រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ក្រោម​ហេតុផល​កូវីដ-១៩

ពលរដ្ឋបើកបរយាន្តយន្តឆ្លងកាត់​​អគារ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅតាម​មហាវិថី​ព្រះមុនីវង្ស។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ក្រោមហេតុផលនៃការឆ្លងជំងឺកូវីដ-១៩កំពុងកើនឡើង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា មូលហេតុនៃការពន្យារពេលអនុវត្តអនុក្រឹត្យនេះ គឺដោយសារតែបារម្ភពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។

លោកថា៖ «បាទ! ជាគោលការណ៍ យើងពន្យារហើយ ដោយសារបញ្ហាកូវីដ! [តើវាមានអ្វីទាក់ទងនឹងការអនុវត្តអនុក្រឹត្យ?] ព្រោះវាជាសកម្មភាព កាលណាយើងអនុវត្ត យើងត្រូវរៀបចំដំឡើង រៀបចំបញ្ជាទិញសម្ភារបរិក្ខារ ដើម្បីរៀបចំមាត់ច្រក និងត្រូវផ្ដល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនណាមួយដែលរដ្ឋាភិបាលយល់ថាមានសមត្ថភាពអាចបង្កើតមាត់ច្រកអ៊ីចឹងទៅ! ហើយអ៊ីចឹងទៅ វាប៉ះពាល់ជាមួយការចរាចរ»។

លោក មាស ប៉ូ បានបដិសេធចំពោះការលើកឡើងថា ការពន្យារពេលអនុវត្តអនុក្រឹត្យនេះបណ្ដាលមកពីការរិះគន់របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ លោកក៏បានបដិសេធនឹងសំណួររបស់អ្នកកាសែតដែលថាអនុក្រឹត្យនេះនឹងត្រូវពន្យារពេលរហូតដល់ពេលណានោះផងដែរ។ ​

តាមគម្រោង អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដែលអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានរិះគន់ និងទទូចឱ្យរដ្ឋាភិបាលទម្លាក់ចោលជាយូរមកហើយនោះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ស្អែកនេះ ប៉ុន្តែត្រូវបានពន្យារពេលទៅវិញ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សាទរនឹងរដ្ឋាភិបាលដែលពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» នេះ។ ប៉ុន្តែលោកស្រីជំរុញទៅរដ្ឋាភិបាលគួរតែធ្វើការលុបចោលនូវអនុក្រឹត្យនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់លំហសេរីភាពប្រជាធិបតេយ្យតាមប្រព័ន្ធអនឡាញនេះ ។

លោកស្រីមានប្រសាសន៍ថា៖ «ក្ដីកង្វល់គឺអនុក្រឹត្យនេះផ្ដល់វិសាលភាពក្នុងការរឹតត្បិតទៅដល់លំហក្នុងបញ្ចេញមតិ លំហសង្គមស៊ីវិល តាមរយៈប្រព័ន្ធអនឡាញ ដោយមានការបង្កើន​នូវអំណាចរបស់រដ្ឋាភិបាលក្នុងការ​គ្រប់គ្រង ក្នុង​ការត្រួតត្រា ឬតាមដាននូវការប្រាស័្រយ​ទាក់ទង ឬក៏ការគ្រប់គ្រងទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការ​ទប់ស្កាត់ ឬក៏ផ្អាកនូវសេវាណាមួយមានភាពងាយស្រួលមែនទែននូវហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតថ្នាក់ជាតិនេះ»។

លោកស្រីបន្តថា៖ «ការពន្យារពេលនេះ វាអាចជួយបានមួយផ្នែកក្នុងការធានាថា លំហសេរីភាព​របស់យើងនៅតែបន្តបានដែលមានលក្ខណៈសេរី ប៉ុន្តែ​ទោះបីជាយ៉ាងណា ការ​សម្រេច​នេះគ្រាន់តែជាការបណ្ដោះអាសន្ន មិនធានាថាដំណើរការនេះត្រូវបានផ្អាករហូត​នោះ​ទេ»។

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍បន្តថា អនុក្រឹត្យនេះនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យលំហស៊ីវិលដែលមានលក្ខណៈរឹតត្បិតរួចទៅហើយនោះ កាន់តែរួមតូចទៅៗ។ ម្យ៉ាងវិញទៀត អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ។

មិនតែប៉ុណ្ណោះ ពួកគេថា អនុក្រឹត្យនេះបានផ្ដល់អំណាចលើសលុបដល់ប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងការតាមដានគេហទំព័រដែលមនុស្សទូទៅចូលមើល ក៏ដូចជាបណ្ដុំទិន្នន័យលម្អិតទាក់ទងនឹងរាល់ការចូលមើលគេហទំព័រ។ អនុក្រឹត្យនេះក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរអាចបិទការចូលប្រើអ៊ីនធឺណិត ឬបិទគេហទំព័រ ឬដែនអ៊ិនធឺណិតជាក់លាក់ណាមួយតាមអំពើចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ