មន្ត្រី​អាវុធហត្ថ​២នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​មួយ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់

លោក សួង ឌ័ន ទទួលមរណភាព ដោយសាច់ញាតិអះអាងថាលោកស្លាប់អំឡុងពេលកងរាជអាវុធហត្ថខេត្តកំពង់ធំចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង (ជល់មាន់) ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកកូនស្រីជនរងគ្រោះ)

សមត្ថកិច្ចជំនាញ​បានឃាត់ខ្លួន​​មន្ត្រីកង​រាជ​អាវុធហត្ថខេត្តកំពង់ធំ​ចំនួន២នាក់ ក្នុង​​​ករ​ណី​ចុះបង្រ្កាប​​ទីតាំង​ល្បែង​ស៊ីសង​អនឡាញមួយកន្លែង បណ្ដាលឱ្យមនុស្ស​ម្នាក់​ស្លាប់ ក្រោយ​​​ក្រុមការ​ងារ​ចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការស៊ើបអង្កេត។

សេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០២២​​​​​​នេះ ឱ្យដឹងថា ក្រោយពីក្រុមការងារ​ចំពោះកិច្ច​បាន​ធ្វើការស្រាវជ្រាវ និង​ស៊ើប​អង្កេតតាម​នីតិ​វិធី​​រួច​​មក ជុំវិ​ញករណី​ចុះ​បង្រ្កាប​​ទីតាំង​ល្បែង​ស៊ីសង​អន​ឡាញ​មួយ​កន្លែង ដែលបណ្ដាល​​ឱ្យជនសង្ស័យម្នាក់ស្លាប់ ដោយ​​​មន្រ្តីជំនាញនគរបាលយុត្តិធម៌បានសុំគោលការណ៍ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន២នាក់ ក្នុងនោះ​មាន​​នាយ​ការិយា​​ល័យ​ព្រហ្ម​ទណ្ឌ លោក សុខ ម៉េងហុង និងប្រធានអង្គភាពនគរបាលយុត្តិធម៌ លោក លុយ​ តាំងឈូយ

តែយ៉ាងណា សេចក្ដីប្រកាសព័ត៌មាន​មិនបានបញ្ជាក់​លម្អិតជុំវិញលទ្ធផលនៃការ​​ស៊ើបអង្កេតនោះនៅឡើយ ដោយ​ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹង​ធ្វើសន្និសីទ​សារ​ព័ត៌មាន​ ​ដើម្បីបញ្ជាក់អំពីលទ្ធផលនៃការស៊ើបអង្កេតករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ)​ និងការស្លាប់ជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុង​សាល​ប្រជុំ​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិត​នៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

យ៉ាងណា​មិញ កញ្ញា ឌិន នារតី ដែលអះអាងថាជាកូនបង្កើតរបស់លោក សួង ឌ័ន អនុប្រធានភូមិ​​ដែល​​បាន​ស្លាប់​នោះ​ ឱ្យដឹងថា មកទល់ពេលនេះ កញ្ញានៅមិនទាន់ដាក់ពាក្យបណ្ដឹងទៅតុលាការនៅឡើយ​ទេ ដោយនៅរង់ចាំស្ដាប់លទ្ធផលសិន។ កញ្ញាបញ្ជាក់​​ថា ប្រសិន​បើយុត្តិធម៌នៅមិនទាន់ទទួលបានពេញលេញនោះ កញ្ញានឹងដាក់ពាក្យបណ្ដឹងទៅតុលាការ។

កញ្ញាថា៖ «នៅទេបង! [មិនទាន់ដាក់ពាក្យបណ្ដឹង] ព្រោះខ្ញុំនៅចាំស្ដាប់លទ្ធផលសិន។ បើលទ្ធផល ខ្ញុំនៅតែទទួលយុត្តិធម៌មិនបានពេញលេញ គឺខ្ញុំដាក់ពាក្យបណ្ដឹង»។

បើតាម​កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការ​សម្របសម្រួលពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ​បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង​អនឡាញខុសច្បាប់​មួយកន្លែង ដោយក្នុងនោះបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤នាក់ រួមនឹងវត្ថុតាងមួយចំនួន​ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត។ ប៉ុន្តែក្នុងពេលធ្វើដំណើរនោះ ជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បាន​ស្លាប់។

ជុំវិញករណីនេះដែរ ហ្វេសប៊ុកឈ្មោះ «Nearadey Din» បាន​បង្ហោះថា លោក សួង ឌ័ន អាយុ៤៧ឆ្នាំ ដែលត្រូវ​ជាឪពុករបស់ខ្លួន បានស្លាប់ដោយសារប៉េអឹមបានចាប់ខ្លួនគាត់ ​ហើយ​សង្កត់នៅ​ត្រង់ក ដែល​ធ្វើឱ្យ​គាត់ដកដង្ហើមមិនរួច នៅ​ពេលដែល​គាត់​កំពុងជ្រក​ភ្លៀងនៅតូបកាហ្វេមួយកន្លែង។

ក្រោយហេតុការណ៍នេះ អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានបញ្ជាឱ្យបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីពិនិត្យនិងស្រាវជ្រាវ​ជុំវិញភាពមិនប្រក្រតី​ក្នុងការប្រតិបត្តិតួនាទីភារកិច្ច ពាក់ព័ន្ធនឹង​ករណី​មន្ត្រីកងរាជអាវុធហត្ថ​ខេត្តកំពង់ធំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ