សង្គមស៊ីវិល​ស្នើ​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

ក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិមនុស្សនិងការងារ ដាក់ញត្តិនៅរដ្ឋសភាទាមទារដំណោះស្រាយវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព​ដែលធ្វើការលើ​​​​ផ្នែក​សិទ្ធិការងារនិងសិទ្ធិមនុស្ស នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្នើដល់ក្រសួងមហាផ្ទៃ និងរដ្ឋសភា ជួយ​អន្តរា​គម​ន៍​ដោះស្រាយបញ្ចប់​​វិវាទការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈក្រុមកូដកររងការព្រមាន​ពី​​​វិធានការ​ច្បាប់​​​​មិនឱ្យតវ៉ា ក្រោយរកឃើញពួកគេឆ្លងជំងឺកូវីដ-១៩។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការការពារសិទ្ធិមនុស្ស​លីកាដូ​ សមាគមការពារសិទ្ធិមនុស្សអាដហុក ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស និងសហជីពមួយចំនួនទៀត។

បើតាមញត្តិដាក់ទៅស្ថាប័នទាំងពីរ គឺ​​ក្រុមអង្គការសង្គមស៊ីវិលនិងសហជីព​ទាំង​នោះបាន​ទាម​ទារ​ឱ្យ​ទម្លាក់​​ចោល​​ការ​ចោទ​ប្រកាន់ និង​ដោះលែងតំណាងសហជីពទាំង៨នាក់ រួម​ទាំង​អន្តរាគមន៍​ដោះ​ស្រាយវិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ឱ្យបានត្រឹមត្រូវនិងយុត្តិធម៌ផងដែរ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះក៏ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចោទប្រកាន់ ឬលាបពណ៌ទៅលើសហ​ជីព សមាគម និងអង្គការសង្គមស៊ីវិល ដែលថាធ្វើសកម្មភាពមានចេតនាផ្ដួលរំលំ​រដ្ឋាភិបាលតាមរយៈ «បដិវត្តន៍ពណ៌​» នៅ​ពេល​ដែល​ពួកគេ​គ្រាន់​តែ​អនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និង​បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាដើម។

ញត្តិដដែលនេះលើកឡើង​ថា ការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ទៅលើថ្នាក់ដឹកនាំសហជីពទាំង៨នាក់ បាន​បង្ហាញ​ថា សិទ្ធិការងាររបស់ពួកគេត្រូវបានរំលោភ​បំពាន​ដោយ​និទណ្ឌភាព ខណៈ​ពួក​គេ​គ្រាន់​តែលើកឡើងពីការរំលោភបំពានសិទ្ធិការងារ​នៅក្រុមហ៊ុនដែលខ្លួនធ្វើការងារ និងស្វែងរកដំណោះស្រា​យ បែរជាត្រូវប្រឈមមុខនឹងវិធានការច្បាប់ទៅវិញ។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​​មនុស្ស (សង់​ត្រាល់) លោក ឃុន ថារ៉ូ ​មានប្រ​សាសន៍ថា​ ការ​​ចាប់​ខ្លួន និង​ការ​រារាំង​ក្រុម​កូដ​ករ​កន្លង​មក ​ធ្វើឡើងដោយសមត្ថកិច្ចដែលស្ថិត​ក្រោម​ការគ្រប់គ្រងដោយ​ក្រសួង​មហា​ផ្ទៃ ខណៈការតវ៉ារបស់ក្រុមកូដករនេះ​ត្រូវបាន​រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ លោក ស ខេង បានចាត់ទុកជាវិវាទការងារ។

លោក​បន្តថា ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាជម្លោះពាក់ព័ន្ធសិទ្ធិការងារនិងសេរីភាពសហជីពនៅកន្លែងការងារសុទ្ធសាធ។

លោកបន្ថែមថា៖ «អ៊ីចឹង​បើករណី​នៅ​ណាហ្គានេះ​មិនត្រូវ​បាន​ដោះស្រាយ​ ជា​ការ​ពិតណាស់ ​វានឹងជិះឥទ្ធិពលនូវគំរូអាក្រក់ទៅ​និយោជកដែលមានឥទ្ធិពលផ្សេង​ទៀត​ ក្នុងការបន្តនូវការរំលោភបំពានសិទ្ធិការងារ ការ​កេង​ប្រវ័ញ្ចទៅលើកម្លាំងពលកម្ម ហើយវានឹងធ្វើឱ្យការធ្លាក់ថយក្រោយនូវសិទ្ធិផ្នែកអង្គការវិជ្ជាជីវៈឬសិទ្ធិសហជីពនេះ»

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានថ្លែងថា រដ្ឋសភាជាកន្លែងដែល​តំណាងរាស្ត្រ​ធ្វើការ​ ហើយតំណាងរាស្ត្រ​​ត្រូ​វមើល​បញ្ហា​ទុក្ខលំបាក​រប​ស់​ប្រជា​ពលរដ្ឋ និងទទួលខុសត្រូវក្នុង​នាមខ្លួន​ជាស្ថា​ប័ន​ឃ្លាំមើលការអនុវត្តច្បាប់ ខណៈកូដករណាហ្គាវើលដ៍កំពុងរងភាពអយុត្តិធម៌ ដោយសារក្រុមហ៊ុន​បញ្ឈប់ពីការងារ និងឃុំខ្លួនទាំងខុសច្បាប់។

លោកស្រីបន្តថា ស្ថាប័នរដ្ឋសភាគួរកោះហៅភាគីពាក់ព័ន្ធមកសួរដេញដោលអំពីបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយ ដោយ​មិនគួរ​ណាធ្វើមិនដឹងមិនឮនោះ​ទេ ខណៈការចាប់ខ្លួន និងការប្រមូលផ្ដុំតវ៉ារបស់ក្រុមកូដករធ្វើឡើងនៅ​ក្បែររបងរដ្ឋសភាថែមទៀត។ 

លោកស្រី ចក់ សុភាព​ បន្ថែមថា៖ «យើងនិយាយថា​កម្ពុជា​ជាប្រទេសគិតគូរពីសមភាពយេនឌ័រ យើងនិយាយ​ថាកម្ពុជាមា​ន​សន្តិភាព យើង​និយាយ​ថា​កម្ពុជា​ប្រកាន់​នូវ​នីតិរដ្ឋ។ អ៊ីចឹង​សួរ​ថា តើ​តំណាង​រាស្ត្របានដឹងឮអំពីបញ្ហាកូដកម្មដែលកូដករបានធ្វើទេ? ហើយបានដឹងពីព្រឹត្តិការណ៍​នៃ​ការ​ចាប់​ខ្លួនទៅលើកញ្ញា ស៊ីថរ យ៉ាង​កំរោល​ដែរ​ទេ? តើតំណាងរាស្ត្រគាត់នឹងត្រូវធ្វើចំណាត់​ការ ឬក៏កិច្ចការអីដែលតំណាងរាស្ត្រត្រូវឆ្លើយតបនឹងបញ្ហាដែលពលរដ្ឋកំពុងដង្ហោយហៅស្វែងរកដំណោះស្រាយនេះ?»

វីអូឌី មិន​អាច​សុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀ​វ សុភ័គ និងអ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បានទេ នៅថ្ងៃចន្ទសប្ដាហ៍នេះ។

បើតាមលោកស្រី ចក់ សុភាព ដែលចូលយកញត្តិទៅដល់ក្នុងស្ថាប័នទាំងពីរផ្ទាល់ គឺមន្ត្រីការិយាល័យរដ្ឋសភា និងក្រសួងមហាផ្ទៃ បានទទួលញត្តិពីពួកគាត់ ប៉ុន្តែពុំមានការឆ្លើយតបយ៉ាងណានោះទេ។

កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ អាជ្ញាធរ​​រាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយ​ដោយ​តម្រូវឱ្យក្រុមកូដករណាហ្គាវើលដ៍ត្រូវទៅយកសំណាកតេស្តរកជំងឺកូវីដ-១៩ និងត្រូវនៅដាច់ដោយឡែករយៈពេល៧ថ្ងៃ ក្រោយ​​ធ្វើតេស្តរួច ព្រមទាំង​ត្រូវបញ្ឈប់ការប្រមូលផ្ដុំតវ៉ា ដោយអនុវត្តតាមវិធានការ​សុខាភិបាល។ អាជ្ញាធរ​រាជធានីភ្នំពេញ ក៏បាន​​ព្រមានចាត់​វិធាន​ការច្បាប់ក្នុងករណីពួកគេមិនអនុវត្តតាម។

ថ្នាក់​ដឹកនាំនិ​ងសកម្មជន​សហជីព​ចំនួន​៨នាក់ ក្នុងនោះ​​មាន​​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង​ ត្រូវ​​បានតុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ ក្រោម​​ការ​ចោទ​ប្រកាន់​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាម​មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពី​​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រោយពីពួកគេដឹកនាំក្រុមកូដករទាមទារ​សិទ្ធិនិងលក្ខខណ្ឌការងារ​នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហជីពអន្តរជាតិបានផ្ញើលិខិតមួយ​ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍​បានកើតចេញពីការបរាជ័យជាយូរ​ណាស់​មកហើយ​របស់​ភាគី​ក្រុមហ៊ុន​ ក្នុងការគោរពសិ​ទ្ធិកម្មករនិងសហ​ជីព​ ចំពោះកិច្ចចរចា​ដោយស​មូហ​ភាព​ ដើម្បីទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការ​ងារ​កាន់​តែល្អ​ប្រសើរ​។

លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាល​លើ​​ការ​ងារ សុវត្ថិ​ភាព និងការការពារសុខភាពក្នុងអំឡុងពេលមាន​ជំងឺ​​កូវីដ-១៩នោះទេ។​

ផ្ទុយទៅវិញ​ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ ត្រូវ​បាន​​បញ្ឈប់​ពី​ការងារដោយ​មិន​បានពិគ្រោះ​​យោបល់​​ក្រោម​ច្បាប់​ការងារ​កម្ពុជាឡើយ​ ដោយក្នុងចំណោមនោះមានបុគ្គលិក១ ១០០នាក់ គឺ​ជា​សមាជិក​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ