UN កំពុង​តាមដាន​​ការ​កាត់ទោស​ទ្រង់ទ្រាយធំ​លើ​ក្រុម​បក្សប្រឆាំង ដើម្បី​ធានា​ការ​កាត់ក្ដី​​​ដោយ​យុត្តិធម៌

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អះអាងថា ស្ថាប័នអន្តរជាតិមួយនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំង និង​ពលរដ្ឋសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ដើម្បីធានាការកាត់ក្ដីប្រព្រឹត្តទៅដោយយុត្តិធម៌និងស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសអ្នកនយោបាយប្រឆាំង ក្នុងនោះរួមមានទាំងលោក សម រង្សី ថ្នាក់ដឹកនាំ សកម្មជន និងកញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ព្រមទាំងជាអ្នកច្បាប់ និងអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ដាក់ពន្ធនាគារចាប់ពី៥ដល់៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់»។ ការប្រកាសសាលក្រមកាលពីថ្ងៃអង្គារម្សិលមិញ​ ក្រោយពេលសំណុំរឿងរបស់ពួកគេត្រូវបានបើកសវនាការជំនុំជម្រះអស់ជាច្រើនលើកតាំងពីខែធ្នូ ឆ្នាំ២០២១។

តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រូអេដា អ៊ែល ហេក (Roueida El Hage) ថ្លែងប្រាប់វីអូឌីតាម​ប្រព័ន្ធ​សារអេឡិចត្រូនិច​​អ៊ីម៉ែលថា អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការកាត់ក្តីនេះ។ លើសពីនេះ ពួកគេក៏តាមដាន ការចូលរួមសវនាការ និងដំណើរការនីតិវិធីលើសកម្មជនគណបក្សប្រឆាំងដែលត្រូវបានគេសម្រេចកាត់ទោសលក្ខណៈទ្រង់ទ្រាយធំប្រមាណ៦០នាក់ ក្នុងនោះមានពលរដ្ឋសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ផង ពាក់ព័ន្ធបទ «ញុះញង់» និង «រួមគំនិតក្បត់»។

លោកស្រីថា ការតាមដាននេះ គឺដើម្បីធានាថា ការកាត់ក្ដីប្រព្រឹត្តទៅដោយយុត្តិធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័ន។

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារូបនេះថា ដូចដែលបានបញ្ជាក់ដោយគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងនៅក្នុងច្បាប់ស្ដីពីទូរគមនាគមន៍ រួមទាំងការញុះញង់ ជារឿយៗត្រូវបានគេប្រើដើម្បីរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ ដោយមិនសមាមាត្រ និងហួសហេតុ (CCPR/C/KHM/CO/3)»។

លោកស្រី Roueida El Hage ថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យបញ្ចប់ការកាត់ក្ដីទ្រង់ទ្រាយធំទាំងអស់ប្រឆាំងនឹងសមាជិកនៃគណបក្សប្រឆាំង និងដើម្បីធានាថាដំណើរការទាំងអស់ គឺស្របតាមការធានានីតិវិធីដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ [កម្ពុជាបានផ្ដល់សច្ចាប័នក្នុងឆ្នាំ១៩៩២]។ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា [OHCHR] នឹងបន្តតាមដានដំណើរការផ្លូវច្បាប់នៅក្នុងករណីទាំងនេះ រួមទាំងសិទ្ធិក្នុងការប្ដឹងឧទ្ធរណ៍ និងការកាត់ក្ដីដោយយុត្តិធម៌»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សរបស់ការិយាល័យអង្គការសហប្រជាជាតិនៅកម្ពុជា គឺជាតួនាទីភារកិច្ចក្នុងអាណត្តិការងាររបស់ពួកគេដែលត្រូវធ្វើ។

យ៉ាងណា លោកថា កម្ពុជាគោរពនិងអនុវត្តទៅតាមបញ្ញត្តិនិងនីតិវិធីច្បាប់ដែលមានជាធរមានរបស់ខ្លួន ក្នុងនាមជារដ្ឋអធិបតេយ្យ ដើម្បីការពារនូវផលប្រយោជន៍របស់ជាតិ ប្រយោជន៍សាធារណៈរបស់កម្ពុជា។

លោកថា៖ «ការអនុវត្តច្បាប់ទៅលើអ្នកដែលប្រព្រឹត្តបទល្មើស បង្កនូវបញ្ហា ប៉ះពាល់ដល់សន្តិសុខសង្គម រំលោភទៅលើសិទ្ធិសេរីភាពរបស់អ្នកដទៃ។ អាហ្នឹងគឺជាវិធានការច្បាប់ទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ វាមិនមែនជាការរំលោភបំពាន ឬក៏ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះទេ»។​

ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល មានប្រសាសន៍ថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំង និងពលរដ្ឋសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី នេះ ពីព្រោះការរំលោភបំពានសិទ្ធិកំពុងកើតឡើងកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។ លោកថា ការកាត់ក្ដីទ្រង់ទ្រាយធំបែបនេះមិនគួរកើតឡើងនោះទេ។

អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិរូបនេះចាត់ទុកថា រឿងកាត់ទោសនេះកើតឡើងដោយអយុត្តិធម៌ និងមិនអាចទទួលយកបានទាល់តែសោះ។

បើតាមលោក អៀ សុផល រដ្ឋាភិបាលកម្ពុជាសម្រេចធ្វើសកម្មភាពបង្រ្កាបបែបនេះក្នុងសេណារីយ៉ូអនុវត្តល្បិច «សម្លាប់មាន់ បំភ័យស្វា» ដូចមានក្នុងសុភាសិតចិន។ សម្រាប់លោក សុផល ការកាត់ទោសទ្រង់ទ្រាយធំម្សិលមិញនេះ គឺជាថ្ងៃដ៏សោកសៅខ្លាំងបំផុតសម្រាប់ «យុត្តិធម៌» នៅកម្ពុជា។

លោកថា៖ «[តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងនេះ?] ប្រតិកម្ម កំហឹង និងការមិនពេញចិត្ត នឹងកើតមាន ខណៈសម្ពាធនឹងកើនឡើង។ អាជ្ញាធរនឹងមិនបន្ធូរបន្ថយទេ ប៉ុន្តែប្រហែលជាពួកគេអាចនឹងផ្តល់ការនៅក្រៅឃុំដល់ករណីមួយចំនួន។ ពួកគេមិនដែលអនុញ្ញាតឱ្យនរណាម្នាក់ [ដែលពួកគេមិនពេញចិត្ត] រួចខ្លួនដោយងាយៗឡើយ»។

ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា លោក អៀ សុផល យល់ថា រដ្ឋាភិបាលកម្ពុជាគួរបញ្ឈប់ការរំលោភសិទ្ធិមនុស្ស អនុញ្ញាតឱ្យមានគណនេយ្យភាព និងលទ្ធិប្រជាធិបតេយ្យត្រលប់មកវិញ។ លោកថា បញ្ហាដែលមានកន្លងមកនេះ គឺដើមចមកើតឡើងដោយសារតែការគ្មានលទ្ធិប្រជាធិបតេយ្យ អ្វីៗត្រូវបានបែកបាក់ ហើយសេរីភាពត្រូវបានរសាត់បាត់ទៅ។

អ្នកជំនាញផ្នែកនយោបាយ និងសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិរូបនេះថា បើវិបត្តិនយោបាយនៅកម្ពុជាមិនត្រូវបានដោះស្រាយទេ កម្ពុជាអាចនឹងបាត់បង់ EBA របស់សហភាពអឺរ៉ុបទាំងស្រុង។

លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ករណីនេះអាចកើតឡើងបាន។ EBA អាចនឹងត្រូវបានកាត់បន្ថយបន្ថែមទៀតនាពេលខាងមុខ។ ច្បាស់ណាស់ ប្រសិនបើបន្តធ្វើខុសឆ្គង នោះផលវិបាកនឹងមានកាន់តែច្រើន»។

ក្រោយតុលាការប្រកាសសាលក្រមផ្តន្ទាទោសក្រុមបក្សប្រឆាំងភ្លាមៗកាលពីម្សិលមិញ នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការផ្តន្ទាទោសលើអ្នកនយោបាយប្រឆាំងនៅពេលនេះ គឺប្រាកដណាស់ជាការព្យាយាមរារាំងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតទល់ទៅនឹងការគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងវាជាសញ្ញានៃការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា

លោក រ៉ូប៊ើតសុន លើកឡើងបន្ថែមទៀតថា ការបង្កើតនូវបរិយាកាសនយោបាយមួយមានលក្ខណៈគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញចំពោះអ្នកហ៊ានរិះគន់លើរដ្ឋាភិបាល មានន័យថា លោក ហ៊ុន សែន បានបង្ហាញកាន់តែច្បាស់ចំពោះការមិនយកចិត្តទុកដាក់គោរពសិទ្ធិនៅក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។

ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកសាលក្រមកាត់ទោស​កញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌។ ការប្រកាសនេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ស្ថានទូតបញ្ជាក់ថា សេរីភាព​ក្នុងការបញ្ចេញមតិ ការចងក្រងគ្នាជាក្រុម និងការអត់ឱន​ចំពោះទស្សនៈផ្ទុយ គឺជាផ្នែកដ៏សំខាន់បំផុត​នៃលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីសាលក្រមដ៏​អយុត្តិធម៌នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ