រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Luigi Di Maio បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន មិនអាចទទួលស្គាល់បានទេ ប៉ុន្តែលោកបានជំរុញឱ្យរដ្ឋាភិបាលបរទេសជួយទប់ស្កាត់ការដួលរលំហិរញ្ញវត្ថុនៅទីនោះ ដែលអាចនឹងបង្កឱ្យមានលំហូរជនចំណាកស្រុកយ៉ាងច្រើន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសរូបនេះដែលបានថ្លែងប្រាប់ទូរទស្សន៍ Rai 3 ខណៈដែលលោកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 នៅទីក្រុងញូវយ៉កថា៖ «ការទទួលស្គាល់រដ្ឋាភិបាលតាលីបង់មិនអាចទៅរួចនោះទេ ដោយសារតែក្នុងចំណោមរដ្ឋមន្ត្រីរបស់ពួកគេ ក្នុងនោះមានភេរវករចំនួន១៧នាក់ ហើយសិទ្ធិមនុស្សរបស់ស្ត្រីនិងក្មេងស្រីនានាត្រូវបានរំលោភបំពានជាបន្តបន្ទាប់»។
ទោះជាយ៉ាងណា លោកបន្ថែមថា ប្រជាជនអាហ្វហ្គានីស្ថានគួរតែចាប់ផ្តើមទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលត្រូវបានផ្អាកផ្ដល់ជូន បន្ទាប់ពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែមុន។
លោកថា៖ «ជាការពិតណាស់ យើងត្រូវតែការពារអាហ្វហ្គានីស្ថានពីលំហូរនៃការធ្វើចំណាកស្រុកដែលមិនអាចគ្រប់គ្រងបាន ដែលអាចនឹងបង្កជាអស្ថិរភាពដល់ប្រទេសជិតខាង»។
លោកបន្តថា៖ «យើងក៏បានយល់ព្រមផងដែរថា ផ្នែកមួយនៃជំនួយមនុស្សធម៌ត្រូវតែបន្តដំណើរការ ដើម្បីជួយដល់ការការពារស្ត្រីនិងក្មេងស្រី»។
លោក Luigi Di Maio ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្រុមប្រទេស G20 រួមជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថានប្តេជ្ញាប្រយុទ្ធប្រឆាំងភេរវកម្ម និងធ្វើការដើម្បីការពារសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) ក៏បានលើកឡើងកាលពីសប្ដាហ៍មុនថា ការដាក់ទណ្ឌកម្មឬការរឹតត្បិតនានាដោយឯកតោភាគីលើអាហ្វហ្គានីស្ថានគួរតែត្រូវបានដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ៕