«បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?» នេះជាប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានលើកឡើងជាថ្មីទៀតនៅចំពោះមុខទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ក្នុងពិធីប្រគល់និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានលើកឡើងនៅចំពោះមុខលោក វ៉ាង យី ក្នុងឱកាសធ្វើសន្និសីទកាសែតរួមគ្នា ដោយអះអាងថា ការអភិវឌ្ឍកម្ពុជាគ្រប់វិស័យមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនបានទេ ព្រោះគ្មានប្រទេសណាដែលជួយកម្ពុជាដូចប្រទេសចិននោះឡើយ។
លោក ប្រាក់ សុខុន ក៏មិនភ្លេចឡើយក្នុងការថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះការបន្ដជួយឧបត្ថម្ភដល់កម្ពុជាទៅតាមមាគា៌ផ្ទាល់របស់ខ្លួន និងបានផ្ដល់ជំនួយឧបត្ថម្ភខាងផ្នែកអភិវឌ្ឍន៍គ្រប់កាលៈទេសៈទាំងអស់។
សំណួរត្រង់ថា តើការអភិវឌ្ឍនៅកម្ពុជាគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ន ពិតជាសមិទ្ធផលរបស់ចិនតែមួយឬយ៉ាងណា? ហើយថាតើកម្ពុជាក្រៅពីចិន ពិតជាគ្មានប្រទេសណាផ្សេងអាចជួយពិតមែនដែរឬទេ?
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា សម្រាប់ជនផ្តាច់ការឬកុម្មុយនីស្ត តែងចូលចិត្តការសរសើរ ភាពបញ្ចើចបញ្ចើ បញ្ជោរគ្នាទៅវិញទៅមក គឺមិនចោលឡើយ។
សម្រាប់លោកបណ្ឌិត មើលឃើញថា ទំនាក់ទំនងរវាងកម្ពុជា-ចិននៅមិនទាន់បង្ហាញថា កម្ពុជាអាចរីកចម្រើនគ្រប់វិស័យនោះដែរ ត្បិតគ្រាន់តែវិស័យកសិកម្មមួយប៉ុណ្ណោះក៏កម្ពុជានៅជួបបញ្ហាប្រឈមជាច្រើន ពិសេសបញ្ហាទីផ្សារតែម្តង។
យ៉ាងណា លោកទទួលស្គាល់ថា ក្នុងរយៈពេលចុងក្រោយ ទំនាក់ទំនងជាមួយចិនក៏បានធ្វើឱ្យវិស័យមួយចំនួននៅកម្ពុជា មានការលូតលាស់ខ្លាំង ប៉ុន្តែក៏បង្កើតឱ្យមានវិសមភាពសង្គមកាន់តែខ្លាំងដែរ។
លោកបន្តថា៖ «មួយរយៈចុងក្រោយនេះ យើងទទួលស្គាល់ថា នៅពេលរដ្ឋាភិបាលមានទំនាក់ទំនងសហការជិតស្និទ្ធជាមួយចិនហ្នឹង។ យើងឃើញថាមានវិស័យខ្លះវាលូតឡើងខ្ពស់ ក៏ប៉ុន្តែអ្វីដែលខ្ញុំសង្កេតហ្នឹង គឺសង្កេតឃើញថា នៅពេលចិនចូលមក អ្នកមានជាសេដ្ឋីនៅកម្ពុជាកើតច្រើន ប៉ុន្តែអ្នកក្រហ្នឹងក៏ច្រើនដែរ ដោយសារអី? ដោយសារវិសមភាពសង្គម ដោយសារតែគម្លាតដែលធ្វើឱ្យមានភាពឃ្លាតគ្នាឆ្ងាយដាច់រវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា»។
លោកបណ្ឌិត សេង សារី បានធ្វើការប្រៀបធៀបរវាងជំនួយអភិវឌ្ឍន៍របស់ចិននិងរបស់ប្រទេសលោកសេរី ថាហាក់មានភាពផ្ទុយគ្នាស្រឡះ ដោយថា ជំនួយរបស់ចិននៅមិនទាន់មានភាពចាស់ទុំ ហើយជំនួយទាំងនោះក៏តែងបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស បង្កើតឱ្យមានការមិនពេញចិត្តពីសំណាក់ពលរដ្ឋមូលដ្ឋាន ខណៈជំនួយរបស់ប្រទេសលោកសេរី មានភាពចាស់ទុំក្នុងការអភិវឌ្ឍជាងចិន ត្បិតមានការចូលរួមពីគ្រប់ភាគី និងមានចីរភាពជាង ទោះបីជាមានភាពយឺតយ៉ាវជាងចិនក៏ពិតមែន។
ទោះបីជាបែបនេះក្តី លោកកត់សម្គាល់ថា ក្នុងរយៈពេលខ្លី ទំនាក់ទំនងជាមួយចិនបានធ្វើឱ្យកម្ពុជាមានសន្ទុះខ្លាំងលើផ្នែកសេដ្ឋកិច្ច ប៉ុន្តែរយៈពេលវែង កម្ពុជាក៏រងផលប៉ះពាល់ផងដែរ។
លោកមានប្រសាសន៍ថា៖ «ចុងក្រោយ ខ្ញុំមើលឃើញថា បើយើងមើលពីមុំសេដ្ឋកិច្ច យើងឃើញថា រយៈពេលខ្លី កម្ពុជាហាក់ដូចជាស្ទុះកើននៅក្នុងកំណើនសេដ្ឋកិច្ច ប៉ុន្តែនៅក្នុងរយៈពេលវែង យើងឃើញថា ក៏មានផលប៉ះពាល់ច្រើនដែរ។ បើយើងមើលតែក្រុងព្រះសីហនុមួយជាឧទាហរណ៍ យើងឃើញថា ឥលូវនេះ ពលរដ្ឋមានអារម្មណ៍ថាក្រុងព្រះសីហនុហ្នឹងលែងជាទឹកដីរបស់ខ្លួនទៅហើយ។ នៅពេលដែលខ្លួនចូលទៅដល់ទីក្រុងហ្នឹង មានអារម្មណ៍ថា ដូចជាយើងនៅប្រទេសផ្សេងអ៊ីចឹង ដែលវាធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណ ឬក៏បាត់បង់នូវភាពជាជាតិនិយមរបស់ពលរដ្ឋ»។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់៤ខែដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានកំណើនជិត២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ ០០០លានដុល្លារ។
ក្នុងរបាយការណ៍នោះបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបានប្រមាណ៤២៤លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣០០លានដុល្លារ។ ប៉ុន្តែសម្រាប់ទំហំពាណិជ្ជកម្មនាំចូលពីចិនមកកម្ពុជាវិញ មានចំនួនជាង២ ៥០០លានដុល្លារអាមេរិក គឺកើនឡើងជាង១៦%។
ដោយឡែក របាយការណ៍ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនៅដើមឆ្នាំ២០២១ បង្ហាញថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសចិន គិតជាទឹកប្រាក់សរុបជាង៨ ១០០លានដុល្លារអាមេរិក ធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំ២០១៩។ ដោយក្នុងនោះ កម្ពុជានាំចេញទៅចិន គិតជាទឹកប្រាក់មានជាង១ ០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈកម្ពុជានាំចូលពីចិនមកវិញ មានដល់ទៅជាង៧ ០០០លានដុល្លារ ពោលគឺខុសគ្នារហូតដល់៦ដង។
ដោយឡែក ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជិត៥ ០០០លានដុល្លារ (៤ ៩៣៨លានដុល្លារ) កើនឡើងជាង ៤០ភាគរយ (៤០,១៨%) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ប្រភពដដែលបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំទឹកប្រាក់ជាង៤ ៦៨៦លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ជាង២៥១លានដុល្លារប៉ុណ្ណោះ។
ចំណែកកាលពីឆ្នាំ២០២០វិញ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួនជាង៥ ០០០លានដុល្លារ (៥ ៥០៩លានដុល្លារ) ដោយក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកជាង៥ ០០០លានដុល្លារអាមេរិក (៥ ២៥៨លានដុល្លារ) ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ។
ទិន្នន័យនេះបង្ហាញថា អាមេរិកនៅតែជាទីផ្សារនាំចេញធំរបស់កម្ពុជា ខណៈកម្ពុជាដែលជាប្រទេសតូចនោះបានប្រែក្លាយទៅជាទីផ្សារធំនៃការនាំចូលរបស់ចិនទៅវិញ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក កម្ពុជាទទួលបានជំនួយអភិវឌ្ឍន៍និងភាពអនុគ្រោះជាច្រើន ពិសេសពីបណ្តាប្រទេសលោកសេរី។ ប៉ុន្តែក្រោយពេលស្ថានភាពនយោបាយនៅកម្ពុជាអាប់អួ គួបផ្សំទំនាក់ទំនងការបរទេសផ្លាស់ប្តូរនៅក្រោយឆ្នាំ២០១២ ទំនាក់ទំនងកម្ពុជា-ចិនក៏កាន់តែស្អិតល្មួត ហើយកម្ពុជាក៏ទទួលបានជំនួយច្រើនពីចិន ទាំងជំនួយឥតសំណង និងជំនួយមានសំណងឬប្រាក់កម្ចីផងដែរ។
បន្ថែមពីនេះ ក្រោយព្រឹត្តិការណ៍រំលាយបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេកាលពីឆ្នាំ២០១៧ កម្ពុជាក៏ចាប់ផ្តើមងាកទៅរកចិនកុម្មុយនីស្តកាន់តែខ្លាំង ដែលធ្វើឱ្យប្រទេសក្រីក្រមួយនេះបាត់បង់ឱកាសទទួលបានជំនួយឬភាពអនុគ្រោះពីប្រទេសលោកសេរីទៀតផង។
បើទោះបីជាកម្ពុជាទទួលបានជំនួយច្រើនពីចិនក្នុងរយៈពេលចុងក្រោយក៏ដោយ ប៉ុន្តែលោកបណ្ឌិត ប៉ា ចន្ទរឿន ប្រាប់ឱ្យអ្នកដឹកនាំត្រូវមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនិងជំនួយរបស់ចិន។
លោកមានប្រសាសន៍ថា៖ «ហើយជំនួយចិននេះ កម្ពុជាក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។ ទីមួយ គឺដោយសារតែរបៀបទម្រង់នៃការអភិវឌ្ឍរបស់ចិនក្នុងការផ្តល់ជំនួយនិងការអភិវឌ្ឍ រៀងខុសប្លែកពីបស្ចិមប្រទេសតិចដែរ។ ការអភិវឌ្ឍរបស់ចិនហ្នឹងមិនសូវជាផ្តោតទៅលើគណនេយ្យភាព តម្លាភាពនៅក្នុងការអភិវឌ្ឍប៉ុន្មានទេ។ ដូច្នេះ កម្ពុជាក៏ត្រូវប្រយ័ត្នប្រយែងរឿងហ្នឹង ធ្វើម៉េចកុំឱ្យការអភិវឌ្ឍហ្នឹងទៅជាការបង្កើតបញ្ហាថ្មី ដូចជាករណីការរំលោភបំពានដីធ្លី ឬក៏ការបំផ្លិចបំផ្លាញធនធានធម្មជាតិ»។
ក្រៅពីជំនួយចិនដែលត្រូវប្រុងប្រយ័ត្ន លោក ប៉ា ចន្ទរឿន ក៏ទាមទារឱ្យកម្ពុជាត្រូវប្រុងប្រយ័ត្នចំពោះប្រាក់បំណុលដែលជំពាក់ចិនផងដែរ។
លោកបន្ថែមថា៖ «ទី២ កម្ពុជាក៏ត្រូវប្រយ័ត្នដែរទាក់ទងទៅនឹងរឿងបំណុលជាមួយចិនហ្នឹង ធ្វើម៉េចកុំឱ្យកម្ពុជាហ្នឹងក្លាយទៅជាប្រទេសដែលមានចិនជាម្ចាស់បំណុលធំពេក ដែលធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានភាពពឹងពាក់ទៅលើចិនកាន់តែធំជាងមុន។ ហើយប្រទេសមួយចំនួនដែលសហការអភិវឌ្ឍជាមួយចិនហ្នឹង ក៏បានប្រឈមមុខក្រោយគម្រោងអភិវឌ្ឍន៍ដែរ ដូចជា ករណីកំពង់ផែទឹកជ្រៅនៅប្រទេសស្រីលង្កា និងគម្រោងមួយចំនួនទៀតនៅប្រទេសប៉ាគីស្ថានអីជាដើម។ នៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងចិនហ្នឹង ក៏ត្រូវពិនិត្យមើលពីជំហររបស់ខ្លួនដែរ។ កម្ពុជាធ្វើម៉េចកុំឱ្យបាត់ជំហរ ធ្វើឱ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាច គេមើលឃើញថា កម្ពុជាហ្នឹងផ្អៀងខ្លាំងទៅរកចិន ដែលធ្វើឱ្យបាត់បង់ទំនាក់ទំនងការទូត ទំនាក់ទំនងការបរទេស វាធ្វើឱ្យប៉ះពាល់ទៅដល់ភាពជាដៃគូក្នុងការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាទៅទីផ្សារដទៃទៀត ពិសេសសហគមន៍អឺរ៉ុបនិងអាមេរិកផងដែរ»។
ឯកសារសង្ខេបជាស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែកចាយកាលពីខែមករា ឆ្នាំ២០២១ បង្ហាញថា «បំណុលសាធារណៈក្រៅប្រទេស» ឬ បំណុលដែលកម្ពុជាជំពាក់បរទេស បានកើនឡើងជិត១០ ០០០លានដុល្លារអាមេរិក (៨ ៨៥៩លានដុល្លារ) គិតត្រឹមដំណាច់ឆ្នាំ២០២០។
ក្នុងចំណោមបណ្ដាប្រទេសដែលកម្ពុជាជំពាក់ គឺចិនជាម្ចាស់បំណុលធំជាងគេ ដែលមានអត្រារហូតដល់ ៤៥% ស្មើនឹងជិត៤ ០០០លានដុល្លារអាមេរិក។
ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល មានប្រសាសន៍ថា ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មកទល់ពេលបច្ចុប្បន្ន ប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួយកម្ពុជាកាត់បន្ថយភាពក្រីក្រ។
លើសពីនេះ លោកថា ប្រទេសទាំងនោះក៏បានជួយលើកកម្ពស់វិស័យអប់រំ វិស័យសុខាភិបាល អភិបាលកិច្ចល្អ ជាពិសេសលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យ តាមរយៈជំនួយមនុស្សធម៌ និងធ្វើជាដៃគូពាណិជ្ជកម្ម ដូចជា USAID ពីរដ្ឋាភិបាលអាមេរិក ការអនុគ្រោះពន្ធ GSP ពីរដ្ឋាភិបាលអាមេរិក ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបជា ដើម។
លោកបន្តថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនក៏បានវិនិយោគទុនចូលកម្ពុជាដែលមានកំណើនខ្ពស់ជាងគេ ទាំងផ្នែកពាណិជ្ជកម្ម និងភាពជិតស្និទ្ធលើដៃគូភូមិសាស្ត្រនយោបាយ។ ជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ មកទល់ពេលបច្ចុប្បន្ន គឺបានជួយកម្ពុជាស្ទើរគ្រប់វិស័យ។
លោកបន្តថា៖ «បញ្ហាចំពោះមុខ គឺមេដឹកនាំនយោបាយខ្មែរ ជាពិសេសគណបក្សកាន់អំណាច បាននិងកំពុងរំលោភលើស្មារតីដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ តាមរយៈការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរ ប្រព្រឹត្តអំពើពុករលួយ និងអំណាចប្រមូលផ្តុំ ដែលបានធ្វើឱ្យកម្ពុជាបាត់បង់អស់ឱកាសអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែល្អប្រសើរខ្ពស់»។
លោក ទូច វិបុល កត់សម្គាល់ថា ទំនាក់ទំនងជាមួយប្រទេសចិនមានសារៈសំខាន់។ ប្រទេសចិនបានផ្តល់ឱកាសដល់កម្ពុជាក្នុងការអភិវឌ្ឍខ្លួន ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយពីទំនាក់ទំនងជាមួយប្រទេសចិននេះ ទៅជាការពង្រឹងអំណាចផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ជាដើម។
យ៉ាងណា លោកថា កម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសចិន សហរដ្ឋអាមេរិកនិងប្រទេសលោកសេរីជុំវិញពិភពលោក ដើម្បីទទួលបានទីផ្សារទូលំទូលាយ ស្រូបយកការវិនិយោគទុនឱ្យបានកាន់តែច្រើន និងដើម្បីរក្សាគោលការណ៍អព្យាក្រឹត្យភាពរបស់កម្ពុជា។ លើសពីនេះ កម្ពុជាត្រូវតែពង្រឹងការអនុវត្តនីតិរដ្ឋ ដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីកម្ពុជាមានឱកាសពង្រឹងធនធានមនុស្សដែលជាសសរទ្រូងរបស់ជាតិ៕
អត្ថបទទាក់ទង
អ្នកឃ្លាំមើលថាជំនួបលោក ហ៊ុន ម៉ាណែត និងមន្ត្រីយោធាអាមេរិក ជាសញ្ញាវិជ្ជមាននៃដំណើរការប្រជាធិបតេយ្យ
អ្នកតាមដានសង្គមមួយចំនួនមើលឃើញថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយអនុព័ន្ធយោធាសហរដ្ឋអាមេរិក ជាសញ្ញាវិជ្ជមានមួយឈានទៅបើកលំហប្រជាធិបតេយ្យមុនការបោះឆ្នោតមកដល់។