សមាជិក​សភា​កាណាដា​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះតៃវ៉ាន់​ក្នុង​ខែតុលា

លោកស្រី Judy Sgro សមា​ជិកសភាមួយរូបមកពីគណបក្សសេរីនិយម នៃប្រទេសកាណាដា។ (ហ្វេសប៊ុក៖ Judy Sgro)

សមា​ជិកសភាមួយរូបមកពីគណបក្សសេរីនិយម លោកស្រី Judy Sgro បានឱ្យដឹងកាលពីថ្ងៃពុធ​កន្លងទៅថា​ ប្រតិភូមួយក្រុមនៃសមាជិកសភាកាណាដា គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់​កោះតៃ​វ៉ាន់ ក្នុងខែតុលាខាងមុខនេះ ដើម្បីស្វែងរកឱកាសពាណិជ្ជកម្មនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈសកម្មភាពនេះត្រូវបានមើលឃើញថា អាចនឹង​បង្ក​ភាព​តានតឹង​បន្ថែម​ទៀតដល់ទំនាក់ទំនងរវាង​ចិន និង​​លោក​ខាង​លិច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

ទំនាក់​ទំនង​រវាង​ចិន និង​លោកខាងលិច បាន​និង​កំពុង​ធ្លាក់​ចុះ​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ប្រធាន​​​រដ្ឋសភា​​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ កាលពីដើមខែ​សីហា​កន្លង​ទៅ ជា​ដំណើរទស្សនកិច្ចមួយដែល​ត្រូវបានចាត់ទុក​ដោយ​ក្រសួង​ការ​ពារជាតិចិនថា ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។

ទាក់ទិននឹងករណីនេះ ចិនក៏បានធ្វើការឆ្លើយតបតាមរយៈការធ្វើ​សម​យុទ្ធយោធានានា ដែលក្នុងនោះរួម​មាន ការ​ដាក់​ពង្រាយ​យន្ត​ហោះចម្បាំង ការ​បាញ់​មីស៊ីល​ផ្លោង​នៅលើដែន​ទឹក និង​ដែនអាកាស ជុំវិញ​ដែន​កោះតៃវ៉ាន់​ផង​ដែរ។

ទោះជាយ៉ាងណា លោកស្រី Judy Sgro បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា៖ «គោលបំណង [នៃដំណើរទស្សនកិច្ច] គឺ​មិនមែន​រំខាន និងបង្ក​ជាបញ្ហា​អ្វីដល់​តៃវ៉ាន់ ឬ​​​ចិន​នោះទេ។ ដំណើរទស្សនកិច្ចនេះ គឺទាក់​ទង​នឹង​ពាណិជ្ជ​កម្ម មិត្ត​ភាព ក៏​ដូចជា​ឱកាស​សម្រាប់កាណាដា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលប៉ុណ្ណោះ»។

ទាក់ទិននឹងករណីនេះ លោកស្រីបន្ថែមថា សមាជិកសភាកាណាដា កាលពីពេលកន្លងទៅ គឺតែងតែទៅកាន់កោះតៃវ៉ាន់​ ដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដែលពួកគេទើបតែផ្អាកក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

សមា​ជិកសភាកាណាដាដដែលបន្តថា៖ «សកម្មភាពនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តធ្វើឡើង ដើម្បីធានាឱ្យបាននូវឱកាសពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនកាណាដាផងដែរ»។

ជាមួយគ្នានេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានលើកឡើងផងដែរថា ខ្លួនគោរពការសម្រេចចិត្តរបស់សមាជិកសភាក្នុងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកាណាដា បានឱ្យដឹងថា៖ «[ជាធម្មតា] សមាគមសភា និងប្រតិភូនានាតែងតែធ្វើដំណើរ [ទៅក្រៅប្រទេស] ខណៈយើងគោរពឯករាជ្យភាពរបស់ពួកគេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ