វិភាគ៖ អ្វីជាឧបសគ្គដល់ការផ្ទេរអំណាចដោយសន្តិវិធី?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧) នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

យន្តការផ្ទេរអំណាចដោយសន្តិវិធីជាកត្តាចាំបាច់​ ដែលប្រទេសប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យបាន​ប្រកាន់​យក ព្រោះវាបានបញ្ចៀសជម្លោះនយោបាយ ជំរុញតម្លាភាពសង្គម។ 

តែយ៉ាងណា ជិត៣០ឆ្នាំមកនេះ ប្រទេសកម្ពុជាមិនធ្លាប់ឆ្លងកាត់​ការផ្ទេរអំណាចដោយសន្តិវិធីនេះទេ បើទោះ​បី​ការ​បោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិ ហៅថា UNTAC ដែល​ពេលនោះ «គណបក្សប្រជាជនកម្ពុជា» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាញ់ឆ្នោត«គណបក្សហ៊្វុនស៊ិនប៉ិច»​របស់​សម្ដេចក្រុមព្រះក៏ដោយ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅពេលនោះ បានប្រកាសដាច់ខាតមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ ដោយសម្អាងថា បាន​រកឃើញភាពមិនប្រក្រតីជាច្រើន ដូចជា ​សន្លឹកឆ្នោតខ្លះ​ត្រូវគេ​យក​ទៅ​ភ្លុងចោល និងការដឹក​ជញ្ជូន​ហិបឆ្នោតតាមជើងយន្តហោះ មិនមានអ្នកសង្កេតការណ៍ពី​ខាង​ភាគី​កម្ពុជាតាមឃ្លាំ​មើល​ ជា​ដើម។ សម្អាងហេតុនេះ លោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលនោះ បានប្រកាសយកខេត្តមួយចំនួនជាប់ព្រំដែនវៀតណាមធ្វើជាតំបន់អបគមន៍ ដើម្បីបន្តកាន់អំណាចប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះ។

ក៏ប៉ុន្តែ បញ្ហានេះត្រូវបានស្ងប់ស្ងាត់ទៅវិញ ក្រោយពីកម្ពុជាបាន​បង្កើតឱ្យមាន​នាយក​រដ្ឋ​មន្ត្រី២​ ដឹក​នាំ​ប្រ​ទេស​តែមួយ​ ក្រោមការសម្រប​សម្រួល​របស់​អតីត​ព្រះមហាក្សត្រ ព្រះករុណាសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។ រូបមន្ត​ដែល​ព្រះ​អង្គបញ្ចប់​ជម្លោះត​វ៉ា​ខាង​នយោបាយ​នៅ​ពេល​នោះ គឺសម្ដេចក្រុមព្រះ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ រីឯលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។

ប៉ុន្មានឆ្នាំក្រោយមក ក្បាលម៉ាស៊ីនដឹកនាំក្រោមនាយករដ្ឋមន្ត្រីពីរនេះ ជំរុញឱ្យមានព្រឹត្តិការណ៍ផ្ទុះអាវុធមួយនៅក​ណ្ដាលទីក្រុងភ្នំពេញ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន និងកងទ័ពស្មោះត្រង់នឹងសម្ដេចក្រុមព្រះ។ ព្រឹត្តិការណ៍បង្ហូរឈាមនេះបង្កឱ្យមានមនុស្សមួយចំនួនស្លាប់ សម្ដេចក្រុមព្រះត្រូវនិរទេសព្រះកាយ រីឯវិនិយោគិនមួយចំនួនភ័យខ្លាចបានបង្វែរទិស​ការបណ្ដាក់ទុនរបស់ពួកគេទៅប្រទេសជិតខាងវិញ។ 

ចាប់ពីពេលនោះមក បើទោះបីមានការសម្របសម្រួលឱ្យសម្ដេចក្រុមព្រះបានវិលចូលប្រលូកក្នុងឆាកនយោ​​បាយឡើង​វិញក៏ដោយ តែជម្លោះនយោបាយវាបានកើតឡើងជាបន្តបន្ទាប់ ពិសេសក្រោយការបោះឆ្នោត និងពេលខ្លះសកម្មជន​នយោបាយត្រូវបានគេលួចធ្វើឃាត។

ព្រឹត្តិការណ៍មួយទៀត គឺនៅចុងឆ្នាំ២០១៧ គណបក្សប្រឆាំងធំមួយនៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយ​ចេញពីឆាកនយោបាយមុនការបោះឆ្នោតជាតិចូលមកដល់ នោះគឺ «អតីតគណបក្សសង្គ្រោះជាតិ»។

គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រ​ជាង៤៣ភាគរយ ជិតទាន់បក្សកាន់អំណាចដែរ​នោះ ត្រូវបានរឹបអូសយកអាសនៈទាំងអស់ចំនួន៥៥កៅអីនៅក្នុង​សភា និង​៥ ០០៧កៅអីនៅថ្នាក់ឃុំ-សង្កាត់ យកទៅចែកឱ្យគណបក្សផ្សេងដែលពលរដ្ឋមិនបោះឆ្នោតឱ្យ។

របត់ថ្មីនេះជំរុញឱ្យ​មានប្រតិកម្មពីសហគមន៍អន្តរជាតិ ពិសេសប្លុកប្រទេស​លោក​សេរី ដែល​ពេលនោះសហភាព​អឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រកាសផ្ដាច់ជំនួយ​ដល់ គ.ជ.ប បន្ទាប់មកដកប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ភាគរយ​ពីកម្ពុជាមុនកាលកំណត់។

បន្ថែមពីនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌមន្ត្រីជាន់ខ្ពស់យោធាចំនួន៤រូប ក្នុងនោះមានទាំងមេប​ញ្ជាកា​​រ​កងអង្គរក្សនាយករដ្ឋមន្ត្រីផងដែរ ក្រោមច្បាប់របស់សហរដ្ឋអាមេរិក​ ដោយចោទថា ជាប់ពាក់ព័ន្ធអំពើ​​ពុករលួយ និងរំលោភសិទ្ធិមនុស្ស។

បញ្ហាទាំងនេះបង្កើតឱ្យមានការចោទសួរថា តើអ្វីជាឧបសគ្គដល់ការផ្ទេរអំណាចដោយសន្តិវិធី?

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សា​វាង្ស មើលឃើញ​បញ្ហចម្បងចំនួន​៥ ដែល​រារាំងដល់យន្តការនេះ។ បើតាមលោក កន សាវាង្ស ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​នឹង​មិន​អាច​ទៅរួចនោះ​​ទេ ដរាបណា​គ្មានច្បាប់ការពារឆន្ទៈម្ចាស់ឆ្នោត ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ប្រព័ន្ធ​តុ​លា​ការ កង​កម្លាំង​ប្រដាប់​អាវុធរួម​មានយោ​​ធានិង​នគរបាល រួម​ទាំង​រដ្ឋសភា​ផង ខ្វះឯករាជ្យភាពនោះ។

លោកថា៖ «បើសិនជាក្រុមនេះលម្អៀងហើយ ដូចប្រទេស​ភូមា ដូច​ប្រទេស​ថៃអ៊ីចឹង គឺថាវាលម្អៀងហើ​យ​ អាហ្នឹងវាជាបញ្ហាហើយ»។

លោក សាវាង្ស បារម្ភថា បើគ្មានអ្វីកែលម្អទាន់​ពេល​ទេ យុទ្ធសាស្ត្រចាស់​នៃចំណាត់ការរំលាយគណបក្ស ដក​ហូត​ឆន្ទៈ​ម្ចាស់​ឆ្នោត អាច​នឹង​កើតឡើង​ជា​ថ្មី​ទៀតទៅលើគណបក្សណាមួយដែលមានកម្លាំ​ងខ្លាំងប្រហាក់​ប្រហែល​គណបក្សកាន់អំណាចដែរនោះ។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿន មាន​ប្រសាសន៍ថា ឧបសគ្គនៃការផ្ទេ​រអំណា​ចដោយសន្តិវិធីបាន​កើត​ឡើង​ច្រើន​រយ​ឆ្នាំណាស់​មក​ហើយ​សម្រាប់​កម្ពុជា ដែល​ការណ៍​នេះ​ លោ​ក​ថា បាន​ធ្វើឱ្យទេសជាតិស្ទើរតែក្រឡាប់ចាក់ និងឈានទៅកាប់សម្លាប់គ្នាស្ទើរតែគ្មានទីបញ្ចប់។

បើតាមលោក​បណ្ឌិត ប៉ា ចន្ទរឿន ប្រទេសប្រជាធិបតេយ្យជឿនលឿនដែលគេជំរុញយន្តការផ្ទេរអំ​ណាច​ដោយសន្តិវិធីបាន មិនបង្កគ្រោះថ្នាក់ដល់សង្គមជាតិនោះ គឺ​គេបង្កើតឱ្យមានច្បាប់ការពារមេដឹកនាំដែល​អស់អំណាច បែងចែកដាច់ពីគ្នារវាងស្ថាប័ន​រដ្ឋនិងស្ថា​ប័ន​សាធារណៈ ហើយ​មួយវិញទៀត ត្រូវបង្កើនកា​រយល់​ដឹងដល់ប្រជាពលរដ្ឋលើវិស័យនយោបាយនេះ។

ក្នុងន័យ​នេះ លោកថា ស្ថាប័ន​សាធារណៈ​មិនត្រូវចំណុះ​ឱ្យគណបក្សនយោបាយណាមួយនោះ​ទេ​ ទោះក្នុង​រូប​ភាព​ណាក៏​ដោយ។ រីឯប្រជាពលរដ្ឋ លោកថា ត្រូវចេះ​តា​​មដានដំណើរការវិវត្តនយោបាយ និងចេះឈឺឆ្អាល​បញ្ហាសង្គម ហើយ​​មន្ត្រីសាធារណៈមិនត្រូវយកស្ថា​ប័ន​ទៅគាំទ្រគណបក្សនយោបាយនោះទេ។

លោកថា៖ «សង្គមយើងនេះដូចជាមិនទាន់បានបែងចែកទេ ប្រជាពលរដ្ឋយើង​ក៏នៅមិនទាន់យល់ច្បាស់ ​មន្ត្រី​​រាជការយើងមួយចំនួនដោយសារតែឥទ្ធិពលនយោបាយ គាត់នៅតែគិតថា បក្សនិងរដ្ឋគឺតែមួយ […] ដូច្នេះ​ វាទំនាស់ផលប្រយោជន៍បែបនេះ ហើយវាអត់ធ្វើឱ្យសង្គមយើងហ្នឹងរឹងមាំកើតទេ»

លោក ប៉ា ចន្ទរឿន បន្តថា​ ឧបសគ្គ​មួយ​ទៀត​នោះគឺកើតចេញពីអ្នកនយោបាយខ្មែរមិនទម្លាប់​យក​គោលនយោបាយ​មក​ប្រកួតគ្នា​ ដើម្បីទាក់ទាញបេះដូងម្ចាស់ឆ្នោត ដូចប្រទេសជឿនលឿនមួយចំ​នួននៅ​លើពិភពលោក តែបែរ​ជាយករឿងបុគ្គលឬគ្រួសារភ្ជាប់ទៅនឹងបញ្ហាជាតិ។

លោកថា៖ «រឿងគំនុំផ្ទាល់ខ្លួន​ដែលបង្កឱ្យមានការសងសឹកគ្នាពីពេលមួយទៅពេលមួយនោះ ឬក៏អាចឈា​ន​ទៅដល់ការសងសឹកគ្នាពីជំនាន់មួយទៅជំនាន់មួយ។ នេះជាចំណុច​មួយ​ដែលសង្គមខ្មែរយើងនៅខ្វះ​ខាត ​ដែលជាឧបសគ្គមួយក្នុងការរារាំងដល់ការផ្ទេរអំណាចនិងការចុះចេញពីតំណែង ជាពិសេសគឺតំណែ​​ង​នយោបាយ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា ក្នុងសង្គមប្រជាធិបតេយ្យ វាចាំ​បាច់ណាស់ត្រូវបង្កើតឱ្យមានយន្តការផ្ទេរអំណាចដោយសន្តិវិធី ដើម្បីទប់ស្កាត់ហានិភ័យសង្គម។ ក៏ប៉ុន្តែ លោកគិត​ថា ដើម្បីធានាយន្ត​ការ​នេះ​បាន លុះណាតែប្រព័ន្ធ​ដឹកនាំ​រដ្ឋទប់​ស្កាត់​កុំ​ឱ្យមា​ន​កា​រ​ជ្រៀ​តជ្រែ​​កអំ​ណា​ចទៅ​លើស្ថាប័ន​ជាតិ ដូចមា​ន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ។ 

លោកថា៖ «ការបោះឆ្នោតគ្រាន់តែជាមធ្យោបាយមួយទេ តែឧបសគ្គធំបំផុតគឺធ្វើម៉េចឱ្យស្ថាប័នធំទាំង៣ហ្នឹង​ដាច់​ពី​គ្នា គឺស្ថាប័ន​អង្គនីតិ​បញ្ញត្តិ អង្គនីតិប្រតិបត្តិ តុលាការ ត្រូវតែដើរតួនាទីឯករាជ្យដាច់ពីគ្នា។ កន្លែងហ្នឹង! មកដល់បច្ចុប្បន្ន យើងមានបទពិសោធន៍មួយថា យើងពិបាកធានានូវអង្គទាំង៣ហ្នឹង​ដាច់ពីគ្នា​ ព្រោះមាន​ការជ្រៀតជ្រែកអំណាចច្រើន»។

ទោះយ៉ាងណា លោក​បណ្ឌិត ប៉ា ចន្ទរឿន ​បង្ហាញការព្រួយបារម្ភថា កម្ពុជានឹងមិនអាចព្យាបាលស្នាមរបួសរាប់សតវត្សរ៍នេះបានទេ បើអ្នកនយោបាយខ្មែរនៅតែយកគំនុំផ្ទាល់ខ្លួនភ្ជាប់បញ្ហាជាតិ ចាត់ទុកខ្មែរគ្នា​ឯងដែលមានទស្សនៈផ្ទុយជាសត្រូវ យកតួនាទីនយោបាយសម្រាប់ស្វែងរកលាភសក្ការៈនោះ៕

អត្ថបទទាក់ទង៖

  1. កម្ពុជា​មិន​បារម្ភ​ចំពោះ​គម្រោង​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស
  2. លោក ហ៊ុន សែន ប្រកាស​បន្ត​វិធាន​បិទខ្ទប់​ដៃគូ​ប្រកួត​ដែល​លោកសេរី​គាំទ្រ
  3. អ្នកឃ្លាំមើលថា ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ពេល​អវត្តមាន​បក្សប្រឆាំង
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ