អ្នកជំនាញបារម្ភពីហានិភ័យជាតិ បើទំនាក់ទំនងកម្ពុជា-អាមេរិកនៅបន្តធ្លាក់ចុះ

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកជំនាញនយោបាយ និងសិទ្ធិ​មនុស្ស បារម្ភ​ពី​ហានិភ័យ​របស់​កម្ពុជា បើទំ​នាក់ទំនងការទូត​រវាង​​កម្ពុជា-អាមេរិកបន្ត​ធ្លាក់​ចុះ ​ជុំវិញ​ការមិនជឿទុកចិត្តគ្នាអំពី​វត្ត​មាន​កង​ទ័ព​ចិន​លើទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយ​កខ្វក់ និងធ្លាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកជុំវិញការជួញដូរមនុស្ស។

ក្តីបារម្ភ​នេះបាន​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា តាម​រយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក​របស់​នាយកដ្ឋានព័ត៌មាន​ នៃ​​ក្រសួង​ការ​ពារ​​ជាតិ កាល​ពីថ្ងៃទី២៣ ខែវិច្ឆិកា​នេះ បាន​ដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការពារ​ជាតិកម្ពុជា ក្រោយ​ជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ថាទំនាក់​ទំនង​យោធាក​ម្ពុជា​និងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក។ បញ្ហានេះ កម្ពុជាផ្តល់ជាជម្រើសថា ប្រសិនបើភាគីអាមេរិកយល់ឃើញថា​ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរមានសារសំខាន់ ភាគីទាំងពីរ​ត្រូវតែ​ស្វែងរ​ក​មធ្យោបាយ​ល្អបំផុត សម្រាប់​ការ​យោគយល់គ្នា និងគោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅមក។

ប្រតិកម្មបែបនេះ ក្រោយពីភាគីអាមេរិកនៅតែបន្តលើកឡើងថា វត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ជាការគំរាមកំហែងសន្តិសុខតំបន់ បើទោះបីកម្ពុជាធ្លាប់បានច្រានចោលច្រើនដងមកហើយក្តី។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ​ថា បញ្ហាកើត​​ឡើង​​ដោយ​​សារតែ​តំបន់​អាស៊ាន មាន​ទាំង​កម្ពុជា​ផង​នោះ ពេល​នេះបា​ន​ក្លាយ​ជាតំប​ន់​ប្រទាញ​ប្រទង់​ខាង​ភូមិសាស្ត្រ​​នយោបាយរវាងមហាអំណាចលោ​កសេរី សហរដ្ឋអាមេរិក និងមហាអំណាចកុម្មុយនីស្ត ចិន ដូច្នេះហើយអាមេរិក និងសម្ពន្ធមិត្ត ច​​ង់ឱ្យ​កម្ពុជា និងអាស៊ាន ឈរនៅចំនុចកណ្ដាល ឬអព្យាក្រឹត្យ​ ដើម្បី​ទប់​ស្កាត់​ការ​ហក់​ឡើង​នៃ​ឥទ្ធិពលមហាអំណាចចិន។

លោកគូសបញ្ជាក់ថា កម្ពុជាជារដ្ឋតូច គួរ​លាង​ជម្រះមន្ទិល​នេះ បើ​មិនដូច្នេះទេ កម្ពុជា​នឹង​បា​​ត់បង់​ប្រយោជន៍​ធំធេង ទាំងវិស័យនយោបាយការទូត និង​សេដ្ឋ​កិច្ច រួមទាំងវិធានការដាក់សម្ពាធលើ​ឆាក​អន្តរជាតិ​ពី​សម្ពន្ធ​មិត្ត។

អ៊ីចឹងកម្ពុជា​ត្រូវ​ការ​ពឹង​ពាក់​អត្ថប្រយោជន៍ពាណិជ្ជកម្ម ដូចជា ប្រព័ន្ធអនុគ្រោះ GSP ​របស់​អាមេ​​​រិ​ក​ ត្រូវការទីផ្សារអាមេរិក ត្រូវការគាំពារផ្នែកការទូតពីសហរដ្ឋអាមេរិក។ ដូច្នេះយើងមិនត្រូវបោះបង់ឱកាស​នៃ​​​ទំនាក់​ទំនង ឬក៏ធ្វើឱ្យកម្ពុជា-អាមេរិកហ្នឹងមានភាពល្អក់កករ ដោយសារបញ្ហាណាមួយនោះទេ

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ​លោក ប៉ិច ពិសី លើកឡើងថា សហរដ្ឋមេរិក ជាមហាអំណាចមានឥទ្ធិពលទាំង​ផ្នែក​យោធា និង​សេដ្ឋកិច្ច ដែលបញ្ហានេះ លោកបារម្ភ​ថា វិធានការដាក់បន្ទុកណាមួយអាចនឹងកើតឡើងលើប្រទេសកម្ពុជា បើភាពមិនទុក​ចិត្តគ្នាកាន់តែរីកធំ ខណៈ​ទំនាក់ទំនងនេះ​បាន​ចាប់​ផ្តើម​​​មើល​គ្នាក្នុងផ្លូវមិន​ល្អទៅវិញទៅមកជិត៥ឆ្នាំមកនេះ ក្រោយពីតុលាការកម្ពុជារំលាយគណបក្សប្រឆាំង ដែល​អាមេរិកតែងតែរិះគន់​ការចោទប្រកាន់ទៅ​មេដឹកនាំបក្សប្រឆាំង។

លោកថា៖ «យើងដឹងហើយថា សហរដ្ឋអាមេរិក​ គាត់ជាមហាអំណាចធំ ដែលគា​ត់​អាចប្រើសម្រាប់អាមេរិក​តែម្តង ហើយគាត់មានឥទ្ធិពលទៅដល់ប្លុកដទៃទៀត ដូចជា សហភាពអឺរ៉ុប សមាជិកគាត់នៅអាស៊ីអីជាដើម គាត់អាចប្រើប្រាស់ឥទ្ធិពលនេះដើម្បីដាក់ទណ្ឌកម្ម»

ដូចគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើក​ឡើង​ថា ក្រោយ​មាន​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប្រ៉ារីស កម្ពុជាប្រកាន់យក​របបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែ​​លោក​ថា ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយ​នេះ លោកមើលឃើញថា បរិបទនយោបាយនៅកម្ពុជា​ហាក់ងាកទៅរកប៉ូល​មហា​អំណាច​ចិន។

ជាកា​រ​កត់​សម្គាល់ បរិបទនេះបានកើតឡើងក្រោយបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់លើទីលានប្រកួតការបោះឆ្នោត តាមយន្តការប្រជាធិបតេយ្យ នៅឆ្នាំ២០១៣ និងឆ្នាំ​២០១៧។

លោកបារម្ភថា កម្ពុជាអាចនឹង​ជួប​បញ្ហា​ធំ បើ​អ្នក​នយោបាយមិនស្ដារទំនាក់ទំនងរវាង​ប្រទេស​ទាំង២ ឱ្យ​មាន​​ភាព​​ល្អ​​ប្រសើរ​ឡើងវិញ ស្រប​ពេល​ដែលកម្ពុជាកំពុងជាប់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរ​មនុស្សរបស់​សហរដ្ឋអាមេរិក និងមិនទាន់ដកខ្លួនរួចពីប្រទេសឃ្លាំមើលការលាងលុយកខ្វក់ជិត៥ឆ្នាំមកនេះ។

លោកថា៖ «អ្វីដែលយើងបារម្ភបំផុតនោះ គឺផលប្រយោជន៍ដែលយើងទទួលបាន​សម្រាប់ពលរដ្ឋ សម្រាប់ជីវភាព ភាពរីកចម្រើនប្រទេសជាតិយើងអាចនឹងមានវិធានការថមថយ ប្រសិនបើមានវិធានការបន្តបន្ទាប់មកទៀតហ្នឹង»

យ៉ាងណា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា កម្ពុជា​អាចនឹ​​ង​​​បន្តទាញយកប្រយោជន៍ពីប្លុកលោកសេរី និង​ប្លុកកុម្មុយនីស្តបាន បើរដ្ឋាភិបាលពិតជាអនុវត្តរដ្ឋធម្មនុញ្ញ។ ប៉ុន្តែលោកបារម្ភថា កម្ពុជានឹងជួបវិបត្តិ បើកម្តៅការទូតរវាងកម្ពុជា-អាមេរិកនៅ​តែ​បន្ត​ហក់​ឡើង ខណៈ​បញ្ហា​សកលបានក្លាយជាសង្រ្គាមភូមិសាស្ត្រនយោបាយទៅហើយនោះ។

តែយ៉ាងណា នៅក្នុងជំនួបពិភាក្សាការងារជាមួយ​លោក​ Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស​នៃរដ្ឋសភាអាមេរិក កាលពីថ្ងៃម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា

ទំនាក់ទំនងរវាងកម្ពុជា និង​សហរដ្ឋអាមេរិក នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់។ នេះបើតាម​ការ​ផ្សព្វផ្សាយនៅលើទំព័រហ្វេស​ហ៊ុកផ្លូវការរបស់​នាយករដ្ឋមន្ត្រីកម្ពុជា​។​

ជុំវិញ​បញ្ហា​នេះ ​សេត​វិមាន កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ បាននិយាយថា ក្នុងជំនួបរវាង​ប្រធានាធិបតីអាមេរិក​ លោក ចូ បៃដិន ជាមួយលោក​​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពី​​​កិច្ចប្រជុំកំពូលអាស៊ាន​ មេដឹក​នាំ​អាមេរិក​​បាន​លើក​ឡើង​ពី​កង្វល់​ទាក់ទងស្ថា​នការណ៍​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​​រាម ក្នុងខេត្តព្រះសីហនុ ដែលអាមេរិក​ថាមាន​​ពាក់ព័ន្ធសកម្មភាព​កង​​ទ័ព​សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានោះដែរ​ លោក ចូ បៃដិន ក៏បាន​ទាមទារឱ្យដោះលែងសកម្មជននយោបាយបក្សប្រឆាំង និងទាម​ទារឱ្យបើកលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់។

ដោយឡែក រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៥៣​ ចែងថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ​ អចិន្ត្រៃយ៍​ និង​មិន​ចូល​បក្ស​សម្ពន្ធ ហើយរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

មាត្រាដដែលបន្តថា ​កម្ពុជា​​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខណ្ឌ​​​របស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ