វិភាគ៖ តើវិធានគ្រប់គ្រងជនបរទេសជាផ្នែកមួយជួយឱ្យកម្ពុជារើខ្លួនពីបញ្ជីខ្មៅជួញដូរមនុស្សឬទេ?

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

លំ​ហូរ​​ជន​​បរ​ទេស​ចូលមក​កម្ពុជា គឺជា​​​ស​ញ្ញា​​វិ​ជ្ជ​មា​នមួយ បើអ្ន​​កទាំង​នោះ​ជា​អ្នក​វិ​និយោ​គ​​​​សុចរិ​ត​ តែ​ជា​គ្រោះ​​ថ្នាក់​បើ​​​​ពួក​គេមា​នបំ​​ណ​​​​ង​យក​ក​ម្ពុជា​ធ្វើជា​កន្លែ​ងដើម្បីប្រព្រឹត្ត​បទឧ​​ក្រិ​ដ្ឋ ក្រោ​​​មរូបភា​ពបោ​កប​ញ្ឆោត ​​​​សន្យា​ផ្ដល់កា​រងា​រមា​នប្រា​​​​ក់​​​ឈ្នួលខ្ពស់។

​ជ្រុ​ងមួយ​នៃប​ញ្ហា​នេះ​ សហ​រដ្ឋអាមេរិ​ក​ កា​លពី​ថ្ងៃ​ទី២០​ ខែកក្ក​ដា ឆ្នាំ​២០២២​​  តា​មរ​យៈក្រ​សួ​ងការបរទេសរ​បស់​ខ្លួន ​​បាន​​​ដាក់កម្ពុជា​​​​​​ក្នុ​​​ងបញ្ជីខ្មៅនៃការ​​​ជួ​ញដូរម​នុស្ស​​​​។ អាមេរិក​ស​ម្អាង​​ថា វិធាននេះដោយសារខ្លួនរកឃើញថា ​​​កា​​រ​ជួញ​ដូរ​​ជ​នបរទេស​​​​ចូល​​មក​​​​ប្រ​​ទេ​​ស​​​កម្ពុជា​​កំពុ​​ង​​​មាន​ការ​​កើ​​នឡើង រួមទាំង​ការ​រំលោភ​​​បំ​ពាន​​ក្នុងវិស័យការងា​រ ហើយ​​ម​ន្ត្រី​​​​​មួ​​យ​​ចំនួនបាន​​ស​ម​​​​គំនិត​​​ក្នុង​​​ប្រតិ​​ប​ត្តិ​ការឆបោក​តាម​ប្រព័​ន្ធ​អ៊ីន​ធឺ​ណិ​ត

ក្រៅពីនេះ​​ អាមេរិក​ក៏​បា​ន​អំ​ពាវ​នា​វ​​ឱ្យរដ្ឋាភិបាល​​​កម្ពុជាបង្កើន​​កិច្ច​ខិត​​ខំ​ប្រឹ​ង​ប្រែ​ង​​​​​ក្នុងការ​​​​អនុវត្ត​ច្បាប់ ប្រឆាំ​ង​​នឹ​ង​ប​ទ​ឧក្រិដ្ឋ​ទាំងនោះ​​ រួ​មទាំង​​ប្រឆាំ​ង​​​ម​​ន្ត្រី​​​ដែ​ល​សម​​គំនិ​ត​ និងឧក្រិ​ដ្ឋកម្ម​ជួញដូ​រដែលពា​ក់ព័ន្ធ។

​ប៉ុន្មានថ្ងៃ​ក្រោយ​ពីកម្ពុជា​ធ្លាក់ក្នុ​ងចំណាត់ថ្នាក់​នេះ មន្ត្រី​ពាក់ព័ន្ធ​រ​ប​ស់រដ្ឋា​ភិ​បាលជា​ច្រើន​ មានទាំងគណៈកម្មា​​ធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំ​​ណា​​ងមន្ត្រីក្រសួងការងារ និងក្រសួងយុត្តិធម៌ បានបង្ហា​ញ​​​​ការភ្ញាក់ផ្អើលនិងខកចិត្ត ដោយសម្អាងខ្លួនបានប្រឹងប្រែងទប់ស្កាត់បញ្ហានេះជាហូរហែ

តែដោយឡែក រ​​ដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ​ លោក ស​ ខេង​ បា​ន​បង្ហា​ញការ​​តាំ​ង​ចិ​ត្ត​​បន្តស្វែ​ងរ​កមូ​លហេ​តុ​នៅ​ពីក្រោយ​ប​ញ្ហា​​នេះ​ ដើម្បី​ធ្វើកា​រកែ​ល​ម្អ​​ ​និងស​ន្តិសុខ​ប្រទេស​ ខណៈ​លោកបា​រម្ភ​ថា ចំណាត់ថ្នាក់​នេះអាច​ជាកា​រ​​​បើ​ក​ផ្លូវមួ​យ​​ឱ្យ​​​ក​ម្ពុជារង​នូវការដាក់​ទ​ណ្ឌ​ក​ម្ម​​។

ជា​ការកត់សម្គាល់ ​ក្នុងពិធីមួយនៅ​​អគ្គ​នា​​យកដ្ឋា​នអន្ដោ​ប្រវេស​ន៍ នា​ថ្ងៃទី៦ ​ខែ​សីហា​​ ​លោក​ ស ខេ​ង បា​ន​ក្រើ​ន​រំឭកមន្ត្រីឱ្យព​ង្រឹងវិធា​ន​ការ​គ្រប់គ្រង​ជ​ន​អន្តោ​ប្រ​វេ​សន្ត។

លោកថា៖ «ត្រូវ​មាន​​វិធា​នការម៉ឺង​ម៉ាត់ជាប់ជាប្រចាំ ហើយមិនទុកឱ្យ​មានអ្នកដែលលួច​ចូលមករស់នៅ​មិនស្រ​ប​ច្បា​ប់នៅកម្ពុជា​យើងឡើយ ​[…] អ៊ី​ចឹងយើងសន្មតថា អ្នកដែលចូលមកគ្មា​​នក្រដាសស្នាម គឺខុសច្បាប់។ បើខុសច្បាប់ យើងត្រូវចាប់បណ្ដេញចេញតាមច្បាប់កម្ពុជា អ៊ីចឹងមិនត្រូវគប់គិ​ត​ជាមួយអន្តោប្រ​វេសន៍ខុសច្បាប់ទាំងអស់នោះទេ »។

​បន្ថែម​​ពីនេះ កាល​​ពី​ថ្ងៃទី​២៦ ខែ​សី​ហា​ ​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បា​ន​បង្ហា​ញរបាយ​ការណ៍​ទប់​​ស្កាត់កា​រ​ជួញដូរ​មនុស្ស​ ​​​រយៈពេល​​៨ខែ ឆ្នាំ២០២២ ក្នុងនោះ​​សមត្ថកិច្ច​​បានជួយ​សង្គ្រោះ​ជនបរទេស​ដែលជា​ជន​រងគ្រោះដោយអំពើ​ជួញដូរ និង​រត់ពន្ធមនុស្ស​បាន​៨៦៥នាក់ និងបញ្ជូនជនសង្ស័យចំនួន​៦០នាក់ទៅតុលា​ការ ដើម្បីផ្តន្ទា​ទោស។

ក្រៅពីនេះ នៅថ្ងៃទី២៩ ខែសីហា ក្រសួងមហាផ្ទៃបានចេញលិខិតជូនដំណឹងមួយ ដោយ​លើកឡើង​ថា បើ​ទោះ​បី​ក្រសួង​​​​ធ្លាប់​បាន​ជូន​ដំ​ណឹង​ពី​ការ​អនុវត្ត​តាម​ច្បាប់ស្តីពីអន្តោប្រវេសន៍ ប្រកាសឱ្យប្រើឆ្នាំ១៩៩៤ និងក្រសួង​បានចេញបណ្ណ​​​​ស្នាក់នៅអចិន្ត្រៃយ៍ជូនជនបរទេសអន្តោប្រវេសន្ត សម្រាប់បម្រើជីវភាពប្រចាំថ្ងៃក្តី តែថា ក្រសួង​ស្ថាប័ន មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនខ្លះ មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​នេះនៅឡើយ។

ក្នុងន័យនេះ អគ្គនាយករង ​និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន ប្រាប់VODនៅថ្ងៃពុធនេះ​ថា លិខិតរបស់ក្រសួងមិនមែនសំដៅដល់ជនបរទេសអន្តោប្រវេសន្ត ដែល​មិនបានមកដាក់ពាក្យសុំបណ្ណស្នាក់នៅអចិន្រ្តៃយ៍នៅកម្ពុជា​នោះទេ។ ប៉ុន្តែលោកថា ក្រសួងមានគោល​បំណងជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ការប្រើប្រាស់បណ្ណស្នាក់នៅអចិន្រ្តៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្ត និងជួ​យ​បង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។

លោ​កបញ្ជាក់ថា៖ «ឧទាហរណ៍ ប្រើប្រាស់ដើម្បីស្នើសុំបណ្ណបើកបរ បើកគណនីធនាគារ អាចប្រើបាស់ជា​បណ្ណ​សម្គាល់អត្តសញ្ញាណបាន។ ដោយឡែក បើយកបណ្ណនេះទៅទិញផ្ទះជាន់ផ្ទាល់ដី មិនអាចប្រើបានទេ ព្រោះ​គាត់ជាជនបរទេស តែបើទិញខុនដូ[គឺ]បាន»។

លោកបន្ថែមថា​ គិតត្រឹមថ្ងៃបិទឱសានវាទ​យុទ្ធនាការជំរឿនវាយតម្លៃជនបរទេសអន្តោប្រវេសន្ត កាលពីខែមិថុនា ឆ្នាំ២០១៩ គឺមានជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា​​ជិត៩ម៉ឺននាក់ (៨៩ ៧៨៦នាក់​) មាន១១សញ្ជាតិ។

សំណួរនៅត្រង់ថា តើវិធានគ្រប់គ្រងជនបរទេសជាផ្នែកមួយជួយ​ឱ្យកម្ពុជារើខ្លួនពីបញ្ជីខ្មៅជួញដូរមនុស្សឬទេ?

អ្នកវិភាគសង្គម លោក គឹម សុខ មើលឃើញថា វិធានការរបស់ក្រសួងមហាផ្ទៃ មួយរយៈចុងក្រោយនេះ អាច​ជាបំណងរើខ្លួនពីបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក និងចង់ស្តារមុខមាត់រដ្ឋាភិបាលខ្លះដែរ។ ប៉ុន្តែ​លោកថា វិធាន​នេះទំនង​ជា​ការ​លំបាក​ក្នុងការរើខ្លួនពីបញ្ជីខ្មៅ បើប្រតិបត្តិការទប់ស្កាត់ពេលនេះមិនឈានទៅលុប​បំបា​ត់បទល្មើសជាច្រើនទៀត។

លោកថា៖ «ស្ថានភាពរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទំនងជាត្រូវបានគេវាយតម្លៃថា លង់ជ្រៅ […] មិ​ន​ត្រឹ​​មតែមានការជួញដូរមនុស្សទេ ប៉ុន្តែមានទាំងគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង និងការលាងលុយកខ្វក់​ពេ​​​​ញ​បន្ទុក ដែលរឿងទាំងអស់នេះអាចត្រូវបានគេមើលឃើញថាជាចំណែកដ៏ធំនៃច្រកប្រមូលលុយដើម្បីចិញ្ចឹ​​ម​​ផែនការផ្ទេរ​អំណាចពី​លោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ទៅហើយ»។

នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា​ លោក ប៉ិច ពិសី យល់ថា ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន ជា​ការ​ចំាបាច់ណាស់ ដែល​កម្ពុជាត្រូវពង្រឹងវិធានការគ្រប់គ្រងជនអន្តោប្រវេសន្តឱ្យមានតម្លាភាព និង​​ប្រកបដោយការទទួល​ខុសត្រូវខ្ពស់ ក្នុង​ប្រទេសដែលមានឯករាជ្យភាពនិងបូរណភាពទឹកដី។

មួយវិញទៀត លោកថា វិធានការទប់ស្កាត់បទឧក្រិដ្ឋជួញដូរមនុស្សជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដើម្បីរើ​ខ្លួន​ចេញពីបញ្ជីខ្មៅផង និងដើម្បីបង្ហាញថាកម្ពុជាបានបំពេញកាត​ព្វ​កិ​ច្ច​​ក្នុងនាម​ជាប្រទេស​សមាជិក​​របស់​អង្គ​ការ​សហប្រជាជាតិ​ ដែលខ្លួន​បាន​ផ្តល់​​សច្ចា​​ប័ន រួមទាំង​​ក្របខណ្ឌតំបន់។

លោក ពិសី យល់​ថា ដើម្បី​រើ​ខ្លួន​ពីបញ្ជីខ្មៅនៃការជួញដូរមនុស្សបាន កម្ពុជា​ត្រូវការ​ឆន្ទៈនយោបាយខ្ពស់ ទប់​ស្កាត់បញ្ហាចម្បង៣ ដែលទី១ រដ្ឋត្រូវ​ប្រាកដថា ច្បាប់អាច​ដាក់​ទោស​ឧក្រិដ្ឋជន​បាន​ទាំង​នៅ​ក្នុង​ប្រ​ទេ​​​​សនិងតំបន់ មិនត្រូវទុក​ឱ្យអំពើពុករលួយ​ក្លាយ​ជាឧបសគ្គនៃការអនុវត្តច្បាប់ រួម​ទាំង​ត្រូវ​រៀបចំ​យន្ត​ការ​បង្ក្រា​​​​បជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាព។

លោ​កថា៖ «បទល្មើសជួញដូរមនុស្ស​ ទាល់តែយើង[រដ្ឋ]ពិនិត្យមើលការប្រទាក់ក្រឡាគ្នា រវាងប​​​ទ​ឧក្រិដ្ឋដទៃទៀត ហើយក្នុងនោះមានទាំងការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការលាងលុយកខ្វ​ក់​[​​លុយ​ខុស​ច្បាប់] ការបង្កើតគម្រោងបោកប្រាស់ផ្សេងៗតាមរយៈការវិនិយោគ អីជាដើមហ្នឹង គឺមានការជា​ប់ពា​ក់ព័ន្ធគ្នាណាស់។ អ៊ីចឹងទាមទារឱ្យរដ្ឋជាសមាជិកហ្នឹងមានសមត្ថភាពខ្ពស់ ដើម្បីឈានទៅដល់ចាប់ជ​​​ន​សង្ស័យ ឬក្រុមដែលពាក់ព័ន្ធនេះ»។

យ៉ាងណា កម្ពុជាក្រៅពីធ្លាក់ក្នុង​បញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក កម្ពុជា​ក៏កំពុងជាប់ក្នុងបញ្ជីឃ្លាំមើលនៃការលាងលុយខុសច្បាប់​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ផង​ដែរ ខណៈបរិបទនយោបាយបាត់​បង់​ប្រព័ន្ធ​ត្រួតពិនិត្យអំណាច ឬរំលាយគណបក្សប្រឆាំង​ចេញពីឆាកនយោបាយជិត៥ឆ្នាំមកនេះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការផ្តល់លិខិតស្នាក់នៅ​អ​ចិ​​ន្ត្រៃយ៍ដល់ជនបរទេសដែលមានប្រទេសជាប់ព្រំដែនគ្នា ជាក្តីបារម្ភ​ពីភាពប្រទា​ក់​​ក្រ​ឡាគ្នា បើមានបទល្មើសឆ្លងដែនកើតឡើង។

បន្ថែមពីនេះ លោកមើលឃើញថា យន្តការនៃការគ្រប់គ្រង​ជនអន្តោប្រវេសន្តរបស់រដ្ឋាភិបាលស្ថិតក្នុងភាពស្មុគស្មាញនៅឡើយ ស្របពេលដែលជនជាតិចិនខ្លះមករកស៊ីនៅស្រុកខ្មែរ ត្រូវបានសមត្ថកិច្ចរកឃើញថាជា​ប់ពា​ក់ព័ន្ធបទល្មើសចាប់ជំរិត និងជួញដូរមនុស្សនោះ។

តែយ៉ាងណា លោកថា៖ «ការអនុវត្តប្រឆាំងនឹងបទល្មើសដែលបង្កឡើងដោយជនអន្តោប្រវេសន្ត​ ក៏គួរតែស្តង់ដារមួយ ដែ​ល​​យើងចង់ឃើញការអនុវត្តនេះឆ្លើយតបទៅនឹងការរក្សាបាននូវសុខសុវត្ថិភាពប្រទេសរបស់យើង»។

ទោះជាយ៉ាងណា លោក គឹម សុខ យល់ឃើញថា ដើមចមដែលកម្ពុជារអិលធ្លាក់ចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងជាប់ចំណាត់ថ្នាក់ជាប្រទេសឃ្លាំមើលការលាងលុយខុសច្បាប់ បណ្តាលម​កពីរបត់នយោបាយបានកម្ទេចប្រព័ន្ធប្រជាធិបតេយ្យ ជា​ពិសេសប្រព័ន្ធត្រួតពិនិត្យ​អំណាច តាម​រយៈការ​រំលា​យគណបក្សប្រឆាំងដែលជាយន្តការតាមដានការអនុវត្តច្បាប់។

លោកថា៖ «ដូច្នេះ ទាល់តែរដ្ឋាភិបាលលោក ហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ ផ្តល់សិទ្ធិប្រកួតប្រជែងដល់គូប្រកួតនយោបាយឡើងវិញ ជាពិសេសនៅមុនការបោះឆ្នោតឆ្នាំ២០១៣ ទើបចាប់ផ្តើមចំណុចត្រឹមត្រូវនៃដំណោះស្រាយ ហើយនៅពេលដែលមានរដ្ឋសភាមានតុល្យភាពអំណាច ដែលគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាមានឥទ្ធិពលក្នុងការត្រួតពិនិត្យប្រតិបត្តិការការងាររបស់រដ្ឋាភិបាល ពេលនោះខ្ញុំគិតថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិក្តី ពួកគេនឹងផ្តល់ការអនុគ្រោះ ហើយនឹងជឿជាក់លើរដ្ឋាភិបាល​ឡើងវិញគួរសមហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ