រដ្ឋាភិបាល​កាត់ដី​រដ្ឋ​មួយ​ចំនួន​ទៀត​ឱ្យ​ទៅ​អ្នកជំនួញ​ធំៗ​និង​សែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់

រូបភាពបង្ហាញពីការ​ចាក់​បំពេញដីផ្នែកខ្លះនៅ​បឹង​តាមោក រាជធានី​ភ្នំពេញ ក្នុង​ខែ​មីនា ឆ្នាំ​២០២២។ (Danielle Keeton-Olsen)

រាជរដ្ឋាភិបា​លបាន​កាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយ​កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំង​ដី​សម្បទាន​សង្គមកិច្ច​រាប់​ពាន់​ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុង​ភូមិសាស្រ្តខេត្ត​កោះកុង មណ្ឌលគិរី និង​កំពង់ធំ ផងដែរ។

ក្នុងចំណោមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ហើយចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងសប្ដាហ៍នេះ បង្ហាញថា មាន​ដីសម្បទាន​សង្គមកិច្ចចំនួនពីរ ដែលគ្រប់គ្រងដោយធនាគារពិភពលោក ក្រោមគម្រោងបែងចែកដី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (Lased)។ ​

​អនុក្រឹត្យទីមួយដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា រដ្ឋាភិបាលបានផ្ដល់​ដីក្នុងទំហំ៧៩៣ហិកតា ក្នុង​ខេត្ត​កំពង់ធំ ក្រោម​ប្រព័ន្ធ Lased ដោយយោងតាមផែនទីតំបន់ការពារ មួយផ្នែកនៃដីសម្បទានមួយនេះនឹងប៉ះចំ «ដែន​ជម្រក​សត្វ​ព្រៃ បឹង​ពែ»។

ទាក់ទិន​ករណីនេះ អភិបាលរង​ខេត្តកំពង់ធំ លោក សុខ ហៃ មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបានឡើយ។

ទោះជាយ៉ាងណា មេឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោក មាស យៅ បានឱ្យដឹងថា ដីសម្បទានសង្គមកិច្ចក្រោមគម្រោងរបស់ធនាគារពិភពលោកនេះ នឹងត្រូវ​បែងចែកជូនប្រជាពលរដ្ឋចំនួន១៩០គ្រួសារដែលគ្មានដីសម្រាប់អាស្រ័យផល។

លោក មាស យៅ បន្ត​ថា​៖ «​ពួកគេ [ប្រជាពលរដ្ឋ] ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ជា​ច្រើន​ពី​គម្រោង​នេះ ដោយពួកគេអាចនឹងទទួលបានដីលំនៅឋាន បូករួមទាំងឧបករណ៍កសិកម្ម វគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការចិញ្ចឹមសត្វ ឬត្រី និងប្រព័ន្ធធារាសាស្រ្ត ជាដើម។ ពួកគេក៏អាចនឹងទទួលបានដីស្រែចម្ការពី២ទៅ៣ហិកតា និងគ្រាប់ពូជផ្សេងទៀត រួមនឹងមណ្ឌលសុខភាពផងដែរ»។

លោក មាស យៅ បន្ថែម​ថា ទីតាំងដី​នេះ ​កាលពីពេលកន្លងទៅ គឺ​ដី​រដ្ឋ។

លោក​ថា​៖ «​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​កាប់​ឆ្ការ​ព្រៃ​ទាំងអស់ចេញទៅ ទីតាំងដីនេះ​បាន​ក្លាយ​ទៅ​ជា​តំបន់ដែលអាចអាស្រ័យផលបាន ខណៈមាន៤០​គ្រួសារ ដែល​បាន​ធ្វើ​ស្រែ​លើ​ដីនេះ»។

ដោយឡែក អនុក្រឹត្យ​មួយផ្សេងទៀត ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា រដ្ឋាភិបាលក៏បានសម្រេចផ្ដល់ដីសម្បទានក្នុងទំហំ១ ០២១ហិកតា ក្នុង«ដែនជម្រកសត្វព្រៃភ្នំសំកុស» ខេត្តបាត់ដំបង សម្រាប់​គម្រោង Lased របស់ធនាគារពិភពលោកដដែលខាងលើនេះផងដែរ។

ទាក់ទិ​នករណីនេះ លោក ឡាច ហម មេឃុំកំពង់ល្ពៅ ស្រុកសំឡូត បានឱ្យដឹងថា មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់​មីន​កម្ពុជា​ (CMAC) បច្ចុប្បន្នកំពុងតែបោសសម្អាតមីនក្នុងតំបន់នេះហើយ មុននឹងចែកជូនដល់គ្រួសារទាំងឡាយសម្រាប់អាស្រ័យផល។

លោកបានប្រាប់វីអូឌីថា៖ «តំបន់នេះកាលពីអតីតកាលធ្លាប់ជាសមរភូមិ និងមានព្រៃឈើក្រាស់ៗ ប៉ុន្តែបច្ចុប្បន្ននេះ វាបានប្រែក្លាយទៅជាតំបន់សម្រាប់អាស្រ័យផលហើយ»។

លោក​បន្ត​ថា ក្នុង​ឃុំ​របស់​លោកមាន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន២១៦​គ្រួសារ ប៉ុន្តែ​លោក​មិន​ច្បាស់ថាតើ​តំបន់​នេះនឹង​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​របៀប​ណា​នោះ​ទេ។

លោក ឡាច ហម បន្ថែមថា៖ «គ្រួសារខ្លះដែលជាអ្នកចំណូលថ្មី មិនមានដីសម្រាប់រស់នៅ ឬធ្វើស្រែចម្ការឡើយ​។ ដូច្នេះហើយ គម្រោងនេះអាចនឹងផ្ដល់ឱ្យពូកគេនូវដីសមរម្យសម្រាប់ការរស់នៅ ខណៈវាក៏នឹងជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកពីសំណាក់ពលរដ្ឋទៅក្រៅប្រទេសផងដែរ»។

យោងតាមអនុក្រឹត្យដាច់ដោយឡែកមួយទៀត រដ្ឋាភិបាល​​ក៏បាន​ផ្ដល់​ដី​ទំហំ១ ១៥៤ ហិកតា ជាការដោះដូរ​សម្រាប់ប្រជាពលរដ្ឋ​ដែល​រងនូវការបណ្ដេញចេញ​ដោយគម្រោង​ដី​សម្បទានសេដ្ឋកិច្ច​របស់​ក្រុមហ៊ុនចិន «ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group)» ​នៅ​ក្នុងតំបន់ឧទ្យានជាតិបទុមសាគរ​ ផង​ដែរ។

សម្រាប់​ភូមិសាស្រ្តខេត្ត​មណ្ឌលគិរី រដ្ឋាភិបាលបានសម្រេចកាត់ដី​សម្បទាន​សង្គមកិច្ច​មួយ​​ទំហំ២ ៩១៣ហិកតា ក្នុងឃុំសែនមនោរម្យ ​ឱ្យ​ពលរដ្ឋចំនួន១៤៧គ្រួសារ ដែលក្នុងនោះ ៦៩៣ហិកតាត្រូវបានកាត់ចេញពី «ដែនជម្រកសត្វព្រៃកែវសីមា» និង ២ ១៩២ហិកតាកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចមួយទំហំ១០​ ០០០ហិកតាដែលត្រូវបានផ្ដល់ទៅឱ្យក្រុមហ៊ុន​ឯកជន​ «​អ៊ូ​ជឺ​សាន អិល អេស គ្រុប (WUZHISHAN L.S GROUP)» ក្នុងឆ្នាំ២០០៥។

អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង បានថ្លែងប្រាប់វីអូឌីថា អ្នកដែលនឹង​ទទួល​បាន​ដី​នោះ គឺជាប្រជាពលរដ្ឋ​ដែល​បាន​រស់​នៅអាស្រ័យផលនៅ​ទីតាំង​នោះ​យូរណាស់​មក​ហើយ។

លោកបន្ថែមថា៖ «នៅពេលដែល​គណៈកម្មការចុះទៅ​ពិនិត្យ ហើយរក​ឃើញ​ថា ប្រជាពលរដ្ឋ​រស់នៅអាស្រ័យផល​លើដី​ហ្នឹងជាយូរយារណាស់មកហើយ ពួកគេនឹងសម្រេច​កាត់​ឱ្យពលរដ្ឋតែម្ដង។ យើងមិន​មាន​បញ្ហា​អ្វី​ឡើយទាក់ទិននឹងករណី​នេះ»។

ចំណែកឯ​អនុក្រឹត្យមួយ​ទៀតចុះ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នោះ បង្ហាញថា រដ្ឋាភិបាលក៏បានសម្រេចកាត់ផ្ទៃដី​ចំនួន៣៣៤ហិកតា​ចេញពី​ដី​សម្បទាន និង​ដែនជម្រកសត្វព្រៃ​ខេត្តមណ្ឌលគិរី ឱ្យទៅបុគ្គល​ឈ្មោះ «ជីង​ ធានសេង» ផងដែរ។

បុគ្គលឈ្មោះ ជីង​ ធានសេង នេះ កាល​ពី​ចុង​ឆ្នាំ​២០២១កន្លងទៅ ក៏ធ្លាប់ទទួល​បាន​ដី​បឹង​តាមោក​ចំនួន១០០ហិកតា​នៅ​រាជធានី​ភ្នំពេញផងដែរ។ លោកត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់អ្នក​ស្រី ​ជីង​ សុភាព និងលោក​ឧកញ៉ា​ ឡាវ​ ម៉េងឃីន ជាឧកញ៉ាដ៏លេចធ្លោមួយរូប​ដែល​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​អភិវឌ្ឍចាក់លុបបឹង​នៅ​តំបន់​បឹងកក់។

យោងតាមអនុក្រឹត្យដែលចេញចុងក្រោយនេះ ក៏មានការផ្តល់ដីរបស់រដ្ឋជូន​ទៅឯកជនចំនួនពីរបន្ថែមទៀតលើបឹងតាមោកផងដែរ ដោយដីទំហំ៤,៧២ហិកតា ផ្តល់ឱ្យទៅបុគ្គលឈ្មោះ «ស្រី រស់ស៊ីថា» និង «អ៊ូ វួចលីន» ខណៈដីទំហំ៣,៤៥ហិកតាផ្សេងទៀតឱ្យទៅ «ចេង ស្រ៊ុនហេង»។

ជាមួយគ្នានេះ ដី​ទំហំ១០,៦ហិកតា ដែល​ស្ថិត​នៅ​ចន្លោះមហាវិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និង​ផ្លូវ​លេខ៣៧១ ក្នុងតំបន់​ភាគ​ខាង​ត្បូង ​រាជធានី​ភ្នំពេញ ក៏ត្រូវ​រដ្ឋាភិបាលសម្រេច​កាត់ឱ្យទៅលោកឧកញ៉ា «ឡោក ហ៊ួរ» តំណាងរាស្រ្តមណ្ឌលបាត់ដំបងផងដែរ។

យោងតាមការចុះផ្សាយដោយ វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា បានឱ្យដឹងថា លោក ឡោក ហ៊ួរ កាលពីពេលកន្លងទៅ ក៏ធ្លាប់មានជម្លោះដីធ្លីជាមួយពលរដ្ឋនៅ​ស្រុកកៀន​ស្វាយ​ និង​ស្រុក​ស្អាង ​ខេត្តកណ្ដាល​ ខណៈរូបលោកក៏ធ្លាប់ត្រូវបានក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​បាន​ចុះឈ្មោះ​ចូលក្នុង​បញ្ជីខ្មៅ កាលពីខែឧសភា ឆ្នាំ២០១៦ ​ដោយសារ​រារាំង​មិន​ឱ្យ​មានការ​លក់ ទិញ ឬ​ផ្ទេរកម្មសិទ្ធិ​ទៅ​អ្នកដទៃ​ឡើយ។

សម្រាប់ភូមិសាស្រ្តក្នុងខេត្តព្រះសីហនុវិញ រដ្ឋាភិបាលតាមរយៈសេចក្ដីសម្រេចចុងក្រោយ ក៏បានកាត់ដីទំហំ៩២,៦ហិកតា ក្នុងឃុំ​កែវផុស ក្នុង​ស្រុក​ស្ទឹងហាវ ឱ្យទៅបុគ្គលពីររូបដែលរួមមានឈ្មោះ «នុត តុន» និង «​លី អក្ខរា»។

លោក នុត តុន ជានាយកក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ត្រូវបានគេស្គាល់ថា ជាបុគ្គលមួយរូបដែលមានទំនាក់ទំនងជាមួយនឹងកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ខៀវ សស៊ីលៀប ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timbergreen ផងដែរ។

យោងតាមអនុក្រឹត្យមួយទៀតចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ផ្ទៃដីទំហំ១៨ ១២៦ម៉ែត្រក្រឡា ស្ថិតនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្តល់ជូនក្រសួងមហាផ្ទៃផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ State Hands Land to Lawmaker, Senator’s Family

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ