សង្គមស៊ីវិល​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​កូដករ​ណាហ្គា និង​ចាត់​វិធានការ​ដោះស្រាយ​វិវាទ​នេះ

អង្គការសង្គមស៊ីវិលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សង្គម​​ស៊ីវិលនិងសហគមន៍ជាង​៧០​ ស្នើរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួននិងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពនិងកូដករណាហ្គាវើលដ៍ ​ព្រម​ទាំង​​ចាត់​វិធានការ​​ច្បាស់លាស់​​ដោះ​ស្រាយ​​វិវាទ​ការ​ងារនេះ​​ ដែល​​រួម​មាន​ទាំង​​ការ​ធានា​ឱ្យ​​ក្រុម​ហ៊ុន​ចូល​រួម​ចរចា​​ដោយ​ភាព​ស្មោះ​ត្រង់​ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។

ការស្នើ​នេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម​​របស់ក្រុមអង្គការ​សង្គម​ស៊ីវិល និងសហគមន៍ចំនួន៧២​ ស្ដីពី «ការបញ្ឈប់​ការ​បង្ក្រាប​កាន់តែខ្លាំងឡើងៗទៅលើកូដករ» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។ អង្គការ​ សមាគម និ​ងសហគមន៍ទាំង៧២នោះ មានដូចជា អង្គការ​លីកាដូ, មជ្ឈមណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា, សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា, មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស, សមាគមការ​ពារសិទ្ធិមនុស្ស​អាដហុក និង​សហគមន៍​និង​អង្គការ​​មួយចំនួនទៀត។  

ក្រុមសង្គមស៊ីវិលលើកឡើង​ថា នាពេលថ្មីៗនេះ អាជ្ញាធរបាន​ឃាត់​ខ្លួននិងប្រើអំពើហិង្សាកាន់​តែ​ខ្លាំងឡើង​ៗទៅលើសមាជិកសហជីពនៅខាងមុខ​ក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ ខណៈកា​រ​រឹ​ត​ត្បិត​ក៏កាន់​តែ​កើន​ឡើង​ចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានដែលតាមដានការបង្ក្រាបដ៏អាក្រក់របស់អាជ្ញាធរ។

ពួកគេបារម្ភថា ប្រសិនបើអ្នក​ឃ្លាំមើល​នៅតែត្រូវបានរឹតត្បិតបន្តទៀត នោះការប្រើប្រាស់អំពើហិង្សានិងការរំលោភបំពានអាចនឹងកើនឡើងបន្ថែមទៀត អំឡុងពេលមានការបង្ក្រាបនេះ។

សេចក្ដីថ្លែងការណ៍របស់សង្គម​ស៊ីវិលបន្តថា ជាច្រើនលើកច្រើនសា អាជ្ញាធរបានរុញច្រានកូដករចូលទៅក្នុងរថយន្តក្រុងយ៉ាងហិង្សា ដោយ​ដឹកពួកគេ​​ទៅ​កាន់​ជាយ​ក្រុង ហើយ​ទុក​ពួកគេចោល និងបង្ខំឱ្យ​ពួក​គេរកមធ្យោបាយធ្វើដំណើរត្រលប់មកផ្ទះវិញដោយខ្លួនឯង ខណៈកូដករ​ជាស្ត្រីមួយចំនួន បាន​រងនូវ​អំពើហិង្សា ការបៀតបៀន​ផ្លូវភេទ និងការ​ចាប់​ដាក់ពន្ធនាគារ ជាដើម​។ ពួកគេចាត់ទុក​សកម្មភាពនេះថា​ជាអំពើ​អសីលធម៌ មានចេតនាដាក់ទណ្ឌកម្មយ៉ាងច្បាស់​ទៅ​លើក្រុមកូដករនៃ​សហជីពណាហ្គាវើលដ៍ ដោយ​គ្មានមូលហេតុស្របច្បាប់។

ក្រុមសង្គមស៊ីវិលទាំងនោះបានស្នើ​ថា៖ «សូម​សំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាលចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះ និង​ចាត់​វិធាន​ការ​ច្បាស់​លាស់ ដើម្បី​ដោះស្រាយ​វិវាទ​ការ​ងារ​នេះ ដែល​រួម​មាន​ការធានា​ឱ្យ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ចូលរួម​ចរចា​ដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន»។

ក្រុម​សង្គមស៊ីវិលទាំងនោះបានគូសបញ្ជាក់ដែរថា​ សហជីពទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មដោយសន្តិវិធី និងក្នុងក្របខណ្ឌនៃច្បាប់ជាតិនិងអន្តរជាតិ ដែលធានាអំពីសិទ្ធិក្នុងការជួបជុំនិងប្រមូលផ្ដុំគ្នាដោយសេរី។

សកម្មជនសហជីព និងជាកូដករណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា គាំទ្រចំពោះការ​លើកឡើងរបស់​សង្គមស៊ីវិល និង​ស្នើឱ្យរដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាមេដឹកនាំ បម្រើពលរដ្ឋ ចាត់វិធានការលើ​ថៅកែ​ណាហ្គាវើលដ៍​ឱ្យ​ចេញ​មុខ​មក​ដោះស្រា​យ​វិវាទជាមួយកម្មករដោយតម្លាភាព។

កញ្ញាបន្តថា៖ «កងអាជ្ញាធរចម្រុះ សូមដកខ្លួនឱ្យឆ្ងាយពីវិវាទនេះ ឈប់ប្រើអំពើហិង្សាទៅលើកូដករ ឈប់​ប្រើពាក្យជេរប្រមាថ ឈប់បៀតបៀន ឈប់រារាំងពួកយើងអត់ឱ្យទៅធ្វើកូដកម្មនៅមុខណាហ្គាវើលដ៍ទៀត។ ឈប់មកយកខ្លួនកាងក្រុមហ៊ុនបរទេសនេះទៀត សូមដកខ្លួនឱ្យឆ្ងាយពីវិវាទនេះ ទុកឱ្យថៅកែណាហ្គាវើលដ៍ចេញមកដោះស្រាយជាមួយពួកយើង»។

ជាមួយគ្នានេះដែរ កញ្ញា​ក៏បាន​ទាមទារឱ្យតុលាការ​ទម្លាក់បទ​ចោទ​លើតំណាងសហជីពទាំង​១៥នាក់ ខណៈពួកគេគ្រាន់តែការពារសិទ្ធិសេរីភាពកម្មករខ្មែរនៅកន្លែងការងារ ដោយមិនបានប្រព្រឹត្តខុសច្បាប់នោះ​ឡើយ។ ក្រៅពីនោះ កញ្ញាបានជំរុញឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះទទួលយកបុគ្គលិកដែល​ចង់ចូល​ការ​ងារវិញ​ និង​គិតសំណងតាមច្បាប់ដល់កម្មករដែលឈប់ធ្វើការ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូឌីថា ក្រសួងការងារ និងអាជ្ញាធរ​រាជធានីភ្នំពេញ បានព្យាយាមរកដំណោះស្រាយ សម្របសម្រួលឱ្យមានការចរចា​ជា​បន្តបន្ទាប់ ប៉ុន្តែភាគីក្រុមកូដករ​នៅមិនមានការឯកភាព មិនចុះសម្រុងគ្នា ទើបបញ្ហានៅតែបន្ត។

យ៉ាងណា លោក​ច្រានចោលការលើកឡើងរបស់សង្គមស៊ីវិលដែលថាសមត្ថកិច្ចប្រើហិង្សាលើកូដករ។

លោកថា៖ «តាំងពីដើមមក គឺសមត្ថកិច្ចមិនដែលបានប្រើប្រាស់អំពើហិង្សាលើបាតុករខុសច្បាប់ណាម្នាក់ទេ គឺសមត្ថកិច្ចយើងតែងតែអនុវត្តតាមច្បាប់ អនុវត្ត​តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូច​ជា​សាលារាជធានីភ្នំពេញ ក្នុងការអញ្ជើញ ណែនាំក្រុមបាតុករទាំងនេះឱ្យឡើងរថយន្តដោយសម្រួល។ ប៉ុន្តែក្រុមទាំងនោះគឺច្រើនតែរៀបចំ បង្កបាតុភាពជារូបភាព ជាពាក្យសម្ដីញុះញង់ ជាអាកប្បកិរិយាលើក​ដៃ​ប្រមាថ​មើលងាយដល់សមត្ថកិច្ច»។

ការចេញសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៣ ​ខែមីនា បានចេញសេចក្ដីប្រកាសព័ត៌មានចោទ​ក្រុមកូដករណាហ្គា​ថា​​បាន​ប្រើអំពើ​ហិង្សានិងជេ​រប្រមាថមកលើសមត្ថកិច្ច ខណៈវិវាទការងាររវាងកូដករនិងក្រុមហ៊ុនកា​ស៊ីណូណាហ្គា​​វើលដ៍មិន​ទាន់​រក​ដំណោះស្រាយ​បាន​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ