មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ករណី​ចាប់ខ្លួន​អនុភូមិ​ម្នាក់​បណ្ដាល​ឱ្យស្លាប់

លោក សួង ឌ័ន ទទួលមរណភាព ដោយសាច់ញាតិអះអាងថាលោកស្លាប់អំឡុងពេលកងរាជអាវុធហត្ថខេត្តកំពង់ធំចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង (ជល់មាន់) ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកកូនស្រីជនរងគ្រោះ)

មន្ត្រីជាន់ខ្ពស់កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ​មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ​​ចំនួន៣នាក់ត្រូវបាន​បញ្ជូនទៅតុលាការ ក្រោមបទចោទមនុស្សឃាតដោយអចេតនា ករណីចាប់ខ្លួនអនុប្រធានភូមិរូងម្នាក់បណ្ដាលឱ្យ​​ស្លាប់។

ក្នុងសន្និសីទសារព័ត៌មាន​នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃពុធ​នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ​បានថ្លែងថា ប្រតិបត្តិការចុះបង្រ្កាបករណីល្បែងស៊ីសងកាលពីថ្ងៃទី៧ ខែសីហានោះ សមត្ថកិច្ចបានឃាត់មនុស្សចំនួន៤នាក់ និងវត្ថុតាងមួយចំនួន​។ ​​លោកថា ជនសង្ស័យម្នាក់ជាអនុភូមិរូង ឈ្មោះ សួង ឌ័ន បានស្លាប់នៅក្នុងឡាន ខណៈ​កំពុងបញ្ជូនពួកគេទៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ធំ។

លោក អេង ហ៊ី អះអាងថា ការស្លាប់នេះមិនមែនបង្កដោយអំពើហិង្សានោះឡើយ។ យ៉ាងណា លោកថា បន្ទាប់ពីក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានស៊ើបអង្កេតតាមនីតិវិធីរួមមក។

លោកបន្តថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន៣នាក់ ក្នុងនោះមានលោក សៅ សិរីវុឌ្ឍ ជាជំនួយការអង្គភាពនគរបាលយុត្តិធម៌ លោក លុយ តាំងឈួយ ជាប្រធានអង្គភាពនគរបាលយុត្តិធម៌ និងនាយការិយាល័យព្រហ្មទណ្ឌ លោក សុខ ម៉េងហុង។ លោកថា ពួកគេ ត្រូវបាន​បញ្ជូនទៅតុលាការ​ ដោយចោទពីបទមនុស្សឃាតដោយអចេតនា។ ដោយឡែក ​មន្រ្តីចំនួន១០នាក់ទៀតកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ហើយបើរកឃើញថាពួកគេមានកំហុស នឹងអនុវត្តតាម​ច្បាប់​បន្តទៀត។

លោកថា៖ «ដូច្នេះ នៅពេលនេះ យើងបានបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទមនុស្សឃាតដោយអចេតនាចំនួន៣នាក់ ទីមួយឈ្មោះ សុខ ម៉េងហុង ដែលជានាយការិយាល័យ។ គាត់ជាអ្នកដឹកនាំ ដូច្នេះការធ្វេសប្រហែសរបស់គាត់ គាត់ធ្លាប់រៀនហើយ មន្ត្រីនគរបាលយុត្តិធម៌គឺជំនួយគ្រូពេទ្យ ពេលដែលអ៊ីចឹងត្រូវតែយកមកពេទ្យ។ តាមពិត ការឃាត់ខ្លួនជាភាពចាំបាច់ បើមិនចាំបាច់ គេមិនឃាត់នោះទេ! ជាសិទ្ធិសេរីភាព តែនេះគឺគាត់ឃាត់ហើយក៏នេះ..[បណ្ដាលឱ្យមនុស្សស្លាប់] ហើយនេះគឺការធ្វេសប្រហែស និងមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ។ អាហ្នឹងកំហុសរបស់គាត់។»

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ​ឱ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំទាំង៣នាក់បានបញ្ជូនមកដល់តុលាការហើយ និងកំពុងសាកសួរ​​មិនទាន់ចប់ឡើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ករណីនេះមានដំណើរការល្អ ដោយមានការស៊ើបអង្កេត និងចាប់ខ្លួនមន្រ្ដីកងរាជអាវុធហត្ថខេត្ត ៣នាក់ បញ្ជូនទៅតុលាការថែមទៀតផង។ យ៉ាងណា លោកថា សមត្ថកិច្ចជំនាញគួរតែបង្ហាញពីអ្នកពាក់ព័ន្ធផ្ទាល់ចំពោះរឿងសង្កត់កជនរងគ្រោះ ដូចដែលក្រុមគ្រួសារបានលើកឡើងឱ្យបានច្បាស់លាស់។

លោកថា៖ «យើងមើល៣នាក់នេះសុទ្ធតែជាការធ្វេសប្រហែសទេ អ្នកទាំងអស់ហហ្នឹងណា! តែនៅអ្នកដែលមានការចោទប្រកាន់ថារឿងសង្កត់កអីហ្នឹង មិនទាន់ឃើញមានការប្រកាសលទ្ធផលយ៉ាងម៉េចទេបាទ»។

​លោក សួង ឌ័ន មានវ័យ៤៧ឆ្នាំ ជាអនុភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

កូនស្រីបង្កើតរបស់លោក គឺកញ្ញា ឌិន និរតី ធ្លាប់បានអះអាងប្រាប់វីអូឌីថា ឪពុករបស់ខ្លួនបានស្លាប់ក្នុងរថយន្តសមត្ថកិច្ច ក្រោយប៉េអឹមបានចាប់ខ្លួនគាត់ ហើយសង្កត់នៅត្រង់ក ដែលធ្វើឱ្យគាត់ដកដង្ហើមមិនរួច។ កញ្ញានៅតែទទូចឱ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ក្នុងករណីនេះ ត្បិតឪពុករបស់គាត់មិនមែនស្លាប់ដោយសារជំងឺនោះឡើយ៕     

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ