហើយ។ ការអូសបន្លាយនេះ ឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីព ១១នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមកដោយចោទពីបទញុះញង់ និងល្មើសច្បាប់កូវីដ-១៩  ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិស្របច្បាប់ ធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករនិងសហជីព។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជា ត្រូវចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩បន្តទៀត៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ