រដ្ឋាភិបាល​ផ្ញើ​លិខិត​ទៅ​ភាគីចិន​ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករឈាម​នៅ​កម្ពុជា

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងពិធីសម្ពោធអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពី «ទាសករឈាមនៅកម្ពុជា» ដោយលោកយល់ថា ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ការលើកឡើងរបស់លោក ស ខេង ​បន្ទាប់ពីមានសារព័ត៌មានជាតិនិងអន្តរជាតិបានចុះផ្សាយជាបន្តបន្ទាប់ ស្ដីពីជនរងគ្រោះចិននិងថៃដែលបានអះអាងថា បានធ្លាក់ខ្លួនជាទាសករ និងត្រូវបានគេបូមឈាមលក់​ បន្ទាប់ពីពួកគេបានចាញ់បោកមកធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលមានថៅកែជាជនជាតិចិន។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី៧ ខែមេសា ថាព័ត៌មានទាំងនោះជាព័ត៌មានប្រតិដ្ឋ ដែលធ្វើឱ្យខូចកិត្តិយសកម្ពុជា។

លោកថា៖ «ខ្ញុំដល់ឃើញអ៊ីចឹងទេ បានស្នើឱ្យអគ្គនគរបាល [អគ្គស្នងការនគរបាលជាតិ] បញ្ជាក់ឱ្យច្បាស់ ព្រោះរាយការណ៍ឱ្យខ្ញុំម្ដងហើយ ដល់រាយការណ៍ហើយនៅតែមានព័ត៌មានថាអ៊ីចឹងទៀត។ អ៊ីចឹងសុំបញ្ជាក់ឱ្យច្បាស់ បញ្ជាក់ហើយ គឺរឿងនៅតែប៉ុណ្ណឹង មានន័យថា ជាព័ត៌មានប្រ​តិដ្ឋ។ អ្នកហ្នឹងរកទៅឃើញថាចូលកម្ពុជាខុសច្បាប់ ហើយពេលមានបញ្ហាទៅដេកនៅមន្ទីរពេទ្យ គេយកឈាមទៅពិនិត្យ ធម្មតា! តែមិនអ៊ីចឹង ថាយកឈាមទៅលក់។ អ៊ីចឹងវាខូចមុខមាត់កិត្តិយសខ្មែរយើង មិនធម្មតាទេ ទម្រាំដោះស្រាយបាន តែឥលូវមិនទាន់សាបរលាបមែនទែនទេ ព្រោះនៅស្រុកយើងមិនមាននរណាផ្សាយទៀតទេ»។

អង្គការសង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមីនា ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់អំពើទាសភាពនៅកម្ពុជា ដោយពួកគេព្រួយបារម្ភជាខ្លាំង។

សេចក្ដីថ្លែងការណ៍រកឃើញថា មានមនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់នៅ​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ ពួកគេត្រូវ​បាន​ចាប់ជំរិត លក់ ជួញដូរ ឬត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែនៅពេល​មកដល់​ប្រទេស​កម្ពុជា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​បរិវេណ​អគារ​ធំៗ និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ ដែល​ជា​ញឹកញាប់​ជា​ការងារ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ដាក់​គោលដៅ​លើ​ជនបរទេស​រស់នៅ​ខាងក្រៅ​ប្រទេស​។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា លោកមិនភ្ញាក់ផ្អើលចំពោះការបដិសេធរបស់មន្ត្រីរដ្ឋាភិបាលនោះទេ។ ក៏ប៉ុន្តែ លោកអំពាវនាវឱ្យអាជ្ញាធរកម្ពុជាពង្រឹងការអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់រាល់បទល្មើសការជួញដូរមនុស្ស ការចាប់បង្ខាំង និងជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាព។

លោកថា៖ «អ៊ីចឹងខ្ញុំយល់ថា ទោះយ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាត្រូវតែខិតខំពង្រឹងបន្ថែមទៀតនូវវិធានការសន្តិសុខ ដើម្បីទប់ស្កាត់នូវរាល់បទល្មើសឧក្រិដ្ឋ ឬបទល្មើសទ្រង់ទ្រាយផ្សេងៗ ដែលទាក់ទងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមានជំនឿទុកចិត្តសម្រាប់ភ្ញៀវទេសចរ​អន្តរជាតិ កុំឱ្យលេចចេញនូវព័ត៌មានដូចពេលកន្លងមក ដែលធ្វើឱ្យមានព័ត៌មានមិនល្អសម្រាប់កម្ពុជាដែលចេញទៅក្រៅហ្នឹង»។

យ៉ាងណាក្ដី លោក ស ខេង បានទទួលស្គាល់ថា បទល្មើសនៅក្នុងខេត្តព្រះសីហនុហាក់ស្ងប់ស្ងាត់ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការបង្ក្រាបបទល្មើសនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

កាលពីដើមខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍អង្កេតនិងវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ស្តីពី «ការជួញដូរមនុស្សលើសកលលោកឆ្នាំ២០២១» ដោយបានចាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីឃ្លាំមើលទី២ (Tier 2 Watch List)។

របាយការណ៍នេះបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាមិនបានគោរពឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សនោះទេ ហើយថា អំពើពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ នីតិវិធីព្រហ្មទណ្ឌ និងការផ្ដល់សេវាដល់ជនរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ