World Vision ថាអំពើហិង្សាអន្តរជំនាន់ប៉ះពាល់ផ្លូវកាយ ចិត្ត និងរំខានធ្ងន់ធ្ងរដល់សក្ដានុពលរបស់យុវជន

សិក្ខាសាលាស្តីពី «ការរាយការណ៍អំពីអំពើហិង្សាក្នុងចំណោមយុវជន អន្តរជំនាន់ និងការពង្រឹងភាពអង់អាចដល់យុវជន» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ (ហ៊ាន រង្សី)

ការសិក្សាមួយរបស់អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា (World Vision) រក​ឃើញ​ថា អំពើហិង្សា​ត​ជំនាន់«អន្តរជំនាន់» មានឥ​រិយាបថហានិភ័យ មិន​មែន​ជា​វិធីសាស្ត្រល្អសម្រាប់​អប់រំ​មនុស្ស ខណៈ​វា​បាន​ត្រឹម​បន្សល់​នូវ​ភាព​ដិត​ដាម ប៉ះពាល់ផ្លូវកាយ ចិត្ត និងសក្តានុពលរបស់យុវជន ស្របពេលការសិក្សារកឃើញថា ឪពុក-ម្តាយ និងគ្រូបង្រៀន បានប្រព្រឹត្តអំពើហិង្សាច្រើនជាងគេ។

ការរកឃើញនេះត្រូវបាន​បង្ហាញ​ក្នុងសិក្ខាសាលាស្តីពី «ការរាយការណ៍អំពីអំពើហិង្សាក្នុងចំណោមយុវជន អន្តរជំនាន់ និងការពង្រឹងភាពអង់អាចដល់យុវជន» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ យេនឌ័រ និងការចូលរួម នៃអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា (World Vision) លោក យាង សិដ្ឋសមប្រាថ្នា ថ្លែងថា ការសិក្សា សម្ភាសដោយប្រើទម្រង់សំណួរ ឆ្លុះបញ្ចាំងជាមួយយុវជននៅតាមសហគមន៍ បានរកឃើញថា ពួកគេបានដិតដាមនូវអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការកេងប្រវ័ញ្ចផ្សេងៗ ហើយបាន​ប្រព្រឹត្តនូវហិង្សាទាំងនោះបន្តពីមនុស្សចាស់។

ការសិក្សាដែលត្រូវបានធ្វើឡើងនៅគោលដៅខេត្តចំនួន១០ ដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង តាកែវ ព្រះវិហារ​ ជាដើម រក​ឃើញ​ដែរ​ថា មនុស្សចាស់បានយកគំរូភាពពីមនុស្សជំនាន់មុន​ដដែលៗ ដោយ​ប្រើអំពើ​ហិង្សា​មក​លើ​មនុស្ស​ជំនាន់​ក្រោយ ឬអំពើហិង្សា «អន្តរជំនាន់»។ ក្នុង​នោះ លោកថា ការ​សិក្សាបានរកឃើញថា ឪពុកម្តាយ និងគ្រូបង្រៀន បានប្រព្រឹត្តអំពើហិង្សាច្រើនជាងគេ ដោយពួកគេគិត​ថា ​ការ​ប្រើ​អំពើ​ហិង្សា វាយដំ ឬជេរស្តីដាក់បន្ទុក គឺជារឿងធម្មតា ហើយជាវិធីសាស្ត្រល្អដើម្បីអប់រំមនុស្ស​ជំនាន់ក្រោយ។

យ៉ាងណា មន្ត្រីអង្គការទស្សនៈពិភពលោករូបនេះចាត់​ទុក​ថា នេះ​ជា​ការ​យល់​ប្រឡំ ព្រោះតា​ម​ពិត ​អំពើហិង្សាមិន​បាន​ជំរុ​ញ​ឱ្យអ្នកជំនាន់ក្រោយមានផ្នត់គំនិត និងការអនុវត្តល្អប្រសើរឡើយ ប៉ុន្តែថែមទាំងបន្សល់​ឱ្យ​ពួកគេនូវការ​ឈឺចាប់ និងបន្តទម្លាប់ប្រើហិង្សាទៅកាន់មនុស្សជុំវិញខ្លួនផងដែរ។ ជាក់ស្តែង លោកថា នៅពេលកុមារ និងយុវជន មានបញ្ហាជាមួយ​មិត្តភក្តិនៅសាលារៀន ពួកគេពុំសូវមានដំណោះស្រាយផ្សេង​ក្រៅពីឈ្លោះប្រកែក និង​វាយតប់គ្នានោះឡើយ។

លោក យាង សិដ្ឋសមប្រាថ្នា ថ្លែង​ថា៖ «អន្តរជំនាន់ហ្នឹងមានន័យថា បទពិសោធមនុស្សចាស់ដែលគាត់ប្រើប្រាស់អំពើហិង្សា ហើយគាត់គិតថាអាហ្នឹងជាវិធីសាស្ត្រមួយដែលល្អ ធ្វើឱ្យយុវជនអាចមានភាពល្អប្រសើរទៅថ្ងៃមុខ ហើយគាត់ប្រើប្រាស់ជាប្រចាំ។ នៅពេលដែលគំរូភាពបែបនេះ វាកើតមាននៅក្នុងសហគមន៍ យុវជនគាត់មើលឃើញថា អំពើហិង្សាគឺជាវិធីសាស្រ្តដែរ អ៊ីចឹងគាត់នៅតែប្រើ។ តែបើយើងមើល ​គឺ​អាទាំងអស់ហ្នឹង វាមើលទៅ វាបន្តតែអំពើហិង្សា វាអត់បន្ត​ភាពល្អប្រសើរទេ ហើយការសិក្សាជាច្រើនបានបង្ហាញថា អាហ្នឹងមានផលប៉ះពាល់ច្រើន»។

លោកបន្តថា៖ «ការប្រើប្រាស់អំពើហិង្សាជារឿងមួយដែលមិនមានលទ្ធផលល្អចំពោះយុវជនជំនាន់ក្រោយទេ អ៊ីចឹងពេលដែលគាត់ចង់ដោះស្រាយបញ្ហាអី គាត់មើលឃើញភាពខុសគ្នាអី គឺគាត់អត់មានវិធីសាស្រ្តក្នុងការដោះស្រាយ គឺគាត់ប្រើប្រាស់អំពើហិង្សាហ្នឹងហើយ។ អ៊ីចឹងអ្នកដែលប៉ះពាល់ខ្លាំងជាងគេ គឺកុមារ ក៏ប៉ះពាល់ដល់ស្ថានភាពសង្គមដែរ ព្រោះយុវជននៅក្នុងប្រទេសកម្ពុជាយើងមានភាគរយច្រើន។ ហើយយើងតែងតែនិយាយថា យុវជនមានសក្តានុពល ប៉ុន្តែយើងសួរត្រលប់ទៅវិញ បើសិនជាគាត់មានឥរិយាបថហានិភ័យ ប្រើប្រាស់អំពើហិង្សាទាំងអស់ហ្នឹង ហើយសួរថាតើអាសក្តានុពលហ្នឹងនឹងអភិវឌ្ឍសហគមន៍ និងសង្គមយើងរបៀបម៉េច!»

លោក យាង សិដ្ឋសមប្រាថ្នា បន្ថែមថា ការប្រើហិង្សាជារឿងមិនអាចទទួលយកបាន ខណៈជនរងគ្រោះ គឺជាកុមារ និងយុវជន ព្រោះពួកគេបានដិតដាមការឈឺចាប់ ហើយអនុវត្តតាមដោយមិនដឹងខ្លួន។

បើទោះជាយ៉ាងនេះក្តី លោកអះអាងថា ការសិក្សារបស់អង្គការ World Vision ប្រចាំកម្ពុជា ចំនួន២លើក ក៏​បង្ហាញ​នូវការប្រែប្រួល ក្នុងនោះ ការសិក្សានៅឆ្នាំ២០១៨ បង្ហាញ​ថា មាន​យុវជន​ជិត ៨០%បាន​អះអា​ង​ថា ពួកគេបានប្រើអំពើហិង្សាទៅកាន់អ្នកជុំវិញខ្លួន ខណៈនៅឆ្នាំ២០២១ ភាគរយនៃការប្រើហិង្សាពីសំណាក់ក្រុមយុវជនដដែល ​ថយចុះមកត្រឹមជាង ៤០% បន្ទាប់ពីពួកគេបានចូលរួមផ្លាស់ប្តូរមតិយោបល់ឈ្វេងយល់ពីបញ្ហា និងដំណោះស្រាយ។

យ៉ាងណា លោកទទួលស្គាល់ថា ការផ្លាស់ប្តូរឥរិយាបថប្រើប្រាស់អំពើហិង្សានេះ មិ​នអាចផ្លាស់ប្តូរភ្លាមៗឡើយ ពោលគឺត្រូវការពេលវេលា និងជំនួយពីអ្នកសារព័ត៌មានក្នុងការ​​ផ្សព្វផ្សាយនូវផលអវិជ្ជមាន​នៃអំពើ​ហិង្សា ព្រមទាំងមតិយោបល់ដោះស្រាយពីអ្នកជំនាញ។

និពន្ធនាយិការងនៃសារព័ត៌មានថ្មីៗ កញ្ញា ខន ចំប៉ា ដែលបានចូលរួមក្នុងសិក្ខាសាលានោះដែរ បានលើក​ឡើង​ថា អំពើ​ហិង្សា​ក្នុង​ចំណោម​យុវជន និងអន្តរជំនាន់ បើទោះក្នុងរូបភាពណាក៏មិនមែនជាទម្រង់នៃការអប់រំ ហើយ​ក៏ជារឿងដែលមិនអាចទទួលយកបាន ខណៈវាបានត្រឹមបន្សល់នូវភាពដិតដាមអវិជ្ជ​មានតជំនាន់ប៉ុណ្ណោះ។ ករណីនេះ កញ្ញា​​ទាមទារឱ្យមានការផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីកាត់បន្ថយ និង​ឈានដល់ការលុបបំបាត់អំពើហិង្សា។

កញ្ញាថា៖ «ការប្រើប្រាស់អំពើហិង្សា វាមិនមែនជាគំរូល្អនៅក្នុងសង្គម ដែលគាត់ត្រូវតែប្រើប្រាស់អំពើហិង្សាហ្នឹងដើម្បីអប់រំ ដើម្បីណែនាំ ឬក៏ដើម្បីបង្ហាញថាឱ្យគាត់[កុមារ ឬយុវជន]ទទួលស្គាល់កំហុសទេ អ៊ីចឹងវាអត់ល្អទេ។ ហើយការប្រើប្រាស់អំពើហិង្សាហ្នឹង ក៏វាបង្ហាញគំរូមិនល្អទៅដល់អ្នកជំនាន់ក្រោយរបស់គាត់បន្ថែមទៀត»។

កញ្ញាថា ការបញ្ឈប់អំពើហិង្សា គឺផ្តើមចេញពីបុគ្គលខ្លួនឯងម្នាក់ៗ ត្រូវបញ្ឈប់នូវការប្រើប្រាស់ពាក្យសម្តីដាក់គគ្រាត ដាក់បន្ទុក និងការវាយដំ ទាំងក្នុងគ្រួសារ​ និងសហគមន៍។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង គាំទ្រថា អំពើហិង្សាគឺជារឿងដែលមិនគួរកើតឡើង ព្រោះវាបង្កនូវការឈឺចាប់ផ្លូវកាយ ផ្លូវចិត្តដល់កុមារ។ លោកស្រីបន្តថា អ្វីដែលឪពុកម្តាយ និងគ្រូបង្រៀន ត្រូ​វ​ធ្វើជំនួស​ឱ្យ​ការ​វាយ គឺអប់រំពួកគេដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ខណៈសម័យនេះមិនដូច​ពីសម័យមុនឡើយ។

លោកស្រីបន្តថា៖ «អ៊ីចឹងយកល្អ កុំឱ្យមានតែម្តង! បើកាលណានៅតែប្រព្រឹត្តការវាយតប់ហ្នឹងទៀត វាធ្វើឱ្យចម្លងអារម្មណ៍ថាអំពើហិង្សាជារឿងធម្មតា ហើយពេលកូនឬសិស្សធ្វើអីខុស ត្រូវតែវាយ ត្រូវតែអីអីអ៊ីចឹង ហើយវាអត់ត្រូវឱ្យមានអំពើហិង្សាដែលឈានដល់ជារឿងធម្មតាទេ […] អ៊ីចឹង​ខ្ញុំគិតថា យើងមានវិធីសាស្ត្រអប់រំច្រើន តែអប​ស្ទប​ទៅនឹងការយល់ដឹងអំពីភារកិច្ច និងការទទួលខុសត្រូវរបស់យើង ដែលជាអ្នកអប់រំបន្ត​ពី​ឪពុកម្តាយចំពោះកូន និងពីគ្រូមកកាន់សិស្សហ្នឹង»។

យ៉ាងណា លោកស្រីយល់ថា បើមើលមួយជ្រុងទៀត ការប្រើអំពើហិង្សា គឺអាស្រ័យលើចេតនាផងដែរ ព្រោះពីជំនាន់មុន ឪពុកម្តាយវាយកូន គឺចង់កែតម្រូវកូនពេលធ្វើខុស តម្រែតម្រង់កូនឱ្យដើរផ្លូវល្អ ខណៈ​​គ្រូបង្រៀនបានយកការគំរាមថា​វាយនឹងរំពាត់ ដើម្បិឱ្យសិស្សប្រឹងប្រែង​រៀនសូត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ