វិភាគ៖ បើ​កម្ពុជា​ធ្លាក់​ក្នុង​បញ្ជីខ្មៅ​លាងលុយកខ្វក់ តើ​នឹង​មាន​វិបត្តិ​អ្វីខ្លះ​កើតឡើង?

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

​បណ្ដាញ​ប្រ​ទាក់​ក្រឡា​គ្នា​នៃ​អំពើ​ពុករលួយដែលជាប់នឹងសែស្រឡាយរបស់ថ្នាក់ដឹកនាំមួយចំនួន រួមនឹងការអនុវត្តច្បាប់ស្ដាប់តែបញ្ជា​ ​ត្រូវ​បា​នគេ​មើ​ល​ឃើញ​ថា​ ​ជាប​​​ញ្ហាចម្ប​​ងមួយ​​​ធ្វើ​ឱ្យ​ក​​ម្ពុ​ជា​ក្លា​​យ​​ជាជម្រក​​សុ​វ​ត្ថិ​ភាព​នៃឧក្រិដ្ឋ​ជន​​ជួញ​ដូរម​នុសុ្ស គ្រឿ​ងញៀន ​និងលាងលុយ​ខុសច្បាប់ នា​សម័​យ​បច្ចេ​ក​វិ​ទ្យាទំនើប​​នេះ។

​​​បញ្ហា​ទាំង​នេះជំរុ​ញ​ឱ្យមា​នកា​រព្រួ​យ​បារ​ម្ភ​ថា ​​កម្ពុ​ជា​នឹ​ង​រ​​​អិ​​ល​ធ្លា​​ក់​ទៅ​ក្នុងបញ្ជីខ្មៅនៃ​ការ​​លាងលុយ​ក​​ខ្វ​​ក់​​ ឬ​លុ​​យ​​​ខុសច្បា​ប់ ​បើរ​ដ្ឋា​ភិបាលមិនទប់​​ស្កាត់​ឱ្យបាន​​ទាន់ពេ​លវេលា។​

​​ក្ដីបារម្ភ​នេះ ក្រោយពី​​សហ​រ​ដ្ឋអាមេរិកបាន​ទម្លាក់​ចំណា​​​​​​​​ត់​ថ្នា​ក់ក​ម្ពុជាទៅ​ក្នុងបញ្ជីខ្មៅនៃ​ការជួញមនុស្ស​រប​ស់​​ខ្លួ​ន​ ខណៈ​​កម្ពុជា​មិនទាន់រើខ្លួនរួចផុតពីប​ញ្ជីប្រ​ផេះនៃ​ការ​លាងលុយ​ខុ​​ស​ច្បាប់នៅឡើយ។

បញ្ហាទាំងនេះ​​ប​ង្កើត​ជាសំ​ណួរ​ថា បើក​ម្ពុជារអិលធ្លាក់ក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ តើនឹ​ងមា​ន​វិបត្តិ​អ្វីខ្លះ​កើត​ឡើ​ងសម្រាប់ប្រទេសក្រីក្រមួយនេះ?

​ជ្រុងមួយនៃបញ្ហានេះ ​រដ្ឋ​​​​​​មន្ត្រីក្រសួងមហា​ផ្ទៃ លោក ស​ ខេង ក្នុ​ងពិ​ធី​មួ​យ​​​កាល​ពីថ្ងៃ​ទី៨ ខែ​​ក​ញ្ញានេះ បា​នទម្លាយថា មេ​ខ្លោ​​ង​ជួញដូ​រមនុស្សបណ្ដាញអន្តរជាតិ ​​កំពុងប្រើប្រា​ស់ទឹ​ក​​​ដីក​ម្ពុ​ជា​ធ្វើជាកន្លែងឆបោកតា​មប្រ​ព័ន្ធ​អនឡា​​ញយ៉ា​​ង​សាហា​​​វ

​​លោកបាន​គូសបញ្ជាក់ថា ​ភាគច្រើនបញ្ហានេះ​កើត​ឡើ​ងនៅ​ខេ​ត្ត​ព្រះសីហនុ តែមានពីរករណីរកឃើញនៅភ្នំពេ​​ញ​ ​ជន​​រងគ្រោះជាជនជាតិជប៉ុន តែត្រូ​វបា​នជួយសង្គ្រោះ​ដោយសុវ​ត្ថិភាព។​

ជា​ការ​ព្រួ​យ​បារ​ម្ភ លោ​ក​ជំរុញឱ្យ​មន្ត្រីរួមគ្នាទប់ស្កាត់ ដើម្បីកុំឱ្យកម្ពុជារអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅ​​​​ នាំទៅដល់ហានិភ័យវិស័យធនាគារ និងសន្តិសុខសង្គម។

លោ​កលើកឡើងថា៖ «នេះជាបទល្មើសមួយដែលមានអង្គការចាត់តាំង ទាំង​បទល្មើសគ្រឿងញៀន និងបទល្មើសជួ​ញ​​​​​ដូរ​មនុសុ្ស […] អ៊ីចឹងបញ្ហានេះ ជាបញ្ហាប្រឈមរបស់យើងមានពីរចំណុច​ ដែលខ្ញុំចង់បញ្ជាក់ថាទាក់​ទ​​​ង​​​​នឹ​ងមុខមាត់ប្រទេស គឺទី១ ទាក់​ទងនឹងបញ្ជីប្រផេះនៃធនាគារនៅកម្ពុជា និ​​ងទី២ គេហៅថាចំណាត់ថ្នា​​ក់​​លេ​​ខ៣ នៃការជួញដូរមនុសុ្ស»។

​​អ្នកស្រាវ​ជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោ​បាយ​ លោ​ក ​វណ្ណ​ ប៊ុន​​ណា មើ​លឃើ​ញថា​ ការដែ​លកម្ពុជារអិ​លធ្លាក់​ចូល​ក្នុង​បញ្ជីខ្មៅនៃកា​រជួញដូរមនុស្ស កម្ពុជាប្រឈមនឹងប​ញ្ហាធំបី​រួ​ចទៅហើយ ដូចជា ការប្រឈមនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិក ប៉ះពាល់មុខមាត់កម្ពុជាទាំងក្នុងតំបន់និងឆាកអន្តរជាតិ រួមទាំងបង្កភាពភ័យខ្លា​ចដ​ល់អ្នកវិនិ​យោ​គធំៗនៅប្រទេសលោកសេរី ធ្វើឱ្យពួកគេមិនហ៊ានមករកស៊ីនៅកម្ពុជា។

លោកថា៖ «រឿងដែលសំខាន់ជំរុញឱ្យកើតមានបញ្ហានេះ គឺអំពើពុករលួយនេះតែម្តង ដោយសារតាមការរាយការណ៍ព័ត៌មានរបស់អាហ្សាហ្ស៊ីរ៉ាហ្នឹង គឺបានបង្ហាញអំពីសែស្រឡាយប្រទាក់ក្រឡាគ្នាក្នុងរឿងហ្នឹង រហូតដល់មានសាច់ញាតិថ្នាក់ដឹកនាំធំៗ។ អ៊ីចឹងទេ! បញ្ហាអំពើពុករលួយ វាជាដើមទុន ឬជាដើមចមធ្វើឱ្យបញ្ហាហ្នឹងកើតឡើងផងដែរ»។

ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅ លោកគិតថា រដ្ឋាភិបាលត្រូវវះកាត់បញ្ហាចម្បងពីរ គឺត្រូវបង្ក្រាបអំពើពុករលួយជាប្រព័ន្ធ ប្តូរឥរិយាបថមន្ត្រីអនុវត្តច្បាប់ កុំឱ្យស្តាប់តែបទបញ្ជា តែត្រូវពង្រឹងនីតិរដ្ឋ

លោកព្រួយបារម្ភថា បើបញ្ហានេះមិនត្រូវបានដោះស្រាយទាន់ពេល កម្ពុជាមិនអាចគេ​ចផុតពីការរអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅលាងលុយកខ្វក់នោះឡើយ ដែលការណ៍នេះនឹងបង្កឱ្យមានផលប៉ះពាល់ដល់វិស័យធនាគារ និងទំនាក់ទំនងកិច្ចការអន្តរជាតិ។

លោកថា៖ «យើងឃើញរដ្ឋាភិបាលបង្កើតគណៈកម្មការមួយ ដើម្បីឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងការជួ​ញ​​ដូរមនុស្សហ្នឹង។ ហើយបញ្ហាបន្តទៀតហ្នឹង កម្ពុជាត្រូវតែកាត់បន្ថយអំពើពុករលួយហ្នឹងឱ្យបានជាអតិបរមា។ បើមិនអ៊ីចឹងទេ អំពើពុករលួយ វានឹងស៊ីរូងផ្ទៃក្នុង វាជាមហារីករបស់សង្គម វានឹងធ្វើឱ្យបញ្ហាផ្សេងៗអាចកើ​ត​ឡើងផងដែរសម្រាប់កម្ពុជា»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា កម្ពុជាធ្លាក់ក្នុងបញ្ជីប្រផេះលាងលុយកខ្វក់នេះ៤ឆ្នាំមកហើយ តែថា ដើម្បីរើខ្លួនពីវិធាននេះ រួមទាំងទប់ស្កាត់កុំឱ្យកម្ពុជាផុងខ្លួនក្នុងបញ្ជីខ្មៅថែមទៀតនោះ រដ្ឋាភិបាលត្រូវឈរលើមូលដ្ឋានពីរ។

មូលដ្ឋានចម្បងទី១ ត្រូវប្រាកដថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ កុំឱ្យអ្នកន​​យោបាយមានឥទ្ធិពលប្រើប្រាស់យន្តការលាងលុយខុសច្បាប់នេះ ទៅប​​ម្រើ​​ក្នុ​ងវិស័​យ​នយោ​​បាយបាន។

លោកថា ទី២ ត្រូវចាត់វិធានច្បាប់ប្រកបដោយប្រសិទ្ធភាព ដែ​​លអាចឱ្យសហគមន៍អន្តរជាតិជឿបានថា កម្ពុជា​មិនមែនជាគោលដៅរបស់ឧក្រិដ្ឋជនអន្តរជាតិ តែត្រូវលើកកម្ពស់សិទ្ធិមនុស្សតាមយន្តការប្រជាធិបតេយ្យ។

តែផ្ទុយទៅវិញ លោកថា បើកម្ពុជាមិនអាចលាងជម្រះបញ្ហាទាំងនេះបាន កម្ពុជាប្រឈមនឹងវិបត្តិធំពីរ គឺវិស័​យ​​ការទូត និងវិបត្តិក្នុងប្រទេស ដោយសម្អាងថា វិធានការទៅលើប្រទេសលាងលុយខុសច្បាប់ វាធ្ងន់ធ្ងរជា​​ង​កា​​​របាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ស​ហរដ្ឋអាមេរិក។

លោកថា៖ «កាលណានយោបាយការបរទេសធ្លាក់ នយោបាយក្នុងស្រុកក៏ធ្លាក់ដែរ បានន័យថា វាខ្វះនូវលទ្ធភាពគាំពារអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ អ៊ីចឹងពលរដ្ឋជួបវិបត្តិ ដល់ជួបវិបត្តិ ចលាចលសង្គម ឬវិបត្តិសង្គមអាចកើតឡើងទៅថ្ងៃអនាគត ចៀសមិនផុត។ អ៊ីចឹងហើយអ្នកនយោបាយគួរគេចឱ្យផុតពីការដាក់សម្ពាធណាមួយពីសហគមន៍អន្តរជាតិ»។

នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ មើលឃើញថា កម្ពុជាហាក់បានក្លាយជាដែនដីផ្តល់ជម្រ​​​កសុវត្ថិភាពដល់ឧក្រិដ្ឋជន ដើម្បីប្រតិបត្តិការបទឧក្រិដ្ឋតាមប្រព័ន្ធអនឡាញ បើយោងទៅលើលទ្ធផលដែលសមត្ថកិច្ចកម្ពុជាសង្គ្រោះជនរងគ្រោះចម្រុះជាតិសាសន៍បានមួយរយៈចុងក្រោយនេះ ដូចជា ជនជាតិវៀតណាម ថៃ ចិន ម៉ាឡេស៊ី ជប៉ុន និងតៃវ៉ាន់ ពីអំពើឆបោក និងចាប់ជំរិ​​ត ក្នុងទឹកដីកម្ពុជានោះ។

លោកកត់សម្គាល់ថា បទឧក្រិដ្ឋអន្តរជាតិលើកម្ពុជា វាបា​ន​លេចឡើងក្រោយពីមានការបង្ក្រាបនៅទីក្រុងម៉ាកាវ ប្រ​ទេស​​​​ចិន នាប៉ុន្មានឆ្នាំមុននេះ។

អ្នកឃ្លាំមើលរូបនេះសង្កេតឃើញថា ប៉ុន្មានឆ្នាំមកនេះ ការអនុវត្តច្បាប់របស់កម្ពុជាមិនទាន់គ្រប់គ្រាន់ ដើម្បីឆ្លើ​យត​បទៅនឹងអនុសាសន៍របស់ស្ថាប័នអន្តរជាតិដែលឃ្លាំមើលការលាងលុយកខ្វក់នៅឡើយទេ បើទោះរដ្ឋាភិបាលបានអនុម័តច្បាប់ប្រឆាំងបទល្មើសទាំងនេះក្តី។

ជាការកត់សម្គាល់ វិធានការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាផ្នែកមួយស្ថិតក្នុងអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ក្នុងបញ្ជីប្រផេះការលាងលុយកខ្វក់ ខណៈបញ្ហាជួញដូរមនុស្សនេះត្រូវបានស​ហរ​​ដ្ឋអាមេរិកទម្លាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅរួចទៅហើយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ។

លោក អ៊ឹម នរិន្ទ បារម្ភថា បើកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅនៃការលាងលុយជាលក្ខណៈធ្ងន់ធ្ងរ ដូចករណីកូរ៉េខាងជើ​ង ​និងអ៊ីរ៉ង កម្ពុជា​នឹងជួបបញ្ហាប្រឈមជាមួយយន្តការផ្ទេរប្រាក់ ការកម្ចីប្រាក់ពីស្ថាប័នអន្តរជាតិធំៗ ដូចជា ធនាគារពិភពលោក សម្រាប់ធ្វើពាណិជ្ជកម្ម ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច វិបត្តិនៃការផ្ទេរប្រាក់តាមយន្តការអន្តរជាតិ ជាដើម។

យ៉ាងណា លោកយល់ថា កម្ពុជាអាចរើខ្លួនរួចពីវិធានទណ្ឌកម្មទាំងអស់នោះបាន បើការអនុវត្តច្បាប់ឈានទៅទប់ស្កា​ត់ប​ទ​​​​ឧក្រិដ្ឋប្រទាក់ក្រឡាគ្នាបាន ហើយត្រូវបានគេមើលឃើញថា កម្ពុជាលែងជាជម្រកសុវត្ថិភាពរបស់ឧ​ក្រិដ្ឋជន។

លោកថា៖ «មិនជាការលំបាកទេ ឱ្យតែប្រទេសកម្ពុជាយកអនុសាសន៍ដែលគេមាន យកមកអនុវត្ត ពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ធានាថាកម្ពុជាមិនក្លាយជាជម្រកសម្រាប់ជនឧក្រិដ្ឋ ធ្វើការបង្ក្រាបទៅលើជនឧក្រិដ្ឋហ្នឹង ហើយធានាថាយើងលែងជាជម្រករបស់ជនឧក្រិដ្ឋដែលអាចប្រើប្រាស់ប្រទេសយើង ដើម្បីចាប់ជំរិត ឬក៏លាងលុយតទៅទៀតទៅ គេនឹងមើលឃើញ ហើយយើងនឹងមិនធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៀតនោះទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ