គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​ប្រជុំ​នៅ​ថ្ងៃស្អែក ពាក់ព័ន្ធ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

រូបសញ្ញាតំណាងស្ថាប័នព្រឹទ្ធសភា។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ថ្លែងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ​ពិនិត្យ​​លើ​​​​សេចក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ព្រឹទ្ធសភាបានទទួល​សេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញពីរដ្ឋសភា កាលពីថ្ងៃ​ទី១ ខែ​សីហា ហើយ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភានឹងរៀបចំកិច្ច​ប្រជុំពិនិត្យសេចក្ដីព្រាងច្បាប់នេះ និងរបៀបវារៈមួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី៤ ខែ​សីហា ស្អែក​នេះ។

លោកបន្ត​ថា គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធ​សភានឹងស្ដាប់នូវរបាយការណ៍លម្អិតដែលគណៈកម្មការជំនាញ​រាយ​ការណ៍ ដើម្បីពិនិត្យថាតើទម្រង់សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្មនេះ ស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ និង​របបប្រជាធិបតេយ្យសេរីពហុបក្សដែរឬយ៉ាងណា។

លោកថា៖ «គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា[នឹង]ស្ដាប់នូវរបាយការណ៍លម្អិតដែលគណៈកម្មការជំនាញ គណៈកម្មការនីតិកម្មហ្នឹង យកមករាយការណ៍ជូន ថាតើទម្រង់​ច្បាប់និងគតិច្បាប់ហ្នឹងវាស្របទៅ​លើ​ច្បាប់រដ្ឋធម្មនុញ្ញដែរ​ឬទេ? ហើយនិងរបបប្រជាធិបតេយ្យសេរីពហុបក្សដែរ​ឬទេ? អ៊ីចឹង​គណៈកម្មការ​ជំនាញ​ នាថ្ងៃស្អែកនេះ លោកនឹងមករាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ហើយ»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា រដ្ឋសភាបានផ្ញើសេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញទៅព្រឹទ្ធសភាតាំងពីថ្ងៃអនុម័តមកម៉្លេះ ពោលគឺថ្ងៃទី២៨ ខែកក្កដា ខណៈច្បាប់នេះចែងថា «ជាការប្រញាប់»

លោកថា៖ «អនុម័តរួចភ្លាម គឺយើងផ្ញើទៅភ្លាម ព្រោះច្បាប់ហ្នឹងមានចែងថាជាការប្រញាប់! ដូច្នេះយើងបញ្ជូន​ភ្លាម ហើយខាងនោះក៏គេធ្វើការភ្លាមដែរ គេកំពុងពិនិត្យ»។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ លើកឡើងថា គណបក្សនេះ​ធ្លាប់មាន​គម្រោង​ដាក់​ញត្តិ​ទៅ​ព្រឹទ្ធសភាទៀត ដើម្បីស្នើសុំកុំឱ្យអនុម័តសេចក្តីព្រាងច្បាប់នេះ។ តែ​យ៉ាងណា លោកថា ថ្មីៗនេះ គណៈកម្មការជំនាញរបស់ព្រឹទ្ធសភាបានចេញញត្តិព្រោងព្រាតគាំទ្រសេចក្តីព្រាងច្បាប់​​វិសោធនកម្មរដ្ឋធម្មនុញ្ញដែលរដ្ឋសភាបានអនុម័តរួចហើយនោះ។

លោកថា៖ «បើទោះបីគណៈកម្មការទាំងអស់ហ្នឹងមិនមែនតំណាងឱ្យព្រឹទ្ធសភាទាំងមូល ក៏វាបង្ហាញថា ព្រឹទ្ធសភានឹងដើរតាមតែបន្ទាត់នយោបាយបក្ស ជាជាងគិតគូរអំពីផលប្រយោជន៍រួម អំពីសំឡេងរបស់ប្រជាពលរដ្ឋមួយចំនួន ហើយផាត់ចោលនូវក្តីកង្វល់របស់អង្គការសង្គមស៊ីវិល និង​គណបក្សនយោបាយដែល​តំណាងឱ្យសំឡេងប្រជាពលរដ្ឋមួយចំនួនដែរ។ អ៊ីចឹងយើងហាក់មិនមានសង្ឃឹមក្នុងការតស៊ូមតិទៅលើរឿងនេះ​ទេ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញនេះត្រូវឆ្លងកាត់ព្រឹទ្ធសភាមួយ ហើយ​និង​អង្គ​ព្រះមហា​ក្សត្រទៀត ទើបអាចដាក់ឱ្យប្រើប្រាស់បាន»។

យ៉ាងណា មន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះចង់ឃើញព្រឹទ្ធសភាមានភាពឯករាជ្យ បង្ហាញឆន្ទៈរបស់ខ្លួនក្នុងការបដិសេធសេចក្តីព្រាងច្បាប់វិសោធនកម្មនេះ និងបំពេញភារកិច្ចតាមអំណាចរបស់ខ្លួនឱ្យបានពេញលេញ។

ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការដែលសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានរដ្ឋសភាអនុម័ត រួចឆ្លង​ដល់​ដៃ​ព្រឹទ្ធសភានេះ មិនមែន​ជារឿងចម្លែកទេ ព្រោះដំណើរនីតិវិធីគឺបែបនេះ។

លោកបន្ត​ថា សង្គមស៊ីវិលមិនមានអំណាចតួនាទីទៅសម្រេចអ្វីក្នុងរឿងនេះទេ ពោលគឺបានត្រឹមតែលើកឡើងពីក្តីបារម្ភចេញពីមនសិការ និងឆន្ទៈរបស់ខ្លួននូវផលប៉ះពាល់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ បង្ហាញទៅសាធារណជន និងស្ថាប័នពាក់ព័ន្ធរួចរាល់ប៉ុណ្ណោះ។ តែយ៉ាងណា លោក​ច​ង់​ឃើញស្ថាប័ន​អនុម័តឬ​បង្កើត​ច្បាប់ ប្រកាន់​​ជំហរ​ឯករាជ្យ និង​គិត​ដល់​ប្រយោជន៍សាធារណជនជាធំ​ នៅពេល​ដែលមានការ​​​​ពិភាក្សា និង​អនុម័តលើសេចក្តីព្រាង​​ច្បាប់ណាមួយនោះ។

លោក ករុណា បន្ថែមថា៖ «កម្រណាស់នឹងមានការខ្ទាស់ទៅនឹងដំណើរការនៃការស្នើវិសោធនកម្មច្បាប់ពីរដ្ឋាភិបាល ភាគច្រើនគឺធ្វើឡើងដោយរលូន។ ប៉ុន្តែបើសិនជាមានការផ្អាក ឬក៏ខ្ទាស់ណាដែលមិនទៅមុខ​បាន នៅត្រឹមព្រឹទ្ធសភា នោះវាជារឿងចម្លែក ហើយក៏កម្រ និងមិនដែលឃើញមានដែរនៅក្នុង​ដំណាក់​កាលហ្នឹង។ ភាគច្រើនតែងតែទៅមុខ ហើយ​ចូលជាធរមាន ដោយមិនមានកត្តារាំងស្ទះទេ។ អានេះជាការកត់សម្គាល់កន្លងមក»។

បើតាមមន្ត្រីសិទ្ធិមនុស្ស​រូបនេះ ច្បាប់ដែលភ្ជាប់ដោយ​នយោបាយ​តែងត្រូវបានអនុម័តលឿន​ជាង​​ច្បាប់​ដែល​ផ្តល់​ផល​​ប្រយោជន៍ដល់សង្គមជាតិ ដូចជា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាដើម ដែល​លោកថា ជាង១០ឆ្នាំមកហើយ​នៅតែស្ថិតក្នុងសេចក្តីព្រាងដដែល។ លោកចាត់ទុកថា នេះជាភាពមិនប្រក្រតីក្នុងដំណើរការអនុម័តច្បាប់ម្តងៗ។

​​​រដ្ឋស​​ភាបា​​ន​​អ​នុម័​តទាំ​ង​ស្រុង​​​លើ​សេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​លើក​​​ទី​១០ ដែល​រដ្ឋាភិបា​​ល​បាន​ស្នើឡើង បើទោះបីជាគណបក្សនៅក្រៅរដ្ឋាភិបាលចំនួន៤ និង​ក្រុមអ​ង្គការសង្គមស៊ីវិលជាង១០​០​​ស្ថាប័ន បាន​ប​ង្ហា​ញ​​​ក្ដីបា​រម្ភ​ថា ការស្នើនេះនឹង​កាត់​បន្ថយ​អំណាច​​សភា និងប៉ះ​ពា​ល់ដ​ល់​ប្រព័ន្ធ​សភានិយមអាស្រ័យធម្មនុញ្ញ​ក្ដី។

ក្នុ​ង​​កិច្ចប្រជុំពេញអង្គនាថ្ងៃទី២៨ ខែកក្កដានេះ រដ្ឋសភាបានបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ ស្ដីពីការ​ស្នើសុំ​ធ្វើ​វិសោធនក​ម្ម​មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា​១០២ថ្មី មាត្រា១១៩ថ្មី (មួយ​) និងមាត្រា១២៥​ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា​៣ថ្មី និងមាត្រា​៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម លើ​សំ​ឡេ​​ង​១​​០៥​លើ​១០៦សំឡេង​ ដែលជាសំឡេង​លើស ២ភាគ៣ នៃសមាជិកសភាទាំងមូល។

​រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ ​​លោក ​កើត​ រិទ្ធ បាន​ឡើង​ការពារសេចក្ដីព្រាងច្បាប់​ស្នើកែរដ្ឋធម្មនុញ្ញនេះថា ការស្នើ​ធ្វើ​​វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ មិនបាន​កាត់​​​​បន្ថ​យតួនាទី សិ​ទ្ធិតំណាងរាស្ត្រ ក្នុងប្រព័ន្ធរបបសភានិយម ដូចការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាលមួយ​ចំនួននោះឡើយ។

លោក​ថា ការស្នើកែ​នេះជា​​ការ​បំពេញភាពខ្វះចន្លោះរដ្ឋធម្មនុញ្ញដើ​ម ​និ​​ងបង្ការភាពជាប់គាំងស្ថាប័នកំពូលរបស់ជាតិក្រោយការបោះឆ្នោត ដើម្បីការពារផលប្រយោជន៍រួម ហើយ​មិនបានប៉ះពាល់ដល់​គោល​​ការណ៍​​តុល្យ​ភាពអំណាចដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ននេះ​ផង​ដែរ។

ក្នុងន័យនេះ រដ្ឋមន្ត្រីរូបនេះបញ្ជាក់​ថា សិទ្ធិអំណាច​របស់តំណាងរាស្ត្រ ក្នុងការដាក់សំណួរឬអញ្ជើញសមាជិក​រដ្ឋាភិបាល​មកសាក​សួរ តាមមាត្រា៩៦ ​និង៩៨ថ្មី រួមទាំងការធ្វើញត្តិបន្ទោសឬទម្លាក់រដ្ឋាភិបាល នៅតែអាចធ្វើបាន តាមមតិភាគច្រើន​ដាច់​ខាត​នៃសមាជិកសភាទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ