មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចេញមុខអះអាងថា ការឈូសឆាយដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ពីសំណាក់បុគ្គលម្នាក់ ជាការឈូសឆាយច្រឡំ ដោយសាររូបគេមិនបានដឹងថាជាដីដែនជម្រកសត្វ ហើយក៏បានប្រគល់ដីនោះជូនរដ្ឋវិញហើយដែរ។
ពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ធ្លាប់ប្រាប់វីអូឌីថា ដីព្រៃជាង៣០ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងរងការឈូសឆាយថ្មីៗ និងស្នាមចាស់ខ្លះ យ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ទាន់ពេលពីសំណាក់អាជ្ញាធរពាក់ព័ន្ធឡើយ។
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងកាលពីសប្ដាហ៍មុន ដើម្បីឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះ សុខ ឧត្ដម បានឱ្យដឹងថា ករណីជនល្មើសលួចឈូសឆាយ និងរំលោភយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២១ នៅចំណុចអូរចាប់ប្រាំង និងចំណុចថ្មបណ្ដើត នៅក្នុងភូមិដំណាក់ ក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស។
មន្ទីរបរិស្ថានបន្ថែមថា ករណីនេះ មន្ត្រីបានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យ ព្រមទាំងបានសាកសួរជនសង្ស័យ ដោយជននោះសារភាពថា ការឈូសឆាយដីព្រៃជម្រកសត្វភ្នំឱរ៉ាល់ ជាការឈូសឆាយច្រឡំតែប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ជនសង្ស័យឆ្លើយថា ខ្លួនមិនបានដឹងជាដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ»។
កាលពីថ្ងៃទី១១ ខែមេសា គណនីហ្វេសប៊ុកឈ្មោះ សុខ ឧត្ដម បានបង្ហោះសារថា «ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ! ដំរីងាប់យកចង្អេរទៅបាំង»។ សារនោះបន្តថា កាលពីពេលថ្មីៗនេះ សារព័ត៌មានជាច្រើនបានចេញផ្សាយជុំវិញការប្រើគ្រឿងចក្រលួចឈូសឆាយរំលោភបំពាន ទន្ទ្រានយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាដីព្រះរាជក្រឹត្យឆ្នាំ១៩៩៣ នៅចំណុចអូរចាប់ប្រាំង និងចំណុចថ្មបណ្ដើត ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីសំណាក់ជនខិលខូច។
ប្រភពដដែលបន្តថា រួចមក គេសង្កេតឃើញថា មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដែលមានលោក លែង សំអេត ជាអនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការងារគាំពារព្រៃឈើក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងលោក ម៉ម ផល្លា ជាប្រធានមន្ទីរបរិស្ថាន ហាក់ដូចជានៅទ្រឹង ធ្វើដូចគ្មានអ្វីកើតឡើង មិនមានសេចក្ដីថ្លែងការណ៍មួយណាជូនដល់មហាជនសោះ។
យ៉ាងណា មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានច្រានចោលការលើកឡើងនេះ និងស្នើទៅសមត្ថកិច្ចស្រាវជ្រាវចំពោះហ្វេសប៊ុកឈ្មោះ សុខ ឧត្តម នោះថែមទៀត ដោយថា បានចុះផ្សាយមានលក្ខណៈញុះញង់ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត និងក្រុមការងារអន្តរក្រសួងថែមទៀតផង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានលើកឡើងថា ទំហំដីជាង៣០ហិកតាជាទំហំធំ។ ដូច្នេះ មិនមានអ្វីត្រូវភាន់ច្រឡំទេ ព្រោះមុននឹងមានការឈូសឆាយ គឺគេមានការសុំច្បាប់ច្បាស់លាស់ មាននិយាមកា និងប្លង់ត្រឹមត្រូវរួចទៅហើយ។
លោក សំ ចាន់គា មានប្រសាសន៍ថា៖ «អ៊ីចឹងយើងមានមន្ទិលសង្ស័យថា ការប្រកាសពីការឈូសច្រឡំនេះ ថាជាការដោះសារដើម្បីឱ្យរួចបន្ទុកទេ»។
មន្ត្រីសម្របសម្រួលរូបនេះ ស្នើឱ្យមន្ទីរបរិស្ថានត្រូវស៊ើបអង្កេតឱ្យបានម៉ត់ចត់ ហើយប្រសិនបើរកឃើញថាពួកគេប្រព្រឹត្តល្មើស ត្រូវដាក់ទោសទណ្ឌ រួមទាំងរកអ្នកពាក់ព័ន្ធផង នោះទើបការទប់ស្កាត់បទល្មើសព្រៃឈើ ឬធនធានធម្មជាតិបានជោគជ័យ។
លោក សំ ចាន់គា បានបន្តថា៖ «រឿងនេះ បើយើងមិនធ្វើការស៊ើបអង្កេតឱ្យបានដិតដល់ទេ នោះអ្នកដទៃទៀតដែលបំផ្លាញបរិស្ថានធនធានធម្មជាតិ គាត់នឹងប្រើពាក្យច្រឡំ ហើយឱ្យអាជ្ញាធរជំនាញបិទបាំងកំហុសឆ្គងរបស់គាត់»។
បើយោងតាមបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ មាត្រា៦២ ជនដែលប្រព្រឹត្តបទល្មើស កាប់គាស់ រុករាន និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ គឺត្រូវរឹបអូសវត្ថុតាងដាក់ជាសម្បត្តិរដ្ឋ និងដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕