ទិន្នន័យពីក្រុមការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា ការឆ្លងវីរុសកូវីដ-១៩ថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះ កាលពីថ្ងៃចន្ទម្សិលមិញ មានចំនួន១ ៩៣២ករណី ដែលជាតួលេខទាបបំផុតគិតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ខណៈរដ្ឋាភិបាលប្រទេសនេះនឹងបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតនៅកោះជ្វា (Java) និងកោះបាលី (Bali)។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីទេសរដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រទេសឥណ្ឌូនេស៊ី លោក Luhut Pandjaitan មកចុះផ្សាយថា ឥណ្ឌូនេស៊ីដែលត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតមានការឆ្លងសរុបជាង៤លានករណី និងអ្នកស្លាប់ជាង១៤ម៉ឺននាក់ ប៉ុន្តែករណីឆ្លងថ្មីបានធ្លាក់ចុះ ៩៨% ពីកម្រិតខ្ពស់ដែលបានរាយការណ៍ក្នុងខែកក្កដាកន្លងទៅ។
ទោះជាយ៉ាងណា លោក Luhut Pandjaitan បានព្រមានថា ហានិភ័យនៃរលកឆ្លងថ្មីនៅតែអាចកើតមានឡើង ខណៈវិធានចត្តាឡីស័កនឹងត្រូវពង្រឹងនៅគ្រប់ទីតាំងចូលមកកាន់ប្រទេសទាំងអស់។
លោកថ្លែងបន្តនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ហានិភ័យមួយក្នុងចំណោមហានិភ័យជាច្រើន គឺមកពីក្រៅប្រទេស ដោយសារតែចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងរបស់យើងនៅតែខ្ពស់នៅឡើយ»។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី កាលពីសប្ដាហ៍មុន ក៏បានឱ្យដឹងដែរថា ខ្លួនបាននិងកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនឱសថចំនួន៦ ដើម្បីក្លាយជាមជ្ឈមណ្ឌលសកលមួយសម្រាប់ផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ក្នុងនោះមានតិចជាង៣០ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងគ្រប់ដូស៕