ក្រសួងមហាផ្ទៃ​ស្នើ​រដ្ឋាភិបាល​សុំ​រៀបចំ​ច្បាប់​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ

គ្រឿងញៀននិងសារធាតុគីមីផ្សំជាច្រើន ដែលត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរឹបអូស ក្នុង​ប្រតិបត្តិការបង្ក្រាបរយៈពេល១សប្តាហ៍ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)​​

​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងមួយនេះបានស្នើទៅរដ្ឋាភិបាលសុំតាក់តែងសេចក្ដីព្រាងច្បាប់ថ្មីមួយសម្រាប់គ្រប់គ្រងសារធាតុគីមីផ្សំដែលនាំចូលមកកម្ពុជា ​ដើម្បីទប់ស្កាត់កុំឱ្យមានការលួចកែច្នៃសារធាតុគីមីផ្សំទាំងនោះទៅជា«គ្រឿងញៀន»នៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ហ៊ុន សែន ថ្នល់ទទឹង, សាលារៀនខ្មែរ-ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីចុងសប្ដាហ៍មុន ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យដឹងថា ច្បាប់គ្រប់គ្រងសារធាតុផ្សំនេះ គឺបានន័យថា គ្រប់គ្រងតាំងពីការផ្ដល់អាជ្ញាបណ្ណនាំចូល។ លើសពីនេះ គ្រប់គ្រងចរាចរណ៍សារធាតុផ្សំទាំងនោះ ដើម្បីធានាដល់ការទៅប្រើប្រាស់តាមរោងចក្រ ឬប្រើប្រាស់ឱ្យបានត្រឹមត្រូវ ចៀសវាងប្រើប្រាស់សារធាតុគីមីទាំងនោះសម្រាប់ផ្សំជាគ្រឿងញៀន​បន្តទៀត។

លោកថា៖ «ឥលូវនេះ ខ្ញុំស្នើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើធ្វើច្បាប់មួយពីការគ្រប់គ្រងសារធាតុផ្សំហ្នឹង​ ពីព្រោះសារធាតុផ្សំហ្នឹង ជួនអីគេដាក់មកថា យកមកធ្វើជាវត្ថុនេះ វត្ថុនោះ សម្ភារប្រើប្រាស់នេះ ប្រើប្រាស់នោះ តែធាតុពិតយកមក គឺថាយកផ្សំគ្រឿងញៀន នេះហើយជាបញ្ហា»។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀននៅកម្ពុជា ដោយថា នៅពេលបច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងកំណើនគ្រឿងញៀនចេញពីការកែច្នៃដោយសមាសធាតុគីមីផ្សេងៗកាន់តែច្រើន។

លោកបន្ថែមថា បញ្ហាគ្រឿងញៀននេះក៏មាន​ជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អំពើភេរវកម្ម និងការរីកសាយភាពអាវុធមហាប្រល័យថែមទៀតផង។

ថ្លែងក្នុងពិធីនោះ លោក ស ខេង បន្ថែមថា សញ្ញានៃការចរាចរគ្រឿងញៀននៅតាមខេត្ត យ៉ាងហោចណាស់៥ខេត្តក្នុងមួយថ្ងៃ និងនៅទូទាំងប្រទេសមានទោះតិចឬច្រើន។ ហើយករណីគ្រឿងញៀន សមត្ថកិច្ចបានបង្រ្កាបច្រើនណាស់ នៅតាមរោងចក្រ និងក្នុងឃ្លាំង រាប់រយតោនថែមទៀត។

លោកថា៖ «យើងបានបង្រ្កាបច្រើនណាស់ មិនមែនតិចទេ។ គ្រឿងញៀននេះ យើងបានបង្ក្រាបច្រើនជាងគេបង្អស់ រាប់រយតោន! ហើយកំពង់ស្ពឺ នៅជាប់យើងនេះ គឺសារធាតុគេយកមកផ្សំជាគ្រឿងញៀននេះ នៅនឹងរោងចក្រ នៅនឹងឃ្លាំង ដែលយើងរឹបអូស រាប់រយតោន»។

ជាមួយគ្នានេះ លោក ស ខេង ក៏បានស្នើឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកុំឱ្យគ្រឿងញៀន​វាយលុកក្នុងសហគមន៍កាន់តែអាក្រក់បន្ថែមទៀត ជាពិសេសឪពុកម្តាយឬអាណាព្យាបាល​ក៏ត្រូវ​​ចូលរួម​ផងដែរ។

ជុំវិញបញ្ហា​គ្រឿងញៀននេះដែរ អាណាព្យាបាលមួយចំនួនបានបង្ហាញក្ដីបារម្ភពីវាសនាកូនៗរបស់ពួកគេ ប្រសិនបើបញ្ហានេះមិនត្រូវបានទប់ស្កាត់ឱ្យមានប្រសិទ្ធភា​ព។

លោក ស៊ុត សាអូន ជាអាជីវករលក់បាយមួយរូបនៅរាជធានីភ្នំពេញ បានឱ្យដឹងថា សព្វថ្ងៃ លោក​បារម្ភពីការចរាចរគ្រឿងញៀននៅកម្ពុជា។ ក្ដីបារម្ភនេះ ដោយសារលោកមានកូនប្រុសដែលកំពុង​ស្ថិតក្នុងវ័យសិក្សា ហើយក៏ជាវ័យមួយដែល​ចង់សាកល្បងអ្វីថ្មី។ ​លោកបារម្ភខ្លាចកូនរបស់លោកប្រព្រឹត្តខុសផ្លូវ ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយលោកសង្កេតឃើញថា ការបង្ក្រាបបានគ្រឿងញៀនក្នុងរយៈពេលចុងក្រោយនេះ កាន់តែមានចំនួនច្រើនគួរឱ្យកត់សម្គាល់។

លោកថា៖ «នរណាក៏បារម្ភ ដែលជាឪពុកម្ដាយ រឿងគ្រឿងញៀនហ្នឹង! ខ្លាចកូនសេពគប់មិត្តមិនល្អ នាំទៅសេពគ្រឿងញៀន។ ពិបាកដែរ ព្រោះឥលូវគ្រឿងញៀនចរាចរច្រើន តាមឃើញសព្វថ្ងៃ និងដឹងតាមព័ត៌មានគេចាប់បាន សូម្បីតាមកន្លែងស្ងាត់ៗលួចលក់ច្រើនណាស់»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ​បារម្ភចំពោះករណីគ្រឿងញៀននេះ ដោយថា ជាបញ្ហាដ៏ធំមួយក្នុងសង្គម ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅថ្ងៃអនាគត។ បន្ថែមពីនេះ ​ក៏ជាកង្វល់មួយពាក់ព័ន្ធនឹងការលាងលុយដែលបានពីគ្រឿងញៀននេះដែរ ខណៈអន្ដរជាតិកំពុងប្រយុទ្ធប្រឆាំងលើបញ្ហានេះ​។

លោក យង់ គិមអេង លើកឡើងថា នៅកម្ពុជាមានកុមារនិងយុវជនជាច្រើនរងគ្រោះដោយសារគ្រឿងញៀន ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវចាត់វិធានការឱ្យមានប្រសិទ្ធភាព​។

សង្គមស៊ីវិលរូបនេះឱ្យដឹងទៀតថា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះ រដ្ឋាភិបាលត្រូវ​អប់រំដល់ពលរដ្ឋឱ្យចេះកំណត់ដឹងពីសញ្ញាណនៃគ្រឿងញៀន ហើយអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ពិសេសត្រូវរកអ្នកពាក់ព័ន្ធឬជននៅពីក្រោយខ្នង ដើម្បីយកមកផ្តន្ទាទោស។

​លោកលើកឡើងថា៖ «ខ្ញុំសុំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ យើងមិនត្រូវបន្ធូរដៃចំពោះបញ្ហាគ្រឿងញៀននេះទេ បាទ! ត្រូវចាត់វិធានការ​ឱ្យបានក្ដៅគគុកហើយជាប់ជាប្រចាំ ដើម្បីធានាភូមិឃុំរបស់យើងមានសុវត្ថិភាព ដើម្បីធានាប្រជាពលរដ្ឋ ជាពិសេសយុវជន ហើយនិងកុមារកម្ពុជា មិនទទួលរងគ្រោះតទៀត»។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរប្រឆាំងគ្រឿងញៀន (Anti-Drug Department) កាលពីថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងថា កាលពីទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញអង្គភាពមួយនេះបានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅរាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង៤៥គីឡូក្រាម។

នៅថ្ងៃដដែលនោះ ​នគរបាលប្រឆាំងគ្រឿងញៀន ក៏បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិខ្មែរ និងរឹបអូសគ្រឿងញៀនជាង៥២គីឡូក្រាម នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលឱ្យដឹងទៀតថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក៏បាន​ចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ ថៃ និងវៀតណាម ចំនួន១១នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនជាង៤៤គីឡូក្រាម។

​មន្ទីរប្រឆាំងគ្រឿងញៀនដដែលក៏បានឱ្យដឹងពីករណីធំមួយទៀតដែលកើតឡើងនៅខែកក្កដានេះដែរ គឺករណីសមត្ថកិច្ចបង្ក្រាបករណីទីន្លែងកែច្នៃផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅ៤ទីតាំង រួមមាន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។

ការបង្ក្រាបនេះធ្វើឡើងចន្លោះពីថ្ងៃទី​៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ​ដោយសមត្ថកិច្ចជំនាញ​ចាប់ខ្លួនជនជាតិចិនចំនួន១១នាក់ ហើយរឹបអូសសារធាតុញៀនជិត២តោន (១,៨០តោន) និងសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនជាង២៧៦តោន៕   ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ