ប្រព័ន្ធយុត្តិធម៌ត្រូវបានគេមើលឃើញថា ជាឧបសគ្គចម្បងមួយរារាំងដល់ការប្រកួតអំណាចតាមគោលការណ៍ប្រជាធិបតេយ្យ បើប្រព័ន្ធនេះត្រូវបានជ្រៀតជ្រែកដោយឥទ្ធិពលនយោបាយ។
ជ្រុងមួយនៃបញ្ហានេះ មេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការវិលត្រលប់ទៅកាន់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ បើទោះបីមានការគាំទ្រពីប្លុកលោកសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្ដី។
ភាពចម្រូងចម្រាសនេះជំរុញឱ្យមានការព្រួយបារម្ភពីផលប៉ះពាល់ដល់វិស័យការងារ ធនាគារ វិនិយោគ សេដ្ឋកិច្ច រួមទាំងអ្នកជំនួញ បើគ្មានការសន្ទនានយោបាយ ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញទេនោះ។
ការព្រួយបារម្ភនេះស្របពេលវិបត្តិនយោបាយអូសបន្លាយជិត៥ឆ្នាំ ជំរុញឱ្យមានកំណើនវិធានការជាបន្តបន្ទាប់ពីប្លុកលោកសេរី ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាការកត់សម្គាល់ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា ហៅកាត់ថា S.3052 ដែលតាក់តែងឡើងដោយតំណាងរាស្ត្រអាមេរិក ត្រូវបានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តរួចហើយកាលពីថ្ងៃទី១៩ ខែកក្កដា។
សេចក្តីស្នើច្បាប់នេះមានទិសដៅចម្បង ដើម្បីដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកដែលរួមចំណែករំលោភសិទ្ធិមនុស្ស និងគាស់រម្លើងពន្លកប្រជាធិបតេយ្យ។
ស្របនឹងច្បាប់នេះកំពុងរុញដល់ដៃព្រឹទ្ធសភាពេញអង្គដើម្បីដាក់ទណ្ឌកម្មផ្សេងៗ អាមេរិកក៏បានដាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះផងដែរ។
បន្ថែមពីនេះ សមាជិកសភាអាមេរិកបានធ្វើសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ចំនួន២រួចមកហើយ ដែរក្នុងនោះមានច្បាប់សកលស្ដីពី «មែគនីតស្គីអ៊ែក (GlobalMagnitsky Act)» និងច្បាប់ស្តីពី «ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ដែលហៅថា HR.4686។
បច្ចុប្បន្ន ឈ្មួញនិងក្រុមហ៊ុនមួយចំនួនដែលរងការចោទប្រកាន់ចូលរួមប្រព្រឹត្តអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់សកលនោះរួចទៅហើយដែរ ដូចជា មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សនាយករដ្ឋមន្រ្តី លោក ហ៊ីង ប៊ុនហៀង, អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងសមាជិកគ្រួសារ៣នាក់ទៀត ដែលគេស្គាល់ថាជាឈ្មួញឈើដ៏ធំនៅស្រុកខ្មែរ គឺលោក ទ្រី ភាព។
ក្រៅពីនេះ មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា២រូប គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក កំពុងជាប់ទណ្ឌកម្មក្រោមច្បាប់សកលនេះ។
ដាច់ដោយឡែកពីនេះ អំឡុងឆ្នាំ២០២០ សហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ២០ភាគរយ ពីកម្ពុជា មុនកាលកំណត់ ដោយសម្អាងថាបានរកឃើញមានការរំលោភជាប្រព័ន្ធទៅលើអ្នកនយោបាយប្រឆាំង ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារជាដើម។
នៅឆ្នាំ២០២២នេះ សភាអឺរ៉ុបក៏ព្រមានផងដែរពីវិធានការដកប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុងពីកម្ពុជា បើក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខ្លួនរកឃើញថា ទីលានប្រកួតនយោបាយនៅតែមិនវិលទៅរកគន្លងប្រជាធិបតេយ្យ ធានាដល់សិទ្ធិចូលរួមធ្វើនយោបាយឡើងវិញពីគណបក្សប្រឆាំងដែលគួរឱ្យទុកចិត្តនោះ។
ចំណាត់ការនេះកើតឡើងក្រោយពីតុលាការកម្ពុជាសម្រេចរំលាយ «គណបក្សសង្រ្គោះជាតិ» ដែលជាគូប្រកួតនយោបាយដ៏មានសក្តានុពលជាមួយគណបក្សប្រជាជនកម្ពុជា ចេញពីសង្វៀននយោបាយ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយចាប់ឃុំខ្លួនប្រធានគណបក្ស លោក កឹម សុខា ខណៈមេដឹកនាំមួយចំនួនទៀត រួមទាំងលោក សម រង្ស៊ី ផង បាននិរទេសខ្លួន។
សំណួរត្រង់ថា វិធានការបិទខ្ទប់មេបក្សប្រឆាំងឱ្យនៅក្រៅសង្វៀននយោបាយ តើកម្ពុជានឹងខាតបង់អ្វីខ្លះទៀត?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញជាទស្សនៈថា តាមបរិបទនយោបាយ ការបោះឆ្នោតជាតិឆ្នាំ២០២៣ មានគណបក្សភ្លើងទៀន តែថាជាង៦០ភាគរយគ្មានវត្តមានលោក កឹម សុខា និងលោក សម រង្ស៊ី ទេ ដោយថា បក្សកាន់អំណាចនឹងសម្រេចបុព្វហេតុគណបក្ស ដើម្បីផ្ទេរតំណែងទៅមនុស្សជំនាន់ក្រោយ ច្រើនជាងប្តេជ្ញាចិត្តរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមការទាមទាររបស់សហគមន៍ជាតិនិងអន្តរជាតិ។
លោកថា៖ «គណបក្សកាន់អំណាចហ្នឹងត្រៀមទទួលយកសម្ពាធឬក៏ទណ្ឌកម្មផ្សេងៗហ្នឹងអស់ហើយ ទោះបីដាក់ស្អីក៏ដោយទៅ នឹងមិនអនុញ្ញាតទេ ដើម្បីរក្សានូវស្ថិរភាពនយោបាយរបស់គណបក្ស មិនមែននយោបាយរបស់ជាតិទេ? ដើម្បីផ្ទេរអំណាចពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយឱ្យមានស្ថិរភាព»។
យ៉ាងណា លោកយល់ថា បរិបទនេះនឹងជំរុញឱ្យមានវិធានការជាលក្ខណៈបុគ្គលពីសហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់ឥស្សរជននយោបាយ អ្នកជំនួញរបស់ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់ដែលបានក្ដោបក្ដាប់ក្រុមហ៊ុនធំៗរាប់សិបកន្លែងនោះ។
លោកថា៖ «បើសិនជាមិនមានអីប្រែប្រួល ឬក៏ផ្លាស់ប្ដូរហ្នឹង អ៊ីចឹងសេដ្ឋកិច្ចទាំងមូលប៉ះហើយ ទោះបីតិចឬច្រើន ទោះបីដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គលក៏ប៉ះដែរ ព្រោះបុគ្គលមួយៗសុទ្ធតែមានក្រុមហ៊ុននៅក្នុងដៃច្រើន»។
អង្គការការពារបរិស្ថានអន្តរជាតិ Global Witness ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានចេញរបាយការណ៍ស៊ើបអង្កេតមួយ អំឡុងខែកក្កដា ឆ្នាំ២០១៦ ដាក់ចំណងជើងថា «អាណាចក្រជំនួញត្រកូលហ៊ុន» នោះ បានសម្អាងថា គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកសាងអាណាចក្រជំនួញរបស់ខ្លួន ប្រមែប្រមូលទ្រព្យធនច្រើនសន្ធឹកសន្ធាប់ ដាក់ភាគហ៊ុនក្នុងក្រុមហ៊ុនក្នុងស្រុកយ៉ាងហោចណាស់ចំនួន១១៤ មានទាំងក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនពាណិជ្ជកម្ម ដែលភាគច្រើនក្នុងវិស័យសំខាន់ៗរបស់កម្ពុជា។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ការប្រើប្រាស់យន្តការរបស់សហរដ្ឋអាមេរិកកន្លងទៅ ពិបាកនឹងធ្វើឱ្យមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា អាចចូលរួមប្រកួតក្នុងឆាកនយោបាយឡើងវិញបានណាស់ ខណៈពេលនេះបក្សកាន់អំណាច កំពុងពង្រឹងយន្តការផ្ទេរអំណាចដល់មនុស្សជំនាន់ថ្មីនោះ។
លោកយល់ថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ច្បាប់នេះដាក់ទណ្ឌកម្មមន្ត្រីមួយចំនួនដែលនៅជុំវិញរដ្ឋាភិបាលបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការមិនស្តារស្ថានភាពនយោបាយឱ្យប្រសើរ។
ប៉ុន្តែលោកគិតថា ជម្រើសនេះនឹងមិនកើតឡើងភ្លាមៗទេ ដោយសារពេលនេះបញ្ហាពិភពលោកបានកើតច្រើន ដូចជា សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅភូមា និងតៃវ៉ាន់ ជាដើម ធ្វើឱ្យយុទ្ធសាស្ត្រក្នុងការផ្ដោតអារម្មណ៍មកលើកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកមានតិច បើធៀបនឹងសម័យមុន ដែលការណ៍នេះ អាមេរិកត្រូវតែចាប់យកផលប្រយោជន៍សន្តិសុខនិងសេដ្ឋកិច្ចជាចម្បង ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាមិនសូវអើពើទៅនឹងការគំរាមរបស់លោកសេរីទេ ដោយសម្អាងមានប្រទេសចិនជាបង្អែក។
លោកថា៖ «ច្បាប់នេះ មែនទែនទៅ ជាសញ្ញាដាក់ឱ្យមន្ត្រីក្នុងជួររដ្ឋាភិបាល ជាពិសេសមន្ត្រីក្នុងជួរបក្សប្រជាជនហ្នឹង គាត់អាចប៉ះទង្គិចគ្នាជាផលប្រយោជន៍ កាលណាប៉ះផលប្រយោជន៍ វាមានភាពរកាំរកូសផ្ទៃក្នុងផងដែរ ប៉ុន្តែប្រយោជន៍អស់នេះ គាត់បានទទួលប្រយោជន៍ពីចិនផង តាមរយៈការរកស៊ីជាមួយក្រុមហ៊ុនចិនធំៗនៅកម្ពុជាច្រើន ដែលចិនជះលុយទាំងដំៗ ដែលធ្វើឱ្យគាត់មានលទ្ធភាពស្តារទ្រព្យសម្បត្តិគាត់ឡើងវិញ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា វត្តមានមេបក្សប្រឆាំងក្នុងទីលានប្រកួតការបោះឆ្នោតជាតិឆ្នាំ២០២៣ ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែបក្សកាន់អំណាចដឹងមុនថា ល្បែងចាស់នោះជាការគំរាមកំហែងដល់អំណាចរបស់ខ្លួន។
តែយ៉ាងណា លោកបារម្ភថា បើគ្មានអ្វីប្រែប្រួលទេ បរិបទនយោបាយនេះនឹងបង្កហានិភ័យដល់វិស័យការងារ វិស័យកាត់ដេរ និងពលរដ្ឋដែលមានប្រាក់ចំណូលទាប។
លោកថា៖ «ប្រសិនបើ EU ដកប្រព័ន្ធអនុគ្រោះពន្ធ១០០ភាគរយ ហើយអាមេរិកប្រកាសថាមិនបន្ត GSP ហ្នឹងជាផ្លូវការ អាចនឹងធ្វើឱ្យវិនិយោគទុននៅស្រុកខ្មែរ អាចនឹងត្រូវបិទ អាចនឹងធ្វើឱ្យមនុស្សជាង១លាននាក់បាត់បង់ការងារ […] បើប្រជាពលរដ្ឋអត់ការងារធ្វើ គាត់មិនត្រូវជារឿងមួយមានវិបត្តិនៅក្នុងសង្គមបាត់ហើយ»៕