ជនជាតិដើមភាគតិច​នៅ​ខេត្តរតនគិរី ចោទ​អាជ្ញាធរ​ថា​គប់គិត​គ្នា​លក់​ដីព្រៃ​របស់​រដ្ឋ​ឱ្យ​ឈ្មួញ

សកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃ ដែលពលរដ្ឋអះអាងថាបានរំលោភលើដីព្រៃសហគមន៍ជនជាតិដើមភាគតិច ស្រុកលំផាត់ ខេត្តរតនគិរី។ (ផ្ដល់ឱ្យ)

​​ជនជាតិដើមភាគតិចទំពូន នៅស្រុកលំផាត់ ខេត្តរតនគិរី ចោទអាជ្ញាធរមូលដ្ឋាន​ថាបានគប់គិតគ្នាលួចលក់ដីព្រៃរបស់រដ្ឋឱ្យឈ្មួញ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួននិងបក្ខពួក។

ជនជាតិដើមភាគតិចទំពូននៅស្រុកលំផាត់ លោក ខាំ នីន អះអាងថា អាជ្ញាធរភូមិនិងឃុំបានគប់គិតគ្នាលក់ដីព្រៃរដ្ឋមួយកន្លែង ស្ថិតនៅតំបន់បឹងម្មេង ក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ទៅឱ្យឈ្មួញកណ្ដាល​ធ្វើការឈូសឆាយ។ លោក​​បន្តថា ដីព្រៃនៅសហគមន៍ភូមិកែងសាន់មានទំហំប្រមាណ១០០ហិក​តា​ ប៉ុន្តែត្រូវបានឈ្មួញដាក់គ្រឿងចក្រឈូសឆាយជាង១ខែនេះ អស់ប្រហែល​២០ហិកតា ដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគេមិនហ៊ានតវ៉ាទេ ព្រោះដីហ្នឹង អាជ្ញាធរគេគប់គិតគ្នា។ ខ្ញុំមានទាំងលិខិតអាជ្ញាធរគេផ្ទេរសិទ្ធិឱ្យឈ្មួញកណ្ដាលទៀត។ លិខិតផ្ទេរសិទ្ធិហ្នឹង គេធ្វើតាំងពីឆ្នាំ២០១៩ ប៉ុន្តែគេទើបធ្វើសកម្ម​ភាពឈូសឆាយនៅដើមខែ៣[មីនា]នេះទេ»

ជនជាតិដើមភាគតិចទំពូននៅភូមិកែងសាន់​ម្នាក់ទៀតដែលសុំមិនបញ្ចេញ​ឈ្មោះ ​ដោយសារ​បារម្ភពីសុវត្ថិភាព បាននិយាយថា ករណីអាជ្ញាធរមូលដ្ឋានគប់គិតគ្នាលួចលក់ដីព្រៃរបស់រដ្ឋ និងសកម្មភាពឈ្មួញដាក់គ្រឿងចក្រឈូសឆាយដីព្រៃនេះ គឺពលរដ្ឋក្នុងសហគមន៍មិនហ៊ានរាយការណ៍ឬតវ៉ានោះទេ ដោយពួកគេបារម្ភពីសុវត្ថិ​ភាព ក្រោយ​អាជ្ញាធរ​បាន​គំរាមប្ដឹងទៅតុលាការ។

បុរស​រូបនេះបានអំពាវនាវ​ដល់អាជ្ញាធរថ្នាក់លើចុះស៊ើបអង្កេត និងចាត់វិធានការលើអ្នកពាក់ព័ន្ធទៅតាមផ្លូវច្បាប់ ដើម្បីរក្សាដីព្រៃនោះទុកជាប្រយោជន៍​សម្រាប់កូនចៅជំនាន់ក្រោយ។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យរក្សាដីព្រៃហ្នឹងទុក ព្រោះនៅក្នុងភូមិកែងសាន់នេះ​សល់ព្រៃបន្តិចហ្នឹងហើយសម្រាប់កូនចៅជំនាន់ក្រោយ។ ឥលូវនេះ ភ្នំក៏អស់ ដី​ក៏អស់ដែរ។ យើងគ្មានដីព្រៃទុកជាសម្បត្តិរួមសម្រាប់​សហគមន៍ទេ។ ដល់ឃើញគេឈូសឆាយអស់អ៊ីចឹង​ ខ្ញុំស្ដាយព្រៃណាស់»

វីអូឌី មិនអាចសុំការឆ្លើយតបពី​មេឃុំសេដា​ លោក អង់ ប៊ុនថៀង បានទេ ពាក់ព័ន្ធការចោទប្រកាន់នេះ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តរតនគិរី លោក សយ សូណា មានប្រសាសន៍ថា លោកមិនទាន់​បានដឹងរឿងនេះទេ។ ប៉ុន្តែលោកថា ដីព្រៃនៅតំបន់ភូមិកែងសាន់ ឃុំ​សេដានោះ ស្ថិតក្រោមការគ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន។

ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន្ទ មាន​ប្រសាសន៍​ថា លោក​មិនទានទាន់ទទួលបានព័ត៌មានពាក់ព័ន្ធករណីឈូសឆាយដីព្រៃនេះនៅឡើយទេ ប៉ុន្តែលោកថានឹងឱ្យមន្ត្រីចុះទៅ​ពិនិត្យ។

លោកបន្ថែមថា៖ «ចាំខ្ញុំឱ្យមន្ត្រីខ្ញុំចុះទៅពិនិត្យមើលថាមានករណីហ្នឹងមែនអត់! ហើយបើមានមែន យើងធ្វើការ​បង្ក្រាប​ហើយ យើងមិនទៅទុកនោះទេ»

អ្នក​សម្រប​សម្រួលស​មាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា តាមការស៊ើបអង្កេតរបស់សមាគម​អាដ​ហុក ករណី​គប់គិតគ្នាលួចដីព្រៃរបស់រដ្ឋនៅក្នុងឃុំសេដានេះ មិន​មែន​ទើប​តែកើតឡើងនោះទេ។ លោកថា បញ្ហានេះបានកើតឡើងតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន​ ហើយប្រជាសហគមន៍បានដាក់បណ្ដឹងទៅតុលាការជិត១០ករណីដែរ ប៉ុន្តែមិនត្រូវបានតុលាការចាត់វិធាន​ការលើ​ជនល្មើសតាមផ្លូវច្បាប់ឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ផ្ទុយទៅវិញ អាជ្ញាធរបែរជាប្ដឹងប្រជាសហគមន៍ដែលការពារដីព្រៃរបស់រដ្ឋ ឬ​អ្នក​​រាយ​ការណ៍​បទល្មើសទៅតុលាការវិញ។ លោកថា សកម្មភាពគប់គិតគ្នារំលោភយកដីព្រៃបានផ្ទុះឡើងខ្លាំង ក្រោយ​ពីសកម្មជនព្រៃឈើនិងដីធ្លីនៅខេត្តរតនគិរី លោក ឆន ផល្លា ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១។

លោកបន្ថែមថា៖ «ខ្ញុំយល់ឃើញថា ប្រសិនបើចំណាត់ការច្បាប់មិនមានតម្លាភាព ឬមិនផ្ដទ្ទាទោសចំពោះជនល្មើសដែលប្រព្រឹត្តផ្ទាល់ឬជនល្មើសពិតប្រាកដទេ ការកាប់ព្រៃ ការរំលោភយកដីព្រៃនៅក្នុងសហគមន៍ទាំង​អស់​ហ្នឹង គឺមិនអាចទប់ស្កាត់បានទេ។ ការដែលតុលាការចាត់ការទៅលើបុគ្គលដែលជាអ្នកការពារ​ទៅវិញនោះ វារឹតតែធ្វើឱ្យជនល្មើសបានដៃ រឹតតែកាប់បំផ្លាញទៀតទៅវិញទេ»

លោក ឌិន ខន្នី ឱ្យដឹង​ទៀត​ថា លោក ឆន ផល្លា ជាសកម្មជនការពារ​ព្រៃ​ឈើ និង​ធន​ធាន​ធម្មជាតិជា​ង​១០ឆ្នាំ​មក​ហើយ​ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ហើយ​ត្រូវបានតុលាការសម្រេចឃុំខ្លួនគាត់​​នៅពន្ធនាគារ​​ខេត្ត​ ក្រោម​បទ​​ចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ក្រោយពីសកម្មជនរូបនេះសកម្មក្នុងការរាយការណ៍និងប្ដឹងអាជ្ញាធរទៅតុលាការ ពាក់ព័ន្ធការគប់គិតគ្នាលួចលក់ដីព្រៃរបស់រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ