តំណាងអឺរ៉ុប​ឱ្យ​កម្ពុជា​បញ្ចប់​រឿងក្ដី​លោក កឹម សុខា ដើម្បី​ស្ដារ​សិទ្ធិ​នយោបាយ​និង​ប្រជាធិបតេយ្យ​ឡើង​វិញ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានជំរុញឱ្យកម្ពុជាបញ្ចប់រឿងក្ដីលោក កឹម សុខា ដើម្បីឱ្យលោកអាចចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដែលជាផ្នែកមួយក្នុងការស្ដារឡើងវិញនូវសិទ្ធិនយោបាយ និងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខអឺរ៉ុប លោក Josep Borrell Fontelles បានសរសេរលើ Twitter របស់លោក បន្ទាប់ជួបលោក កឹម សុខា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ អំឡុងពេលដែលលោកមកទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំផ្សេងទៀតដែលពាកព័ន្ធ នៅរាជធានីភ្នំពេញ។

លោក Josep Borrell Fontelles លើកឡើងនៅ Twitter របស់លោក ដោយជំរុញឱ្យកម្ពុជាបញ្ចប់ការកាត់ក្ដីសំណុំរឿងលោក កឹម សុខា ដែលបានអូសបន្លាយពេលយូរ ដើម្បីឱ្យលោក កឹម សុខា ចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះ។

លោកបញ្ជាក់ថា ការបញ្ជប់សំណុំរឿងនេះជាការស្ដារឡើងវិញនូវសិទ្ធិនយោបាយរបស់លោក កឹម សុខា និងរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតប្រកបដោយបរិយាបន្នផងដែរ។

លោក Josep Borrell Fontelle បានសរសេរលើបណ្ដាញ Twitter ដែលមានន័យជាភាសាខ្មែរថា៖ «ខ្ញុំមានឱកាសបានជួបលោក កឹម សុខា នៅកម្ពុជា។ ដើម្បីមានលទ្ធភាពបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ការកាត់ក្ដីដ៏យូរអង្វែងចំពោះរូបលោក កឹម សុខា ត្រូវតែ​ដោះស្រាយបញ្ចប់។ ការស្តារសិទ្ធិនយោបាយជូនគាត់ នឹងរួមចំណែកពេញលេញដល់ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោត​»។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្នុងជំនួបកាលពីថ្ងៃទី៦ ខែសីហា កន្លងទៅ លោក Josep Borrell Fontelle បានបញ្ជាក់គោលជំហរច្បាស់លាស់របស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានផ្តល់តម្លៃខ្ពស់ចំពោះការតស៊ូដោយអហិង្សា ​​ជាពិសេសផ្តោតលើសិទ្ធិសេរីភាព​របស់លោកក្នុងការចូលរួមបម្រើប្រទេសជាតិ។

ហ្វេសប៊ុកលោក កឹម សុខា៖ «ទោះបីឯកឧត្តមតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាមានរយៈពេលខ្លី និងមានកិច្ចការជាច្រើនត្រូវធ្វើ ក៏ឯកឧត្តម និងគណៈប្រតិភូ បានកំណត់ក្នុងរបៀបវារៈចំណាយពេលវេលាសមរម្យជួបជាមួយខ្ញុំផ្ទាល់ ដោយបានបញ្ជាក់ពីគោលជំហរច្បាស់លាស់របស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានផ្ដល់តម្លៃខ្ពស់ចំពោះការតស៊ូដោយអហិង្សា ការអត់ធ្មត់ និងជាពិសេសផ្តោតលើសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងការចូលរួមបម្រើសង្គមជាតិ»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីជំនួយការផ្ទាល់របស់លោក កឹម សុខា គឺលោក មុត ចន្ថា បានទេ នៅថ្ងៃអង្គារនេះ ខណៈសហមេធាវីរបស់លោកមួយរូប គឺលោក ផែង ហេង សុំមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ ក្រោមហេតុផលថាលោកមិនបានដឹង។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សំណុំរឿងលោក កឹម សុខា ស្ថិតក្នុងដៃរបស់ស្ថាប័នតុលាការ។ ដូច្នេះ រដ្ឋាភិបាលគ្មានសិទ្ធិ​លូកដៃចំពោះរឿងនេះឡើយ ។

លោកថា៖ «ខ្ញុំសូមអរគុណនូវការប្រឹងប្រែងរបស់មិត្តអឺរ៉ុប និង[ដំណើរទស្សនកិច្ច]មកកាន់កម្ពុជា។ នៅក្នុងករណីពង្រឹងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងតែប្រឹងប្រែងធ្វើ។ ក៏ប៉ុន្តែនៅក្នុងរឿងហ្នឹង នីតិរដ្ឋដែលយើងកំពុងប្រឹងប្រែង​កំណែទម្រង់ធ្វើដែរ។ នៅក្នុងករណីរបស់លោក កឹម សុខា ​នេះ គឺជាករណីរបស់តុលាការ រាជរដ្ឋាភិបាលអត់មានសិទ្ធិអីលូក​លាន់ ឬដាក់គំនាបលើតុលាការនោះទេ»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក​បណ្ឌិត សេក សុជាតិ ​យល់ថា​ ប្រសិនបើសំណុំរឿងលោក កឹម សុខា មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ ករណីនេះអាចដោះស្រាយបានយូរណាស់មកហើយ។ ដូច្នេះ រឿងលោក កឹម សុខា អាចដោះស្រាយបាន លុះត្រាតែអ្នកនយោបាយចរចាត្រូវគ្នា។

លោកថា៖ «ទោះបីជាមានការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបមកលើកម្ពុជាច្រើនជាងហ្នឹងទៀត ក៏មើលឃើញថា គាត់[រដ្ឋាភិបាល]មិនមានចេតនាក្នុងការដោះស្រាយដែរ ហើយរឿងដែលអាចដោះស្រាយបាននោះ គឺមានតែច្រកមួយគត់ដែលខ្ញុំមើលឃើញនោះ គឺគណបក្សកាន់អំណាច និងភាគីអតីត CNRP ត្រូវតែចរចាគ្នា ត្រូវតែដោះស្រាយគ្នា​តាមបែបនយោបាយ ​ទើបអាចមានដំណោះស្រាយ។ បើមិនអ៊ីចឹងទេ ខ្ញុំនៅតែមើលមិនឃើញពន្លឺ»។

ក្រៅពីតំណាងសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកា​រ​ប​រទេសសហ​រដ្ឋ​អា​មេ​រិក​ លោ​ក អែ​នតូ​នី ​ប្លី​ងខិ​ន​ (A​ntony J. Blinken) ​ក៏បានជំរុញ​មេដឹក​នាំកម្ពុជាឱ្យបើកលំហសិទ្ធិន​យោបាយសម្រាប់លោក កឹម​ សុខា​​ ព្រម​ទាំង​លំហសេរីភាព​​​ពលរដ្ឋកម្ពុ​ជា​ និង​​​​ប្រ​​ជាធិ​ប​តេយ្យ ​មុនការ​បោះឆ្នោតជា​តិ ឆ្នាំ​២​​​​០​​​២​​​៣ ​ដោយភ្ជា​ប់នឹ​ង​អ​ត្ថ​ប្រយោ​ជ​ន៍​មួ​យ​ចំនួ​​នស​​ម្រាប់​ក​ម្ពុជា​ទៀតផង។

លោក​ កឹម សុខា​ ត្រូវបានតុលា​ការដកសិទ្ធិ​ធ្វើនយោបាយជិត៥ឆ្នាំមកហើយ ​ក្រោយ​សម​ត្ថ​​កិច្ចឆ្មក់ចូលចា​​ប់​ខ្លួ​​​ន​នៅរាជធានីភ្នំពេញ ​កាលពី​​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២​០១៧​ ទាំ​ងមានអភ័យឯកសិទ្ធិស​ភា ​​ដោយ​ចោទថា «​គប់គិតជា​មួ​​យ​​​​បរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែសំណុំរឿងនេះត្រូវបានគេមើលឃើញថាជារឿងនយោ​បាយ​ ហើយមកទល់ពេលនេះ​ លោក កឹម សុខា នៅមិនទាន់ត្រូវបានតុលាការរកឃើញថាមានទោសនៅឡើយដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ