វិភាគ៖ តើ​ការ​រកឃើញ​បទល្មើស​នៅ​បឹងទន្លេសាប​ដល់​ពេល​ត្រូវ​រុះរើ​មន្ត្រី​ពាក់ព័ន្ធ​ឬទេ?

រូបភាពកម្លាំងអធិការបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក សុខ ទូច។

ការដែលរាជបណ្ឌិត្យសភាកម្ពុជា រកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំដែលជាបទល្មើសថ្មីមួយទៀត បន្ថែមលើបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបរាប់ម៉ឺនហិកតានោះ បានបង្កើតច​ម្ងល់ជាច្រើ​ន​ជុំវិញទំនួលខុសត្រូវរបស់រដ្ឋាភិបាលនិងអាជ្ញាធរដែនដីពីការប្ដេជ្ញាចិត្តការពារធនធានធម្មជាតិដែ​ល​ចិញ្ចឹមប្រជាពលរដ្ឋច្រើនលាននាក់ និងជាច្រើនជំនាន់មកនេះ។

ប៉ុន្មានថ្ងៃមកនេះ ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត សុខ ទូច បានបង្ហាញបទល្មើសនេសាទជាច្រើននៅបឹងទន្លេសាប ខណៈលោកចុះទៅតំបន់នេះជាថ្មីទៀត។

បើតាមលោក សុខ ទូច បទល្មើសដែលបានរកឃើញបឋម មានរបាំងព្រួលរាប់គីឡូដី ដែលគេដាក់ស្កា​ត់ចា​ប់ត្រី ការដាក់ស្បៃមុងក្រឡាល្អិត រួមទាំងបទល្មើសឆក់ត្រី ក្នុងទ្រង់ទ្រាយធំជាដើម។

បញ្ហានេះ លោក សុខ ទូច និយាយថា ២ឆ្នាំទៀត ត្រីនៅតំបន់បឹងទន្លេសាបនឹង​ត្រូវផុតពូជ បើគ្មានវិធានការទប់ស្កាត់បន្ទាន់ទេនោះ។

កន្លងទៅ ក្រុ​ម​​ស្រាវជ្រាវនេះបានរកឃើញបទល្មើសទ្រង់ទ្រាយធំមួយទៀតដែរ គឺការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ម៉ឺ​ន​​ហិកតានៅជុំវិញបឹងទន្លេសាប។

តែបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនជាប់ពាក់ព័ន្ធ បានប្រ​គល់ដីមួ​យចំនួនឱ្យរដ្ឋវិញ ជាថ្នូរនឹងបញ្ចប់ចំណាត់ការផ្លូវច្បាប់។

តែយ៉ាងណា លោក សុខ ទូច ធ្លាប់ទម្លាយថា របាយការណ៍ផ្ញើត្រលប់មករដ្ឋាភិបាលវិញពីសំណាក់ក្រសួងឬស្ថាប័នពាក់ព័ន្ធ មិនដូចទៅនឹងអ្វីដែលក្រុមលោកបានសិក្សាស្រាវជ្រាវរកឃើញនោះទេ។

លោក សុខ ទូច ធ្លាប់អះអាងថា គ្រាន់តែនៅខេត្តកំពង់ធំមួយ ដីព្រៃលិចទឹកដែលត្រូវបានគេទន្ទ្រានកាន់កាប់ដោយខុសច្បា​ប់មានជាង១០ម៉ឺនហិក​តា តែរបាយការណ៍របស់អន្តរក្រសួងរាយការណ៍មករដ្ឋាភិបាលត្រឹមជាង៣​ ០​០០ហិកតាប៉ុណ្ណោះ ។

បញ្ហាទាំងនេះបង្កើតជាសំណួរថា តើបទល្មើសនៅបឹងទន្លេសាបដល់ពេលត្រូវរុះរើមន្ត្រីពាក់ព័ន្ធឬទេ?

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា​ តាមការលាតត្រដាងរបស់លោក សុខ ទូច ឆ្លុះបញ្ចាំ​​​ងពីក​ម្សោ​​យអភិបាលកិច្ចជា​​ប្រព័ន្ធតែម្តង។

កញ្ញាមើលឃើញថា វិធានការទប់ស្កាត់បទល្មើសនៅបឹងទន្លេសាបក្នុងរយៈពេលយូរ វាទាល់តែរដ្ឋាភិបា​លហ៊ានវះកាត់មន្ត្រីពុករលួយ ឬ រុះរើប្រព័ន្ធស្អុយរលួយនោះចេញ។

កញ្ញាថា៖ «ព្រោះនៅពេលដែលប្រព័ន្ធមួយស្អុយហើយ យើងអត់អាចដោះស្រាយអីចេញទេ? អ៊ីចឹងត្រូហ៊ានអា​​រកាត់ពីថ្នាក់លើទៅ ដើម្បីរុះរើ។ អាហ្នឹងបើចង់សម្អាតប្រព័ន្ធ»។

អ្នកវិភាគរូបនេះកត់សម្គាល់ថា វិធានទប់ស្កាត់មួយទៀតនោះ ​រដ្ឋាភិបាលត្រូ​​​វបើកទូលាយឱ្យមានការចូ​លរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហគមន៍នេ​សាទ និងពលរដ្ឋសា​មញ្ញផងដែរ ដើម្បីកាត់ផ្ដាច់​ការត្រូវរ៉ូវគ្នាជាប្រព័ន្ធរវាងក្រុមជនល្មើសជាមួយក្រុមអ្នកអនុវត្តច្បាប់។

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត និយាយថា បទល្មើសនេសាទ ពិសេសបទល្មើសឆក់ត្រីទ្រង់ទ្រាយធំនៅបឹងទន្លេសាប បានកើតឡើងជាង១០ឆ្នាំមកហើយ ពោលគឺចាប់ពីពេលរដ្ឋាភិបាលប្រកាស​បិ​ទឡូត៍នេសាទ អំ​ឡុ​ងដើមឆ្នាំ២០១២។

លោកកត់សម្គាល់ថា បទល្មើសដែលបានកើតឡើង ដោ​យសារតែអ្នកប្រព្រឹត្តបទល្មើសមិនត្រូវបានដាក់ទោសទណ្ឌ ការដោះលែងវិញជាថ្នូរបង់លុយ។

លោកថា៖ «ឱ្យតែមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងទៅ វាគ្មាននរណាទៅធ្វើខុសច្បាប់ទេ ព្រោះគេខ្លាច។ ប៉ុន្តែកន្លងមក វាអត់មានអាអ៊ីចឹង […] បើយើងនិយាយទៅ កន្លងទៅ វាមានការយោគយល់អ៊ីចឹងទៅ ហើយទី​២ វា​អាចទាក់ទងនឹងការសូកប៉ាន់ លុយកាក់ អីផង»។

អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ វិញ មិនជឿថា ជាង៤០ឆ្នាំដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន គ្រ​ប់​គ្រ​ងអំណាចរហូតមកដល់ពេលនេះ មិនដឹងថាមានបទល្មើសទ្រង់ទ្រាយធំនៅបឹងទន្លេសាបនោះទេ។ លោ​កថា បញ្ហានេះអាចមកពីឆន្ទៈនយោបាយ ខណៈតំបន់បឹងទន្លេសាបភាគច្រើនមានជនជាតិវៀតណាមរស់​នៅនោះ។

លោក គឹម សុខ កត់សម្គាល់ថា ការបញ្ជូនក្រុមលោក សុខ ទូច ទៅកាន់តំបន់បឹងទន្លេសាបទជាបន្តបន្ទា​ប់​មកនេះ អាចជាល្បែងនយោបាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍មុនការបោះឆ្នោតមកដល់។

លោកថា៖ «សកម្មភាពមួយចំនួននៃមន្ត្រីស្រាវជ្រាវរបស់រដ្ឋាភិបាលដែលចុះទៅរុញច្រានខ្លះៗនោះ គ្រា​ន់​តែជាការបង្អើលៗឱ្យប្រជាពលរដ្ឋឃើញនៅមុនការបោះឆ្នោតតែប៉ុណ្ណោះ»។

នា​​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ ចាត់ទុកដំណើរឆ្ពោះទៅកាន់បឹងទ​ន្លេ​​សាបរបស់ក្រុមរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងរកបទល្មើសក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ជាចំណុចល្អមួយ។ ប៉ុន្តែលោកថា វិធានការទប់ស្កាត់បទល្មើសទ្រង់ទ្រាយធំយូរអង្វែងនៅតំបន់នេះនឹងមិនអាចទៅរួចទេ បើប្រព័ន្ធគ្រប់គ្រងនៅតំបន់នេះធ្វើឱ្យការអនុវត្តច្បាប់លែងដំណើរការទៅហើយនោះ។

លោក សុជាតិ បារម្ភថា បញ្ហានេះ អ្នកចូលរួមទប់ស្កាត់បទល្មើសក្លាយជាជនល្មើសវិញ បើប្រព័ន្ធដែល​អនុវត្តច្បាប់ជាប់គាំងនោះមិនត្រូវបានកែលម្អ។

លោកថា៖ «តែបើពួកគាត់មិនមានឆន្ទៈក្នុងការអនុវត្តច្បាប់ហ្នឹងទេ ទោះបីយើងទៅចង្អុលប្រាប់គាត់ អ្នកចង្អុលហ្នឹងអាចក្លាយជាមនុស្សរាំងស្ទះ ឬក៏ទប់ស្កាត់ការអនុវត្តច្បាប់របស់ពួកគេវិញក៏មានដែរ»។

យ៉ាងណា លោកផ្ដល់ជាយោបល់ថា ដើម្បីឱ្យការចុះសិក្សាស្រាវជ្រាវបទល្មើសនានាផ្ដល់ប្រយោជន៍ដល់​​សង្គមពិតប្រាកដ វាទាល់តែក្រុមនោះមានអំណាចក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ ដើម្បីឱ្យប្រាកដថា បញ្ហាដែ​លបានរ​កឃើញពិតជាត្រូវបានចាត់វិធានការច្បាប់ដោយគ្មានការយោគយល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ