វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ជិត២ខែមកនេះ ហាក់បានក្លាយជាប្រធានបទមួយឆ្លុះបញ្ចាំងពីបញ្ហាសង្គមច្រើនទៀត ក្នុងរយៈពេលជាង៤ឆ្នាំនៃអាណត្តិទី៦នេះ ដែលសមាជិកសភាបន្តរក្សាភាពស្ងៀមស្ងាត់ មិនកោះអញ្ជើញមន្ត្រីពាក់ព័ន្ធមកសួរដេញដោល ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
បុគ្គលិកណាហ្គាវើលដ៍បានធ្វើកូដកម្ម ដើម្បីជំរុញលក្ខខណ្ឌការងារ ក្រោយពីថៅកែបញ្ឈប់ពួកគេជាង១ ៣០០នាក់ពីការងារ។
ជាការកត់សម្គាល់ ការប្រមូលផ្ដុំតវ៉ាដោយសន្តិវិធីនេះបានធ្វើឡើងនៅក្បែរមន្ទីររដ្ឋសភា ក្នុងរាជធានីភ្នំពេញ រយៈពេលជាង៥០ថ្ងៃមកហើយ មិនឃើញតំណាងរាស្ត្រណាម្នាក់ចេញមកជួបកូដករដើម្បីស្វែងយល់ពីបញ្ហានេះទេ ក្រៅពីវត្តមានកងកម្លាំងចម្រុះ រហូតមានការចាប់ឃុំខ្លួនមេដឹកនាំសហជីពជាង១០នាក់ ខណៈ៨នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។

ជ្រុងមួយទៀតនៃបញ្ហាសង្គមដែលសភារក្សាភាពស្ងៀមស្ងាត់ដូចគ្នាដែរនោះ គឺការនាំចូលដោយស្របច្បាប់នូវសារធាតុគីមីផ្សំគ្រឿងញៀនទម្ងន់ជាង១០០តោន ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងជាសាធារណៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ការលួចប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដឹកចេញតាមសមុទ្រយ៉ាងស្ងៀមស្ងាត់ពីកម្ពុជា ដែលអាជ្ញាធរឥណ្ឌូនេស៊ីចាប់បាននៅដែនសមុទ្ររបស់គេ អំឡុងខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន ស្ថាប័នរដ្ឋមិនទាន់នាំប្រេងឆៅទាំងនោះត្រលប់មកកម្ពុជាវិញនៅឡើយទេ។
ជ្រុងមួយនៃបញ្ហាដីធ្លីក្នុងអាណត្តិទី៦នេះវិញ កម្មករសំណង់ លោក ពៅ សារ័ត្ន អាយុ២៨ឆ្នាំ បានរងរបួសដោយគ្រាប់កាំភ្លើងត្រង់ស្មា បន្ទាប់ពីកងរាជអាវុធហត្ថ និងយោធាប្រមាណជា១០០នាក់ នៅខេត្តព្រះសីហនុ បានប្រើប្រាស់អាវុធបាញ់ប្រហារទៅលើអ្នកមានជម្លោះដីធ្លី នៅឃុំបិតត្រាំង ខេត្តនេះ អំឡុងឆ្នាំ២០១៩ ពេលចុះអនុវត្តសាលដីកាតុលាការកំពូល ពាក់ព័ន្ធជម្លោះដីធ្លីជាមួយពលរដ្ឋ៩គ្រួសារនៅតំបន់នោះ ។
ករណីដូចគ្នានេះដែរ គឺការបាញ់កសិករតវ៉ាដីធ្លី លោក មុំ ចន្ថា អាយុ៥៦ឆ្នាំ ឱ្យរងរបួសធ្លាយស្មាខាងឆ្វេងពីសំណាក់យោធា ក្នុងជម្លោះដីធ្លីនៅភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល នាខែមិថុនា ឆ្នាំ២០២១ ។
ចំណែកព្រឹត្តិការណ៍បាក់អគារសង្កត់កម្មករស្លាប់នៅខេត្តព្រះសីហនុ និងខេត្តកែប ជាដើម ដែលបញ្ហាទាំងអស់នោះ រដ្ឋសភាមិនបានកោះអញ្ជើញមន្ត្រីរដ្ឋាភិបាលក្នុងវិស័យពាក់ព័ន្ធដែលទទួលខុសត្រូវ មកសួរដេញដោលដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោតនោះទេ ដែលការណ៍នេះបង្កើតជាចម្ងល់ថា តើរដ្ឋសភាមានតួនាទីជំរុញតម្លាភាពសង្គមដែរឬទេ?
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល និងជាអង្គការឃ្លាំមើលដំណើរការសភា លោក កន សាវាង្ស មានប្រសាសន៍ថា ការកោះអញ្ជើញមន្ត្រីពាក់ព័ន្ធមកសួរដេញដោលក្នុងសភាជាកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រ ដើម្បីជំរុញតម្លាភាពសង្គម និងបង្ហាញពីទំនួលខុសត្រូវចំពោះម្ចាស់ឆ្នោត។
ប៉ុន្តែលោកកត់សម្គាល់ថា ភាពជាប់គាំងយន្តការនេះអាចមកពីពួកគេខ្លាចបាត់បង់អំណាច ព្រោះប្រព័ន្ធជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាបានផ្ដល់អំណាចឱ្យទៅមេបក្សអាចដកតំណែងតំណាងរាស្ត្របានគ្រប់ពេល បើពួកគេចេញពីគន្លងរបស់បក្ស។
លោកថា៖ «តំណាងរាស្ត្រដែលកើតមកហ្នឹង គឺកើតចេញពីបក្សចាត់តាំងៗបែបម៉េច គឺដោយសារតែការជ្រើសរើសដែលប្រជាពលរដ្ឋបោះឆ្នោតនេះ គឺជ្រើសរើសបក្សនយោបាយទេ ហើយសមាជិកហ្នឹងគឺកើតចេញពីបក្សដែលកំណត់បញ្ជីឈ្មោះមក អ៊ីចឹងទៅបានអំណាចដែលធំជាងគេគឺអំណាចបក្ស ដែលនេះជារឿងមួយដែលយើងមើលឃើញថា ជាចំណុចដែលពិបាកក្នុងការបំពេញតួនាទីរបស់តំណាងរាស្ត្រហ្នឹង»។
យ៉ាងណា លោក កន សាវាង្ស បារម្ភថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ សិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថាពលរដ្ឋជាម្ចាស់ប្រទេសនោះ នឹងត្រូវបានគេរំលោភបំពានរហូត ព្រោះដោយហេតុថា អំណាចនៅលើតែអ្នកនយោបាយ។
លោកថា៖ «បើសិនជាចង់រុញតំណាងរាស្រ្តឱ្យគាត់មានអំណាច គាត់អាចបំពេញតួនាទី ហើយជាតំណាងរាស្ត្រមួយមានគុណភាពត្រឹមត្រូវ ទាល់តែធ្វើការកែសម្រួល អាចថាប្រព័ន្ធបោះឆ្នោតយើងជាប្រព័ន្ធបោះឆ្នោតចម្រុះ ឬក៏ប្រព័ន្ធឯកត្តនាម បើយើងមិនធ្វើអ៊ីចឹងទេ គាត់មិនអាចបំពេញតួនាទីបានពេញលេញ។ អ៊ីចឹងអានេះដែលយើងត្រូវពិនិត្យមើលប្រព័ន្ធបោះឆ្នោតហ្នឹងឡើងវិញ»។

យ៉ាងនេះក្ដី បើតាមលោក កន សាវាង្ស ជិតមួយអាណត្តិទី៦នេះ រដ្ឋសភាបានកោះហៅមន្ត្រីរដ្ឋាភិបាលមកសាកសួរតែម្ដងគត់ គឺអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា អំឡុងឆ្នាំ២០១៩។ ប៉ុន្តែលោកថា ការសួរនៅពេលនោះ សភាសួរផ្ដោតទៅលើតែផែនការនិងសកម្មភាពរបស់ក្រសួង ដោយមិនបានសួរដេញដោលពីឯករាជ្យភាពរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដែលរងការរិះគន់នោះទេ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការបន្តរក្សាភាពស្ងាត់ស្ងៀមរបស់សភា ក៏ដូចជាតំណាងរាស្ត្រ ក្នុងការជំរុញតម្លាភាពសង្គមនេះ អាចមកពីស្ថាប័ននីតិប្បញ្ញត្តិ (សភា) ស្ថិតក្រោមឥទ្ធិពលអំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ហើយសមាជិកសភាសុទ្ធសឹងជាសមាជិកមកពីគណបក្សឈ្នះឆ្នោត ដោយឡែកប្រធានបក្សឈ្នះឆ្នោតជានាយករដ្ឋមន្ត្រី។
លោក ឯម សុវណ្ណរ៉ា យល់ថា ប្រព័ន្ធបែបនេះ យន្តការសភាមិនអាចការពារប្រយោជន៍ម្ចាស់ឆ្នោតទេ តែបានការពារប្រយោជន៍បក្សនយោបាយច្រើនជាង ដែលការណ៍នេះ លោកថា បញ្ហារបស់ពលរដ្ឋ រួមទាំងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ផងនោះ ទាល់តែមានភ្លើងខៀវពីនាយករដ្ឋមន្ត្រី ទើបសភាហ៊ានចេញមុខអន្តរាគមន៍។
យ៉ាងណា លោកមើលឃើញថា បញ្ហានេះមកពីកត្តាធំពីរ គឺតំណាងរាស្រ្តត្រូវបានគេចងដោយច្បាប់មិនឱ្យងាកចេញពីគោលការណ៍បក្ស និងមួយទៀតការបង្កើតក្បាលម៉ាស៊ីនសភាជាការបន្លំភ្នែកក្រោមស្លាកប្រជាធិបតេយ្យ។
លោកថា៖ «ការដើរតួនាទីគាត់ [សភា] វាគ្រាន់តែសម្ដែងទេ យើងនិយាយមែនទែន ឱ្យគេមើលឃើញថាសភាហ្នឹងវាប្រឈមអំណាចជាមួយរដ្ឋាភិបាល តាមពិតគ្មានអីទៅប្រឈមកើតទេ។ ហើយមួយទៀត បើយើងមើលទៅ ធ្វើឱ្យមហាជនមើល ឬក៏អន្តរជាតិចាប់អារម្មណ៍ ឱ្យតម្លៃទៅលើនីតិប្បញ្ញតិហ្នឹង។ អ៊ីចឹងយន្តការហ្នឹងគ្រាន់តែឱ្យគេថា ទិដ្ឋភាពប្រជាធិបតេយ្យនៅកម្ពុជាហាក់ដូចជាដើរដូចប្រទេសផ្សេងៗ តាមពិតវាមិនមានយន្តការហ្នឹងអីឱ្យគួរឱ្យចាប់អារម្មណ៍នោះទេ។ នេះជាទស្សនៈខ្ញុំ»។
បញ្ហានេះ លោក ឯម សុវណ្ណរ៉ា ដាក់ការព្រួយបារម្ភថា ភាពផុយស្រួយនៃការបែកបាក់ជាតិ វានឹងអាចកើតឡើងនៅពេលខាងមុខ បើគ្មានការធ្វើកំណែទម្រង់ទាន់ពេលទេនោះ។
លោកថា៖ «បើសិនគាត់អត់ឯករាជ្យភាពផង គាត់ទៅរើសសមាជិក ឬប្រព័ន្ធតុលាការឯករាជ្យយ៉ាងម៉េច? ហើយបើតុលាការមិនឯករាជ្យ មិនអាចរកយុត្តិធម៌ជូនសង្គមជាតិហ្នឹងបានទេ។ ហើយបើកាលណាសង្គមគ្មានយុត្តិធម៌ គ្មានសមធម៌ទេ វានឹងអាចឈានទៅរកការបែកបាក់ផុយស្រួយនៅថ្ងៃណាមួយមិនខានទេ»។
មាត្រា១៣៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា៖ «សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ក្នុងករណីសាម៉ីខ្លួនត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។ សាម៉ីខ្លួនបាត់បង់សជិកភាពពីគណបក្សនយោបាយរបស់ខ្លួន»។
នាយករងទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តំណាងរាស្ត្រជាតំណាងពលរដ្ឋទូទាំងប្រទេស ទោះពួកគេចេញពីបក្សណាក៏ដោយ។ លោកបញ្ជាក់ថា សភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញតម្លាភាពសង្គម បើពួកគាត់បានបំពេញតួនាទីតបតាមរដ្ឋធម្មនុញ្ញ។
ប៉ុន្តែលោកថា បញ្ហាជាច្រើនដែលបានកើតឡើងក្នុងអាណត្តិនេះ ហើយមានការខកខានកោះហៅមន្ត្រីនយោបាយមកសួរដេញដោល អាចមកពីក្បាលម៉ាស៊ីនដឹកនាំរដ្ឋបានបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច ឬគ្មានពហុបក្ស ដែលការណ៍នេះ លោកថា បើគ្មានអ្វីកែលម្អទេ តំណាងរាស្ត្រក្នុងអាណត្តិនេះខ្វះការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត។
លោកថា៖ «រាស្ត្រផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឱ្យធ្វើជាតំណាង ហើយតំណាងបានន័យថាជាអ្នកការពារផលប្រយោជន៍របស់រាស្ត្រ ជាការស្វែងរកដំណោះស្រាយសម្រាប់រាស្ត្រ សម្រាប់ប្រទេសជាតិ។ អ៊ីចឹងបើតំណាងមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានពេញលេញទេ ដូចជាមិនបានតបស្នងពេញលេញទៅម្ចាស់ឆ្នោត»។
មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញចែងថា៖ «គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធវិស័យទទួលខុសត្រូវរបស់ខ្លួន»។
មាត្រា៩៨ថ្មីវិញ ចែងថា៖ «រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល»៕