ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅតែបន្តលើកឡើងពីបញ្ហាវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយចង់ឃើញគូភាគីចូលតុចរចាឱ្យបានឆាប់ ទើបរកដំណោះស្រាយបញ្ចប់វិវាទមានប្រសិទ្ធភាព។
ទំព័រហ្វេសប៊ុកស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីម្សិលមិញ បានស្រង់ប្រសាសន៍របស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger ដោយលើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃបានជោគជ័យក្នុងការជំរុញដល់តួអង្គទាំងអស់ក្នុងសំណុំរឿងណាហ្គាវើលដ៍ ឱ្យចាប់ផ្ដើមដំណើរការចរចាគ្នាឡើងវិញ។ លោកបន្តថា នេះជាជំហានដ៏សំខាន់ និងឈានទៅការដោះស្រាយបញ្ចប់វិវាទការងារចុងក្រោយនេះ។
ករណីនេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដដែល ចង់ឃើញក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមកូដករ ពន្លឿនយកបញ្ហាដាក់លើតុ ហើយដោះស្រាយបញ្ហាប្រឈមនានាឱ្យបានឆាប់ ដើម្បីបញ្ចប់វិវាទ ទើបជាវិធីសាស្ត្រត្រឹមត្រូវ។
ខ្លឹមសារក្នុងបណ្ដាញសង្គមនោះលើកឡើងថា៖ «ថ្មីៗនេះ ខ្ញុំមានការលើកទឹកចិត្តដោយការពិតថា ពេលនេះតួអង្គទាំងអស់ហាក់ដូចជាផ្ដោតទៅលើសកម្មភាពនៅតុចរចា ដែលខ្ញុំជឿថាជាវិធីសាស្រ្តត្រឹមត្រូវ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់ វីអូឌី តាមរយៈតេឡេក្រាមនៅថ្ងៃនេះថា ក្រសួងមាននីតិវិធីដោះស្រាយវិវាទការងារដែលមានតាមដំណាក់កាលជាបន្តបន្ទាប់ ដូចជា ដំណាក់កាលផ្សះផ្សា រួចទើបឈានទៅដំណាក់កាលអាជ្ញាកណ្ដាល ជាដើម។
ករណីនេះ លោកបន្តថា បើសិនជាគូភាគីមិនព្រមជាសះគ្នាទេ ដំណាក់កាលចុងក្រោយ គឺត្រូវប្ដឹងទៅតុលាការតែម្ដង។
កូដករណាហ្គាវើលដ៍មួយរូប កញ្ញា សៀក បញ្ញា និយាយថា គាត់គាំទ្រនឹងការលើកឡើងរបស់ស្ថានទូតអាល្លឺម៉ង់ ដែលចង់ឃើញក្រុមហ៊ុនណាហ្គាបញ្ចប់វិវាទជាមួយកូដករឱ្យបានឆាប់។ ប៉ុន្តែកញ្ញាបន្តថា ដើមចមដែលនាំឱ្យវិវាទការងារនេះអូសបន្លាយពេលជិត៤ខែមកនេះ ដោយសារតែក្រសួងការងារហាក់មានភាពលម្អៀងទៅកាន់ភាគីក្រុមហ៊ុន។
កញ្ញានិយាយថា៖ «ច្បាប់ការងារដែលយើងមានចែងក្នុងរដ្ឋធម្មនុញ្ញ ហេតុអ្វីបានជាក្រសួងមិនយកមកប្រើ? ហើយច្បាប់ដែលយើងបានចុះសច្ចាប័នជាមួយអង្គការ ILO ហេតុអ្វីបានជាក្រសួងការងារអត់មានសិទ្ធិសូម្បីតែនិយាយ ដើម្បីឱ្យខាងក្រុមហ៊ុនណាហ្គាវើលដ៍គោរពតាមច្បាប់?»
កញ្ញាបន្ថែមថា៖ «ច្បាប់យើងមានចែងតើ! តែក្រសួងការងារគាត់ហាក់បីដូចជាលម្អៀងទៅខាងក្រុមហ៊ុនណាហ្គាវើលដ៍ខ្លាំងម្ល៉េះ ទាំងច្បាប់យើងមានចែង? ហេតុអ្វីបានជាក្រសួងអត់មានឥទ្ធិពលបញ្ជាឱ្យក្រុមហ៊ុនគោរពច្បាប់?»
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា បញ្ហាណាហ្គាវើលដ៍មានការតាមដាននិងយកចិត្តទុកដាក់ពីបណ្ដាស្ថានទូតជាច្រើនដែរ។
ដោយលោកបន្ថែមថា ការលើកឡើងរបស់ស្ថានទូតអាល្លឺម៉ង់ ដោយឃើញថាស្ថានភាពណាហ្គាវើលដ៍កាន់តែតានតឹង មួយរយៈចុងក្រោយនេះមានការចោទប្រកាន់ទាក់ទងនឹងការប្រើប្រាស់អំពើហិង្សា។
ករណីនេះ លោក អំ សំអាត យល់ថា ការចាប់និងចោទប្រកាន់ទាំងឡាយមកលើក្រុមកូដករកន្លងមកនេះ មិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវនោះទេ គឺកាន់តែដាក់បន្ទុកបន្ថែមទៅលើក្រុមកូដករទៅវិញ។
លោកបាននិយាយថា៖ «វាជាជម្រើសមួយដែលមានការពិបាកក្នុងការរកសន្តិវិធី ដោយពួកគាត់ជាប់បណ្ដឹង នៅជាប់ចោទ គឺវាហាក់ដូចជាមានកាំបិតនៅលើគាត់ហើយ»។
លោកបន្ថែមថា៖ «ខាងអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភ បើសិនជាមិនមានការពន្លឿននូវកិច្ចចរចានេះទេ វាអាចនឹងឱ្យរឿងនេះកាន់តែក្ដៅគគុក ហើយអ្នកដែលបានធ្លាប់ត្រូវចោទប្រកាន់កន្លងមកអាចត្រូវបានចាប់ខ្លួនត្រលប់ទៅវិញ ឬក៏ត្រូវបានចោទប្រកាន់បន្ថែម»។
កន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានជំរុញទៅភាគីពាក់ព័ន្ធម្ដងជាពីរដង ឱ្យពន្លឿនការដោះស្រាយវិវាទក្រុមហ៊ុនល្បែងមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវិវាទនៅតែបន្តអូសបន្លាយ ហើយការចាប់ខ្លួនកូដករក៏នៅតែបន្តកើតមាន មុននឹងមានការដោះលែងឱ្យថ្នាក់ដឹកនាំនិងសកម្មជនសហជីព១១នាក់បាននៅក្រៅឃុំជាបណ្ដោះអាសន្នវិញកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជា ត្រូវចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩៕