ក្បាលទូកបង្វែរទិសទៅតាមដៃដែលបញ្ជាម៉ាស៊ីន ប្រៀបដូចជាចង្កូតរបស់ម្ចាស់ទូក តម្រង់ទៅកាន់បណ្ដុំពពុះនៅលើផ្ទៃទឹក។ ខណៈទូកជិះយឺតៗឆ្លងកាត់ទន្លេមេគង្គ ភ្ញៀវទេសចរអាចឃើញ «សត្វផ្សោតអ៊ីរ៉ាវ៉ាឌី (សត្វផ្សោតទន្លេមេគង្គ)» លេចឡើងជាហ្វូង ឬ២ទៅ៣ក្បាល ដែលមានតែអ្នកភ្នែករហ័ស ឬមានសំណាង ទើបឃើញពួកគេច្បាស់។
«សត្វផ្សោតនេះ ឥលូវហ្នឹងអាចមើលឃើញតែនៅកន្លែងនេះឯង ព្រោះវារាងក្សត់ទៅៗ» នេះបើតាមលោកពូ ស៊ុន គឹង ជាអ្នកបើកទូកទេសចរណ៍ជាង២០ឆ្នាំ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។
តំបន់អភិរក្ស «អន្លង់ផ្សោតកាំពី» ខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយសម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។
ចំណាត់ការនេះធ្វើឡើងស្របគ្នាជាមួយនឹងសំណើមួយទៀតទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ ឬអង្គការយូណេស្កូ (UNESCO) សម្រាប់ឧទ្យានភូគព្ភសាស្ត្រសកលដំបូងរបស់កម្ពុជា (Geopark) នៅដែនជម្រកសត្វព្រៃភ្នំណាមលៀ ខេត្តមណ្ឌលគិរី។
ជាមួយជីវមណ្ឌលបម្រុង ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ នៅបឹងទន្លេសាប ការធ្វើសំណើលើតំបន់ទាំងពីរនេះ បញ្ជាក់ពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់ក្រសួង ក្នុងការទទួលស្គាល់ជាអន្តរជាតិចំពោះធនធានធម្មជាតិរបស់កម្ពុជា ខណៈសំណើនេះអាចចំណាយពេលជិតមួយទសវត្សរ៍ ហើយតំបន់ធម្មជាតិផ្សេងៗទៀតក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ។
ក្រុមអ្នកស្រាវជ្រាវ និងអ្នកអភិរក្ស ជជែកគ្នាថាតើការទទួលស្គាល់ជាសកលនេះអាចការពារតំបន់បេតិកភណ្ឌធម្មជាតិនៅប្រទេសកម្ពុជាពីការអភិវឌ្ឍ និងភាពរេចរឹលបានដែរឬទេ ឬមួយក៏ផែនការគ្រប់គ្រងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះនឹងត្រូវបានអនុវត្តតែលើឯកសារតែណ្ណោះ។
លោក ស៊ុន គឹង ដែលបានចំណាយពេលជាងពីរទសវត្សរ៍ធ្វើការនៅអន្លង់កាំពី បានប្រើម្រាមជើងកាច់ចង្កូតទូកឆ្ពោះទៅកាន់អន្លង់សត្វផ្សោតអ៊ីរ៉ាវ៉ាឌី។ (Anton L. Delgado for Southeast Asia Globe)
ការជ្រើសរើសដាក់តំបន់ទាំងពីរនេះចូលក្នុងបញ្ជីបេតិកភណ្ឌ កើតឡើងក្នុងឆ្នាំដំណាលគ្នាជាមួយខួបលើកទី៥០ ចាប់តាំងពីការចុះហត្ថលេខាលើអនុសញ្ញាបេតិកភណ្ឌពិភពលោក និងខួបលើកទី៣០ឆ្នាំ រាប់ចាប់តាំងពីការចុះបញ្ជីប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោក Masanori Nagaoka អ្នកជំនាញផ្នែកវប្បធម៌របស់អង្គការយូណេស្កូប្រចាំកម្ពុជា ពន្យល់ថា ការការពារទាំងនេះមិនគ្រាន់តែសំដៅការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង «រួមចំណែកការពារការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោក Nagaoka បានបន្ថែមថា៖ «អង្គរវត្ត ពិតជានិមិត្តរូបរបស់ប្រទេស ប៉ុន្តែវាមិនមែនត្រឹមតែប៉ុណ្ណឹងទេ។ យើងមានកន្លែងធម្មជាតិដ៏សម្បូរបែប ព្រៃបម្រុងជីវមណ្ឌល និងប្រភេទសត្វជិតផុតពូជ ដែលត្រូវការការពារ និងផ្សព្វផ្សាយ។ ការជ្រើសរើសទីតាំង ធ្វើឡើងអាស្រ័យទៅលើអ្វីដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិចារណា»។
«ការចុះក្នុងបញ្ជីបេតិកភណ្ឌ» គឺជាអត្ថប្រយោជន៍ដ៏ទូលំទូលាយដែលគេទទួលស្គាល់ជាទូទៅ ខណៈដែលការផ្ដល់មូលនិធិនានាមិនមែនបានមកដោយស្វ័យប្រវត្តិនោះឡើយ។ ជាមួយនឹងការទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក ឬឧទ្យានភូគព្ភសាស្ត្រ ការចុះក្នុងបញ្ជីគឺជា “មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីធានាការការពារតម្លៃ”។

ការចុះបញ្ជីបេតិកភណ្ឌពិភពលោក អាចលើកកម្ពស់ការយល់ដឹងអំពីទីកន្លែងនោះ និងនាំមកនូវឱកាសបន្ថែមលើវិស័យទេសចរណ៍ ការចូលរួមពីសហគមន៍ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
យោងតាមអង្គការយូណេស្កូ ការការពារទាំងនេះនឹងជាជំហានដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការពារជីវចម្រុះ និងធម្មជាតិរបស់ខ្លួន។
លោក Nagaoka មានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែធ្វើការសន្យា ដោយមិនគ្រាន់តែកំណត់ទីតាំងដ៏អស្ចារ្យទាំងនេះឱ្យពិភពលោកស្គាល់នោះទេ ប៉ុន្តែពួកគេត្រូវតែសន្យាជាមួយពិភពលោកថា ពួកគេប្តេជ្ញាការពារសម្បត្តិដ៏មានតម្លៃបែបនេះសម្រាប់មនុស្សជំនាន់ក្រោយ»។
បើគិតជារួម អង្គការយូណេស្កូបានកំណត់តំបន់បេតិកភណ្ឌពិភពលោកធម្មជាតិជាង២៥០កន្លែង និងឧទ្យានភូគព្ភសាស្ត្រជិត១៨០កន្លែងនៅទូទាំងពិភពលោក។ យ៉ាងណាមិញ ការទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌអាចត្រូវបានដកចេញ ប្រសិនបើផែនការគ្រប់គ្រងមិនត្រូវបានអនុវត្តត្រឹមត្រូវ ដោយប្រទេសដែលជាម្ចាស់។
គិតត្រឹមឆ្នាំ២០២១ តំបន់អាស៊ីអាគ្នេយ៍មានឧទ្យានភូគព្ភសាស្ត្រចំនួន១១ និងតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិចំនួន១៤។ ឥណ្ឌូនេស៊ីជាប្រទេសនាំមុខគេដែលមានឧទ្យានភូគព្ភសាស្រ្ត និងតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិច្រើនជាងគេនៅក្នុងតំបន់។
លោក Saut Sagala អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Bandung (Bandung Institute of Technology) របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានសិក្សាអំពីភូមិសាស្ត្រទេសចរណ៍ បានបញ្ចាក់ថា ការទទួលស្គាល់ដោយអង្គការយូណេស្កូ ជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់តំបន់ និងមូលដ្ឋាន ធ្វើការរួមគ្នា និងធ្វើការកំណត់ស្តង់ដារខ្ពស់សម្រាប់ការគ្រប់គ្រងបរិស្ថាននៃតំបន់នោះ។
ខណៈដែលគាត់ជឿថា ការកំណត់ទីតាំងទាំងនេះជាសម្បត្តិបេតិកភណ្ឌ អាចជួយថែរក្សាបាននូវទីកន្លែងធម្មជាតិទាំងនោះនៅទូទាំងតំបន់ (អាស៊ីអាគ្នេយ៍) យ៉ាងមានប្រសិទ្ធភាពនោះ Sagala ក៏លើកឡើងនូវការប្រុងប្រយ័ត្នចំពោះវិធីសាស្ត្រគ្រប់គ្រងតំបន់ទាំងនោះ ដោយហេតុថា គេមិនអាចប្រើប្រាស់ស្តង់ដារណាមួយមកកំណត់ទីតាំងទាំងអស់បានទេ។
គាត់បានបន្ថែមថា៖ «វាអាចមានភាពខុសប្លែកគ្នា ក៏ដូចជាវិធីសាស្រ្តផ្សេងគ្នា ឬចំណុចពិសេស បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃកន្លែងនីមួយៗ នៅតាមតំបន់នានាទូទាំងប្រទេស។ តំបន់បេតិកភណ្ឌនីមួយៗអាចកំណត់គំរូផ្ទាល់ខ្លួន ហើយបន្ទាប់មកកន្លែងទាំងនេះអាចរៀនពីគ្នាទៅវិញទៅមក»។
នាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថាន ជាអ្នកត្រួតពិនិត្យការដាក់ពាក្យស្នើសុំនេះ។ មន្ត្រីនាយកដ្ឋានបានបដិសេធក្នុងការផ្ដល់ព័ត៌មានដល់ខាងសារព័ត៌មាន ដោយពន្យល់ថា គោលនយោបាយផ្ទៃក្នុងអនុញ្ញាតឱ្យតែអ្នកនាំពាក្យក្រសួងប៉ុណ្ណោះ ក្នុងការផ្ដល់ព័ត៌មានដល់សាធារណៈ។ យ៉ាងណាក៏ដោយ ពួកគេបានចែករំលែកថា ការដាក់ស្នើអន្លង់ផ្សោតកាំពីជាសម្បត្តិបេតិកភណ្ឌធម្មជាតិ កំពុងត្រូវបានកំណត់ជាអាទិភាព។
នៅចុងឆ្នាំ២០២៣ នាយកដ្ឋានសង្ឃឹមថានឹងអាចបញ្ជូនឯកសារនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុម័តមុននឹងដាក់ស្នើទៅអង្គការយូណេស្កូជាផ្លូវការ។
កាលពីខែមិថុនា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រកាសអំពីផែនការដាក់ស្នើអន្លង់ផ្សោតកាំពី ដោយនិយាយថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនឹងនាំឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិ និងធានាឱ្យមានការកើនឡើងនៃភ្ញៀវទេសចរ។ Southeast Asia Globe ពុំអាចសុំការបញ្ជាក់បន្ថែមពីលោក នេត ភក្ត្រា បានឡើយ ក្រោយពីមានសំណើទំនាក់ទំនងតាមទូរសព្ទជាច្រើនសា។

ដំណើរការដាក់បញ្ចូលបញ្ជីបេតិកភណ្ឌពិភពលោក អាចចំណាយពេលច្រើនឆ្នាំ ហើយពឹងផ្អែកលើគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាល នេះបើយោងតាម កញ្ញា Renate Heileman ដែលធ្វើការជាមួយអង្គភាពវិទ្យាសាស្ត្រធម្មជាតិ នៃអង្គការយូណេស្កូនៅកម្ពុជា។
កញ្ញាបាននិយាយថា៖ «រដ្ឋាភិបាលមានភាពសកម្មក្នុងការបន្តការអភិរក្សតំបន់ធម្មជាតិរបស់ខ្លួន តាមរយៈមធ្យោបាយផ្សេងគ្នាទាំងនេះ។ បេតិកភណ្ឌពិភពលោកនាំមកនូវការគាំទ្របន្ថែមសម្រាប់បទប្បញ្ញត្តិ និងការការពារផ្នែកច្បាប់ តាមរយៈការរៀបចំផែនការ និងប្រព័ន្ធគ្រប់គ្រង។»
ពាក្យស្នើសុំចាប់ផ្ដើមជាមួយនឹងការដាក់ស្នើទៅ «បញ្ជីបណ្ដោះអាសន្ន» របស់អង្គការយូណេស្កូ ដែលដំណើរការនេះអាចមានរយៈពេលប្រាំទៅប្រាំពីរឆ្នាំ មុនពេលចាប់ផ្ដើមដំណើរការចាត់តាំង ឬ Nomination។ តំបន់ដែលដាក់ឈ្មោះទៅ ត្រូវបានវិនិច្ឆយដោយផ្អែកលើលក្ខណៈវិនិច្ឆយចំនួនបួន ដែលសង្កត់ធ្ងន់លើប្រភេទសត្វដែលរងការគំរាមកំហែង លក្ខណៈជីវសាស្ត្រតែមួយគត់ (ក្នុងតំបន់នោះ) និងការមើលជារួមទៅលើ «តម្លៃសកលដ៏ពិសេស»។ បន្ទាប់មក សំណើត្រូវបានស្នើទៅកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។
កិច្ចប្រជុំគណៈកម្មាធិការប្រចាំឆ្នាំ ជាពេលដែលតំបន់ថ្មីៗត្រូវទទួលបានការអនុញ្ញាតដាក់ក្នុងបញ្ជី ធ្លាប់ត្រូវបានគ្រោងរៀបចំឡើងនៅក្នុងប្រទេសរុស្ស៊ីកាលខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលដោយគ្មានកំណត់ ដោយសារតែបញ្ហារវាងរុស្ស៊ី-អ៊ុយក្រែន។ ការពន្យារពេលនេះក៏ធ្វើឱ្យមានការយឺតយ៉ាវនូវការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤ របស់ប្រទេសកម្ពុជា គឺប្រាសាទកោះកេរ្តិ៍ (កោះកែរ) ក្នុងខេត្តព្រះវិហារ។
លោក Nagaoka បាននិយាយថា ជាមួយនឹងទីតាំងវប្បធម៌ចំនួនបីរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ និងទីបួនកំពុងរង់ចាំលទ្ធផល ការពិនិត្យមើលការដាក់អន្លង់ផ្សោតកាំពី ជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងរបស់ប្រទេសនេះ នឹងក្លាយជាអាទិភាពមួយ។
អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) បានចាត់ថ្នាក់ផ្សោតអ៊ីរ៉ាវ៉ាឌី ក្នុងតារាងសត្វ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង។ ប៉ុន្តែចំនួនសត្វផ្សោតប្រភេទនេះដែលបន្តរស់រានមានជីវិតក្នុងប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងកម្ពុជា ត្រូវបានចាត់ទុកថាជា «ប្រភេទងាយរងគ្រោះ»។
ដែនជម្រកចម្បងដែលហៅថា «អន្លង់ផ្សោត» សម្រាប់សត្វផ្សោតនៅក្នុងទន្លេមេគង្គ លាតសន្ធឹងប្រវែង១៨០គីឡូម៉ែត្រ ពីទឹកធ្លាក់ខនផាក់ផេង (ល្បាក់ខោន) របស់ប្រទេសឡាវ មកកាន់ខេត្តក្រចេះរបស់កម្ពុជា។
កាលពីខែកុម្ភៈ សត្វផ្សោតចុងក្រោយក្នុងអាងផ្សោតមួយនៅព្រំដែនកម្ពុជា-ឡាវ បានស្លាប់ដោយសារជាប់ក្នុងសំណាញ់នេសាទ។
លោក រិន ណារឿន អ្នកគ្រប់គ្រងតំបន់ការពារ និងអនុវត្តច្បាប់ របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) នៅខេត្តក្រចេះ មានប្រសាសន៍ថា «ប្រសិនបើយើងអាចធ្វើការលើបញ្ហានេះ ហើយអង្គការយូណេស្កូយល់ព្រមបង្កើតតំបន់នេះជាបេតិកភណ្ឌពិភពលោកធម្មជាតិ ខ្ញុំគិតថាវាល្អសម្រាប់យើង ព្រោះយើងអាចអនុវត្តច្បាប់បាន»។ លោកជឿជាក់ថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកអាចផ្តល់ប្រយោជន៍ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់។
លោក ណារឿន ដែលបានជួយប្រមូលទិន្នន័យសម្រាប់ការដាក់បញ្ចូលតំបន់បេតិកភណ្ឌពិភពលោក បានថ្លែងថា ការបាត់បង់ (សត្វផ្សោត) កាន់តែធ្វើឱ្យយើងដឹងពីសារៈសំខាន់របស់អន្លង់ផ្សោតកាំពី ក្នុងនាមជាជម្រករឹងមាំសម្រាប់សត្វផ្សោតទន្លេមេគង្គ។
យោងតាមរបាយការណ៍របស់អង្គការ WWF បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២០ ចំនួនសត្វផ្សោតទន្លេមេគង្គត្រូវបានប៉ាន់ប្រមាណថាមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ។ ប៉ុន្តែតួលេខថ្មីនៃចំនួនផ្សោតត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅឆ្នាំ២០២៣ ដែលសង្ឃឹមថាចំនួននេះនឹងបង្ហាញសញ្ញានៃកំណើនផ្សោត។
លោក ណារឿន មានប្រសាសន៍បន្ថែមថា៖ «ប្រសិនបើយើងមានការការពាររបស់អង្គការយូណេស្កូ យើងអាចជំរុញអ្នកពាក់ព័ន្ធ ក៏ដូចជាមន្ត្រីរដ្ឋាភិបាល ឱ្យការពារតំបន់នេះបានកាន់តែល្អ។ ប្រសិនបើបេតិកភណ្ឌពិភពលោក គឺជាគោលបំណងមួយរបស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានវា ព្រោះយើងពិតជាត្រូវការវា»៕
អត្ថបទនេះត្រូវបានផលិតឡើងដោយមានការសហការគ្នាជាមួយ “បណ្តាញស៊ើបអង្កេតព្រៃទឹកភ្លៀង (Rainforest Investigations Network)” របស់មជ្ឈមណ្ឌល Pulitzer ។ អត្ថបទដើមជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។
អត្ថបទដោយ: Anton L. Delgado and Nasa Dip