ម្ដាយក្មេងស្រីដែលកូនរបស់គាត់ត្រូវបានគេចាប់រំលោភកាលពីឆ្នាំមុន នៅតែបន្ត ស្វែងរកយុត្តិធម៌សម្រាប់កូនស្រី ព្រោះកើតទុក្ខមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ។
អ្នកស្រី ព្រាប សាម៉ុន ដែលអះអាងថា កូនស្រីរបស់គាត់មានអាយុ៥ឆ្នាំនៅពេលត្រូវបានគេចាប់រំលោភ ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា គ្រួសារអ្នកស្រីមិនទាន់ទទួលបានយុត្តិធម៌ នោះទេ ក្រោយពីព្រះរាជអាជ្ញារងខេត្តព្រៃវែងចេញដីកាកាលពីថ្ងៃទី២៥ ខែសីហា ដោយ តម្កល់ទុកឥតចាត់ការទៅលើសំណុំរឿងរំលោភសេពសន្ថវៈលើកូនស្រីរបស់អ្នកស្រី។
អ្នកស្រី ព្រាប សាម៉ុន ដែលសព្វថ្ងៃរស់នៅភូមិអង្គក្កោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បានអះអាងថា ក្រោយពីកូនរបស់អ្នកស្រីត្រូវបានជនសង្ស័យឈ្មោះ កូយ ហើម ចាប់រំលោភកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យមិនត្រូវបានសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់នោះទេ។ ចំណែកសុខភាពកូនរបស់អ្នកស្រីវិញ កាន់តែមានសភាព ស្លេកស្លាំង ទោះបីជាបានយកកូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យចំនួន៥ដងរួចហើយក្ដី។
ករណីនេះ អ្នកស្រី សាម៉ុន បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែរហូតដល់ខែកញ្ញានេះ ទើបខាងតំណាងព្រះរាជអាជ្ញាថាមិនចាត់ការលើករណីនេះនោះទេ។ អ្នកស្រីថា ខាងព្រះរាជអាជ្ញាមិនចាត់ការលើជនសង្ស័យប្រហែលជាភាគីម្ខាងទៀតមានលុយមានអំណាច ទើបមកទល់ពេលនេះ តុលាការ មិនទាន់អាចស្វែងរកយុត្តិធម៌សម្រាប់គ្រួសារអ្នកស្រីបាន។
អ្នកស្រីថា៖ «រឿងហ្នឹងបើបានជួបគ្នានៅតុលាការតែម្ដងក៏អស់ចិត្តដែរ លោកគ្រូ! តែនេះអត់បានជួបមុខគ្នាផង ស្រាប់តែដាក់ដីកាអត់ចាត់ការឱ្យ។ ខ្ញុំអាណិតកូនខ្ញុំណាស់ នៅតែស្លេកស្លាំង អត់មានសាច់មានឈាម ហើយខ្មាសគេ ពេលគេនិយាយ ឱនមុខចុះ»។
មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃទទឹង លោក អាត រ៉ានី បានឱ្យដឹងថា ពិតជាមានករណីចាប់រំលោភកើតមានឡើងនៅក្នុងមូលដ្ឋានលោកពិតប្រាកដមែន តែយ៉ាងណា លោកថាបន្ទាប់ពីលោកបានសហការក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការ ព្រះរាជអាជ្ញាសម្រេច តម្កល់រឿងនេះមិនចាត់ការនោះទេ។
លោកថា៖ «យើងបានធ្វើសំណុំរឿងជាមួយមន្រ្តីជំនាញ ហើយយើងបានបញ្ជូនទៅតុលាការអស់ហើយ តែសាលដីកាចេញមក ដោយថាមិនមានការរំលោភ ដោយសារលោកអធិការដឹកទៅកោសលវិច័យ មិនមានការរំលោភ»។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីជនសង្ស័យ លោក កូយ ហើម បាននៅឡើយទេ។ តែយ៉ាងណា លោកបានអះអាងក្នុងដីការតម្កល់រឿងទុកឥតចាត់ការរបស់ព្រះរាជអាជ្ញា ចាន់ វណ្ណៈ ថាលោកមិនបានរំលោភដូចករណីដែលអ្នកស្រី ព្រាប សាម៉ុន លើកឡើងនោះទេ។លោកអះអាងក្នុងដីកាថា ក្នុងថ្ងៃទី២៣ ខែវិច្ឆិកា បន្ទាប់ពីលោកបានភ្ជួរបានមួយសន្ទុះលោកក៏បានចុះទៅងូតទឹក ស្រាប់តែលឺក្មេងស្រីលោតទឹក និងក្រោយមកបានស្រែក និងមានហូរឈាម លោកក៏ដឹកយកនាងទៅផ្ទះតែម្ដង។
ក្នុងដីកាថា៖ «ខ្លួនមិនបានយកដៃទៅប៉ះប្រដាប់ភេទរបស់ក្មេងស្រី ដូចការអះអាងរបស់ឈ្មោះព្រាប សាម៉ុន ជាដើមបណ្ដឹងនោះទេ។ ចំពោះករណីនេះ ខ្លួនគ្រាន់តែឃើញឈាមហូរដល់ក្រោមជង្គង់ ខ្លួនឃើញដូច្នេះក៏យកដៃទប់ឈាមនៅត្រង់ជង្គង់ក្មេងស្រីនោះទៅ»។
ចំណែកអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោក ចាន់ វណ្ណៈ ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោកមិនទាន់អាចឆ្លើយភ្លាមៗចំពោះករណីនេះបាននៅឡើយទេ ដោយលោកត្រូវការពិនិត្យមើលសំណុំរឿងសិន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង លោក ព្រីង សាគាន់ លើកឡើងថា បើការអះអាងរបស់អ្នកស្រី ព្រាប សាម៉ុន ជាការពិតមែននេះ វាគឺជារឿងអយុត្តិធម៌។ តែយ៉ាងណា លោកថា ប្រសិនបើជនរងគ្រោះប្ដឹងទៅសាលាឧទ្ធរណ៍ អង្គការលីកាដូនឹងជួយស្វែងរកភស្ដុតាង និងឯកសារពីមន្ទីរពេទ្យម្ដងទៀត បើទោះណាជាខាងតុលាការធ្លាប់យកក្មេងស្រីទៅមន្ទីពេទ្យធ្វើកោសលវិច័យថាមិនមានការរំលោភ យ៉ាងណាក្ដី។
លោកថា៖ «ចំពោះខ្ញុំដែលជាអ្នកជួយជនរងគ្រោះ ពួកខ្ញុំរកឃើញថា រឿងហ្នឹងវាពិបាកនឹងទទួលយក ដោយសារតែខាងព្រះរាជអាជ្ញា បើយោងទៅតាមព្រះរាជអាជ្ញារកឃើញអ៊ីចឹង»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងរយៈពេលជិត៣ឆ្នាំ គឺចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៩ អង្គការលីកាដូ បានសិក្សាស្រាវជ្រាវករណីរំលោភសេពសន្ថវៈ ឬបទប៉ុនប៉ងរំលោភសេពសន្ថវៈ សរុបចំនួន ៤៤៦ករណី ក្នុងនោះមាន ៣៥៨ករណី ឬស្មើនឹង ៨០% ជាប់ពាក់ព័ន្ធនឹងកុមារអាយុក្រោម១៨ឆ្នាំ៕