និស្សិត​បរិស្ថាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បើក​ទូលាយ​សម្រាប់​ចុះ​កម្មសិក្សា​ព្រៃ​សហគមន៍

យុវជនជួបជជែកជាមួយក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ក្រោយអាជ្ញាធរថ្នាក់ខេត្តនិងមន្ទីរបរិស្ថានហាមឃាត់ ដោយមិនអនុញ្ញាតឱ្យធ្វើសកម្មភាពក្នុងតំបន់ព្រៃសហគមន៍ក្បាលដូនត្រី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ណូន ពន្លឺ)

និស្សិតមួយក្រុមរៀនជំនាញផ្នែកបរិស្ថាន អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធបើកទូលាយសម្រាប់​ការ​ចុះកម្មសិក្សានៅតាមព្រៃសហគមន៍​នានា បន្ទាប់ពីអាជ្ញាធរ​ខេត្ត​កំពង់​ធំរារាំង​មិន​ឱ្យពួកគេចុះកម្មសិក្សា ក្រោមហេតុផលបង្ការការ​ឆ្លងរាលដាលមេរោគកូវីដ-១៩ និង​ទាម​ទារ​លក្ខ​ខណ្ឌ​ផ្សេងៗ​ទៀត។​

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២១ និស្សិត​ផ្នែកបរិស្ថានមួយក្រុម​បាន​នាំគ្នា​ចុះ​ទៅទស្សន​កិច្ច​នៅសហគមន៍ចំនួន៣ ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប៉ុន្តែពួកគេមិនបាន​ចូល​ទៅ​ដល់​សហគមន៍នោះទេ។​

ក្រុមយុវនិស្សិតកាន់ទង់ជាតិកម្ពុជា នៅតំបន់សហគមន៍មួយក្នុងខេត្តកំពង់ធំ។
ក្រុមយុវនិស្សិតកាន់ទង់ជាតិកម្ពុជា នៅតំបន់សហគមន៍មួយក្នុងខេត្តកំពង់ធំ។ (Charlie Sey)

និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ផ្នែកវិទ្យាសាស្រ្តបរិស្ថាន កញ្ញា សារ៉ុន រ៉ុងសៃ បាន​រៀប​រាប់​ប្រាប់ ​វីអូឌី ​ថាពួក​គាត់​ដែល​មាន​គ្នា១៨​នាក់ ចុះ​កម្មសិក្សានៅស​ហគមន៍​ក្បាល​ដូន​ក្រី សហគមន៍​អូរដា​ស់​ស្កូរ រួមទាំងសហគមន៍ក្បាលខ្លា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។

កញ្ញា​បន្ត​ថា មុន​ពេល​ចុះ​ទៅ ពួកគាត់ទំនាក់ទំនងមុន ហើយទទួលបានការស្វាគមន៍ពីអាជ្ញាធរឃុំនិងប្រជាសហគមន៍ តែបែរជាត្រូវអាជ្ញាធរថ្នាក់ស្រុកនិងខេត្តរារាំងទៅវិញ។​

កញ្ញាបញ្ជាក់ថា៖ «យើងបានសុំការអនុញ្ញាតពីមន្រ្តីមូលដ្ឋានឃុំហើយ ជាពិសេសមានការអនុញ្ញាតពីប្រជាសហគមន៍យ៉ាងកក់ក្ដៅ ដែលពួកគាត់រីករាយស្វាគមន៍ចំពោះសិស្ស-និស្សិតចុះកម្មសិក្សាពីតំបន់ព្រៃសហគមន៍ និងការរស់នៅរបស់ប្រជាសហគមន៍ផ្ទាល់ ក៏ដូចជាព្រៃឈើដែលនៅសេសសល់ក្នុងតំបន់ព្រៃសហគមន៍»។

និស្សិតឆ្នាំទី៤ ដែលមានវ័យ២០ឆ្នាំរូបនេះបន្តថា ការចុះរារាំងពួកគាត់មិនឱ្យចូលព្រៃសហគមន៍ ដោយអាជ្ញាធរខេត្តលើកហេតុផលថា ក្រុមនិស្សិតមិនបានសុំការអនុញ្ញាតពី​អាជ្ញាធរ និង​ការមិនឱ្យចូលព្រៃដើម្បីបង្ការកុំឱ្យមានការឆ្លងរាលដាល​មេរោគកូវីដ-១៩។​

កញ្ញា សារ៉ុន រ៉ុងសៃ រៀបរាប់ថា ការដែលពួកគាត់នាំគ្នាចុះទៅសហគមន៍ ដើម្បីដើរលេង​កម្សាន្តផង ស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាសហគមន៍ និងមើលពីធនធានធម្ម​ជាតិដែលនៅសេសសល់ផង។ កញ្ញា​បង្ហាញការខកចិត្ត និងមិនអាចទទួលយកបាន ដោយសារតែមានការគំរាមកំហែង និងប្រើពាក្យសម្ដីមិនសមរម្យ។​

កញ្ញា រ៉ុន រ៉ុង​សៃ៖ «ក្រុមអាជ្ញាធរ និងក្រុម​ឧទ្យានុរក្ស​ បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ​ដាក់យុវជន​ ដោយមានការគំរាមនិងគំហក​ខ្លាំងៗ​ដាក់​ក្រុម​យុវជន»។

​អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានលើកឡើងថា លោកមិនបានដឹងរឿងនេះទេ ដោយសារ​លោកទើបតែឡើងកាន់តំណែងថ្មីនៅក្នុងខែតុលានេះ។

លោកថា៖ «ខ្ញុំទើបតែចូលកាន់តំណែង ដូច្នេះមិនទាន់ដឹងរឿងអីទេ»។

ចំណែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុក កត្តា បានបដិសេធអត្ថាធិប្បាយ​ ដោយ​ប្រាប់ថាជាប់ប្រជុំ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បើក្រុមនិស្សិត​ទាំងនោះ​ចង់ចុះកម្មសិក្សា ត្រូវស្នើសុំការសហការពីមន្ត្រីមូលដ្ឋាននិងមន្ត្រីជំនាញ។​

លោកថា៖ «ការចូលទៅក្នុងតំបន់ការពារធម្មជាតិ ត្រូវសហការជាមួយមន្ត្រីនិងមន្ទីរជំនាញ និងបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការចូលនោះ»

និស្សិតជំនាញវិទ្យាសាស្ត្របរិស្ថានម្នាក់ទៀត កញ្ញា សាយ លឹមជូ ជានិស្សិតម្នាក់​ក្នុ​ងចំណោម១៨នាក់ដែលត្រូវអាជ្ញាធរខេត្តកំពង់ធំរារាំងនោះ ថ្លែងថា ជារឿងមិនត្រូវ​ត្រឹម​ទេ ដែលអាជ្ញាធរតម្រូវឱ្យមានការសុំច្បាប់នោះ។​

កញ្ញាថា​៖ «តាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា សេរីភាពក្នុងការដើរឆ្ងាយ ជិត និង​តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ត្រូវគោរព! ហើយយើងទៅជាលក្ខណៈជាយុវជនទេ ទៅរបៀបជាបោះតង់កម្សាន្តផង ទៅរៀនសូត្រពីមជ្ឈដ្ឋានព្រៃឈើ ហើយមើលឃើញស្ថានភាពព្រៃឈើជាក់ស្ដែងនៅក្នុងសង្គមយើងផង។ គោលបំណងរបស់ក្រុមនិស្សិត ទី១ គ្រាន់តែចង់ទៅឃើញ​ស្ថានភាព​ជាក់​ស្ដែង​ព្រៃឈើក្នុង​តំបន់​ព្រៃ​សហគមន៍។ ទី២ ចង់ដឹងពីការរស់នៅរបស់ប្រជាសហគមន៍ និងការការពារព្រៃសហគមន៍ ដោយក្រុមនិសិ្សតផ្ទាល់ចង់ដឹង​ ចង់បានបទពិសោធន៍ក្នុងការការពារព្រៃឈើក្នុងតំបន់សហគមន៍ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយ»។

កញ្ញា សាយ លឹម​ជូ ស្នើទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធឈប់រារាំងយុវជន ប្រជាពលរដ្ឋ ដែលគ្រាន់តែចុះទៅមើលព្រៃឈើបន្តទៀត ព្រោះការចុះទៅសហគមន៍​ដើម្បីមើលព្រៃឈើ ជា​ការចូលរួមក្នុងកិច្ចការងារសង្គម បរិស្ថាន និងការពារសម្បត្តិធម្មជាតិផង​ដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការ​រារាំងរបស់អាជ្ញាធរមូលដ្ឋានថា ធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែលបានបើកសិទ្ធិពលរដ្ឋទាំងពីរភេទ ត្រូវមានសិទ្ធិចូលរួមគ្រប់សកម្មភាពនិងកិច្ចការងារសង្គមជាដើម។

លោកបន្តថា៖ «មាត្រា៣៥ ចែងថា ពលរដ្ឋទាំងពីរភេទត្រូវមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ជាតិ ជាដើម។ អាជ្ញាធរពាក់ព័ន្ធឬអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ហ្នឹង គួរតែមានការជួយសម្រួលទៅវិញ មិនគួរណាមានការហាមឃាត់ ឬក៏រារាំងក្រុមយុវជន និងខាងពលរដ្ឋសហគមន៍នៅតំបន់ហ្នឹងទេ។ ហើយផ្ទុយទៅវិញ គឺត្រូវជួយសម្របសម្រួល ប្រសិនពួកគាត់មិនទាន់មានការរៀបចំឯកសារសុំការអនុញ្ញាត ដោយត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យ​ពួកគាត់អាចចូលទៅព្រៃសហគមន៍ ដែលពួកក្រុមយុវជនចង់ចូលសិក្សារៀនសូត្រ​ពីព្រៃសហគមន៍ទាំងនោះ»។

នៅ​​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២១ ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ដាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា​ លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែល​បិទខ្ទប់សំឡេងនិងសកម្មភាព​សកម្មជន​ការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើស​នៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ៕


អត្ថបទទាក់ទង

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

បទ​វិភាគ​៖​ តើ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​ ចំណេញ​ឬ​ខាត​សម្រាប់​ជាតិ?

​ការបង្ហូរទឹកស្អុយចូលសមុទ្រឬ​ទន្លេ ​ការ​ចាក់ដីលុបបឹង ទន្លេ សមុទ្រ ការ​បូមខ្សាច់​យ៉ាងអនា​ធិប​តេយ្យ ដែល​ធ្វើឱ្យប៉ះពាល់​បរិស្ថានឬបាក់ច្រាំងទន្លេ ការសាងសង់សណ្ឋាគាររំលោភដីឆ្នេរសមុទ្ ការទន្ទ្រានដីព្រៃកោងកាង ការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ បញ្ហាអំពើពុករលួយ បញ្ហាសំរាម ជាដើម ដែល​​បញ្ហាទាំង​នេះ មាន​យុវជនតិចតួចណាស់ហ៊ានចេញមុខនិយាយការពិតឬរិះគន់ ដើម្បីឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយសម្រាប់ជាប្រយោជន៍ជាតិទៅថ្ងៃអនាគត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ