តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​អ្នក​កាសែត​​ម្នាក់​​ឱ្យ​ចូល​បំភ្លឺ​​រឿង​បរិហារ​កេរ្តិ៍ ​​ក្រោយ​ផ្សាយ​រឿង​ដឹក​ឈើ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលីបួងសួង រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណរូបសំណាកលោកតាដំបងគ្រញូង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ (រដ្ឋបាលខេត្តបាត់ដំបង)

សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅអ្នកកាសែតម្នាក់ឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត ក្រោយអ្នកកាសែតរូបនោះបានផ្សាយផ្ទាល់ពីសកម្មភាពដឹកជញ្ជូនឈើដែលអះអាងថា ជារបស់ឈ្មួញម្នាក់ក្នុងខេត្តនេះ។

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងឈ្មោះ សេង ផានិត បានចេញដីការកោះហៅអ្នកកាសែត នៃទូរទស្សន៍អនឡាញអ៊ិលអេសអ៊ិន(LSN) លោក លឹម ផល្លី ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ ខែមីនានេះ តាមបណ្តឹងឈ្មោះ ហេង វណ្ណដា ជុំវិញបទបរិហាកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

លោក លឹម ផល្លី អះអាងថា ការប្តឹងលោកនេះ កើតឡើងបន្ទាប់ពីលោកបាន​ផ្សាយផ្ទាល់អំពីការដឹកជញ្ជូនឈើ​ ​នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដែលលោកអះអាងថាជា​អាជីវកម្មរបស់ លោក ហេង វណ្ណដា។

លោកបញ្ជាក់ថា នឹងចូលបំភ្លឺតាមដីកាកោះរបស់តុលាការ។

លោក លឹម ផល្លី មានប្រសាសន៍ថា«ខ្ញុំមានតែចូលខ្លួនបកស្រាយ ព្រោះការផ្សាយរបស់ខ្ញុំគឺខ្ញុំផ្សាយអំពីការរ៉ៃរបស់គាត់ ពិតថាគាត់មានច្បាប់មែនតែឈើរបស់គាត់ជាប្រភេទឈើព្រៃដូចជា បែង ធ្នុង សុក្រំ»។ 

លោក លឹម ផល្លី  បន្តថា«អ៊ីចឹងសូមឱ្យខាងប្រព័ន្ធច្បាប់ជួយសើបអង្កេតបន្តិចផងទៅ ព្រោះខ្ញុំក៏រងនូវសម្ពាធផ្លូវចិត្តដែរ ការប្តឹងនេះខ្ញុំខូចចិត្តខ្លាំងមែនទែន»។

លោក ផល្លី បញ្ជាក់ថា លោកចាប់ផ្តើមក្នុងវិស័យសារព័ត៌មានតាំងពីឆ្នាំ ២០១៨មកម្លេះ តែនេះជាលើកទីមួយរបស់លោកដែលទទួលការរងពាក្យបណ្តឹងបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ