អាល្លឺម៉ង់​ជំរុញ​កម្ពុជា​គោរព​សេរីភាព​បញ្ចេញមតិ ក្រោយ​តុលាការ​ផ្ដន្ទាទោស​កញ្ញា សេង ធារី និង​អ្នកនយោបាយ​ប្រឆាំង

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា អំពាវនាវ​ឱ្យកម្ពុជា​មានការគោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនិងការប្រមូលផ្ដុំដោយ​សន្តិវិធី ក្រោយតុលាការកម្ពុជាបានផ្ដន្ទាទោសលើអ្នកនយោបាយប្រឆាំង រួមមាន លោក សម រង្ស៊ី និងមនុស្ស៦០នាក់ផ្សេងទៀតពីបទ «ញុះញង់» និង «រួមគំនិតក្បត់»

ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ​ដោយអំពាវនាវ​ឱ្យ​មានការគោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនិងការប្រមូលផ្តុំដោយ​សន្តិវិធី ក្រោយសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសមាជិកបក្សប្រឆាំង ថាមានទោសពីបទ «ញុះញង់» និង «រួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

ស្ថានទូតអាល្លឺម៉ង់បញ្ជាក់ថា៖ «នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសមាជិកបក្សប្រឆាំងថាមានទោសពីបទ “ញុះញង់ និងរួមគំនិតក្បត់”។ អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​មានការគោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និងការប្រមូលផ្តុំដោយ​សន្តិវិធី»។

អ្នកនយោបាយប្រឆាំង ក្នុងនោះរួមមានទាំងលោក សម រង្ស៊ី ថ្នាក់ដឹកនាំ សកម្មជន និងកញ្ញា សេង ធារី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី៥ដល់៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ក្រោយត្រូវបានបើកសវនាការជំនុំជម្រះអស់ជាច្រើនលើក តាំងពីខែធ្នូ ឆ្នាំ២០២១ ហើយត្រូវបានប្រកាសសាលក្រមកាលពីថ្ងៃទី១៤ ខែមិថុនា។

ភ្លាមៗក្រោយការសម្រេចនេះ​ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ដោយចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកនយោបាយប្រឆាំង និងកញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ព្រមទាំងជាអ្នកច្បាប់ និងអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថាជាការបង្រ្កាបទ្រង់ទ្រាយធំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើអ្នកនយោបាយ និងក្រុមមនុស្សដែលប្រឆាំងនឹងលោក។

ចំណែក អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អះអាងថា ស្ថាប័នអន្តរជាតិមួយនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការកាត់ទោសទ្រង់ទ្រាយធំនេះ ដើម្បីធានាការកាត់ក្ដីប្រព្រឹត្តទៅដោយយុត្តិធម៌និងស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកសាលក្រមកាត់ទោសកញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌។ ការប្រកាសនេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ស្ថានទូតបញ្ជាក់ថា សេរីភាពក្នុងការបញ្ចេញមតិ ការចងក្រងគ្នាជាក្រុម និងការអត់ឱនចំពោះទស្សនៈផ្ទុយ គឺជាផ្នែកដ៏សំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីសាលក្រមដ៏អយុត្តិធម៌នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ