រដ្ឋបាល​ខេត្តកោះកុង​នឹង​បញ្ចប់​ដំណោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​យូញៀន​នៅ​ត្រឹម​ចុង​ខែមីនា

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អាជ្ញាធរខេត្តកោះកុងបានប្រកាសថា នឹងបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនឈ្មោះ យូញៀន UDG ឱ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាល​ខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទ​ដីធ្លីជូនពលរដ្ឋចំនួន៣ប្រភេទ ​មានចំនួនប្រមាណ​១ ៣៣០គ្រួសារ ដែល​កំពុងរងផលប៉ះ​ពាល់​​ពីគម្រោងអភិវឌ្ឍន៍​​រប​ស់ក្រុម​ហ៊ុន​ យូញៀន ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ ព្រមទាំង​បានជូន​ដំណឹង​ជា​បន្តបន្ទាប់​ទៀត ឱ្យប្រជាពលរដ្ឋ​ទៅចាប់​​ឆ្នោត​យក​​ដី​ឡូត៍ទៅតាមការកំណត់របស់អាជ្ញាធរ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែមីនា ដែលវីអូឌីទើបទទួលបាន ឱ្យដឹងថា ការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ជាង១ ៣០០គ្រួសារ ដែលត្រូវបែងចែកជា៣ប្រភេទេ នឹងបញ្ចប់នៅត្រឹមចុងខែមីនា។

អាជ្ញាធរខេត្តកោះកុង បានអំពាវនាវដល់ពលរដ្ឋទាំង៣ប្រភេទដែលមិនទាន់ទទួលយកការដំណោះស្រាយគោលនយោបាយពីរដ្ឋាភិបាល ត្រូវចូលមកទទួលយកដំណោះស្រាយតាមការកំណត់។

សេចក្ដីជូនដំណឹងបន្តថា៖ «ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំង៣ប្រភេទ ខកខានមិនបានទទួលយកការដោះស្រាយគោលនយោបាយតាមពេលវេលាកំណត់នេះទេ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុង ចាត់ទុកថា បងប្អូនប្រជាពលរដ្ឋបោះបង់សិទ្ធិទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុង មិនទទួលខុសត្រូវនូវរាល់ការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ»។

កាលពីចុងឆ្នាំ២០២១ រដ្ឋបាលខេត្ត​កោះកុង បានឱ្យដឹង​ថា ការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ត្រូវបានបែងចែកជា៣ប្រភេទ។ ប្រភេទទី១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន មានចំនួន២៤៧គ្រួសារ ដោយទទួលបានសំណងគោលនយោបាយជាដីលំនៅឋានទំហំកន្លះហិកតា ដីចម្ការ ៣ហិកតា និងថវិកា៩ ០០០ដុល្លារ។

ចំណែកពលរដ្ឋប្រភេទ​ទី២ ជា​​​ប្រជាពលរដ្ឋរស់នៅខុសមូលដ្ឋាន ឬ​ខុស​ភូមិ​ឃុំ មានចំនួន២៥៥គ្រួសារ ដោយទ​ទួល​បានសំណងជាដីចម្ការទំហំ២ហិកតា​ក្នុងមួយគ្រួសារ បើទោះបីជាពួកគេមានដីទំហំប៉ុណ្ណាក៏ដោយ ខណៈ​​ប្រភេ​ទ​ទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម មានចំនួន៨៣១គ្រួសារ ត្រូវ​ទទួល​បានសំណងដី ១ហិកតាក្នុងមួយគ្រួសារ។

​តំណាង​ពលរដ្ឋរស់​នៅឃុំកោះស្ដេ ស្រុកគិរីសាគរ អ្នកស្រី សាំង ពុយ បានប្រាប់ វីអូឌី នៅព្រឹកថ្ងៃអង្គារនេះ​ថា រហូត​មកដល់ពេលនេះ គាត់បានដាក់ញត្តិទៅក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សាលាខេត្ត រដ្ឋសភា ព្រឹទ្ធសភា ទាក់ទងនឹងវិវាទដីធ្លីមួយនេះជាច្រើនលើកច្រើនសា ប៉ុន្តែនៅតែមិនទាន់ទទួលបានដំណោះស្រាយដោយយុត្តិធម៌នោះទេ។

ប្រភពដដែល នៅតែពុំអាចទទួលយកការដោះស្រាយរបស់អាជ្ញាធរដែលបានកំណត់នោះឡើយ។

អ្នកស្រី សាំង ពុយ មានប្រសាសន៍ថា៖ «សម្រាប់អ្នកមិនមានដី និងមានដីតិចតួច គឺគេអាចទទួលយកបានដីពីរហិកតាហ្នឹង ប៉ុន្តែសម្រាប់ពួកខ្ញុំមានដីយ៉ាងតិច១០ហិកតាឡើងទៅ គឺមិនអាចទទួលយកបានទេ វាអយុត្តិធម៌»។

តំណាងពលរដ្ឋរូបនេះបានឱ្យដឹងទៀតថា ​ការដោះស្រាយចំពោះប្រជាពលរដ្ឋប្រភេទ២ដែលខុសភូមិខុសឃុំ ត្រូវបានធ្វើឡើងចំនួន២លើក ដោយលើកទី១ ទទួលបានសំណង ដូចជា ផ្ទះ ដី ចម្ការ ជាដើម រីឯលើកទី២ ទទួលបានដីចំនួនមួយហិកតាបន្ថែមទៀត​។

អ្នកស្រី សាំង ពុយ បន្តថា ពួកគាត់បានតវ៉ារឿងនេះអស់រយៈពេលជាង១០ឆ្នាំហើយ តែមិនទទួលបានដំណោះស្រាយអ្វីសោះឡើយ។

អ្នកស្រីបន្តថា៖ «ខ្ញុំគិតពិតមែនថា ខ្ញុំអស់សង្ឃឹមច្រើនណាស់ ដោយខំដាក់ញត្តិអស់រយៈពេល១០ឆ្នាំ រហូតដល់គេហៅសាធារណជនទាំងអស់ថាមុខពួកបងប៉ុន្មាននាក់នេះដែលខំទាមទារឱ្យរកដំណោះស្រាយ ចុងបញ្ចប់ ដោះស្រាយឱ្យអ្នកមិនដែលបានទាមទារ»។

ចំណែកឯអ្នកស្រី ទិត្យ តេន ដែលអះអាងថាជាតំណាងពលរដ្ឋនៅឃុំព្រែកខ្សាច់ បានលើកឡើងថា ដីអ្នកស្រីមានទំហំជិត៧០ហិកតា​ ហើយការផ្ដល់សំណងត្រឹមដី២ហិកតា ធ្វើឱ្យអ្នកស្រី​មិនអាចទទួលយកបានឡើយ។

លោកស្រី ទិត្យ តេន មានប្រសាសន៍ថា៖ «ការសម្របសម្រួលនោះ ខ្ញុំទទួលមិនបានទេ ព្រោះដីខ្ញុំច្រើន។ ហើយគេដាក់ថាប្រភេទទី២ គេឱ្យតែពីរហិកតា ខ្ញុំមានតែតវ៉ាបន្ថែមទៀត»។

លោកស្រី បន្ថែមថា បើគ្មានដំណោះស្រាយសមរម្យទេ ពួកគាត់គ្រោងទៅដាក់ញត្តិនៅតាមស្ថាប័នរដ្ឋបន្ថែមទៀត ដូចជា ​ដាក់ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បីឱ្យថ្នាក់ជាតិ​​ចុះមកត្រួតពិនិត្យផ្ទាល់និងដោះស្រាយលើបញ្ហានេះ។  ​

មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានលើកឡើងថា ដំណោះស្រាយដែលបានផ្ដល់ឱ្យប្រជាពលរដ្ឋទាំង៣ប្រភេទនោះ គឺមិនបានបង្ហាញភាពយុត្តិធម៌​សម្រាប់ជនរងគ្រោះពិតប្រាកដឡើយ។

លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា​៖ «ការដាក់ឱសានវាទឱ្យអនុវត្តបែបនេះ គឺជាការមិនទទួលខុសត្រូវរបស់ថ្នាក់ខេត្ត នៅពេលដែលប្រជាពលរដ្ឋរងគ្រោះជាង១០ឆ្នាំហើយ ដែលបានប៉ះពាល់ដោយការអភិវឌ្ឍនេះ»។

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមែន (Union​ Development​ Group) ឬ UDG ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ៣៦ ០០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ កាលពីឆ្នាំ២០០៨។

កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក បានប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​​​ចិន យូញៀន ឬ ​​UDG នេះ ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង។

ការសម្រេច​ដាក់​ទណ្ឌកម្មដោយដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដែលត្រូវបង្កក​ទ្រព្យសម្បត្តិ ឬហាមប្រាមអ្នកជំនួញរបស់ខ្លួនមិនឱ្យរកស៊ីជាមួយជាដើមនោះ ក្រោយអាមេរិករកឃើញថា ​​ក្រុមហ៊ុន​ UDG មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​យក​ដីធ្លី និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​​ពលរដ្ឋ​ខ្មែរ ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​អំពើ​ពុករលួយ​​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ